របៀបដឹកនាំដ៏តឹងរឹងរបស់សេដ្ឋី Elon Musk ទាំង៣នេះ ដែលបុគ្គលិកនៅ Tesla ខ្លាចបំផុត
Ping Chou EngFEBRUARY 21 2024340 views

ម៉ោងលេង ដឹងលេង ម៉ោងធ្វើការ ដឹងធ្វើការ។ ក្រៅពីមានស្នាមញញឹម និងពាក្យលេងសើចច្រើននៅលើបណ្តាញសង្គម មហាសេដ្ឋីអាមេរិក លោក Elon Musk ក៏ជាអ្នកដឹកនាំដ៏ម៉ឺងមាត់ និងគួរឱ្យខ្លាចមួយរូបផងដែរ សម្រាប់បុគ្គលិករបស់ខ្លួន ជាពិសេសបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនផលិតឡាន Tesla តែម្តង។ 

 

. មិនប្រជុំបើមិនបន្ទាន់

 

លោក Elon Musk យល់ថាការប្រជុំទ្រង់ទ្រាយធំ ធ្វើឲ្យខាតបង់ពេលវេលារបស់មនុស្សដោយលោកធ្លាប់បានសរសេរ Email មួយកាលពីឆ្នាំ២០១៨ ​ថា “ការប្រជុំច្រើនហួសហេតុ និងការប្រជុំដែលមានលក្ខណៈទ្រង់ទ្រាយធំ គឺជាបញ្ហារបស់ក្រុមហ៊ុនធំៗ ការប្រជុំគួរតែមិនញឹកញាប់ទេ លុះត្រាតែមានរឿងបន្ទាន់"។ ជាក់ស្តែងសូម្បីតែលោក Jeff Bezos ក៏ធ្លាប់លើកឡើងដែរថាការប្រជុំដែលមានមនុស្សលើសពីចំនួនសម្រាប់ Pizza ១ប្រអប់ វាជារឿងដែលខ្ជះខ្ចាយខ្លាំងណាស់។

 

. ធ្វើការមិនចាំបាច់តាមរចនាសម្ព័ន្តពេកទេ

 

ការងារខ្លះនៅក្នុងក្រុមហ៊ុនរបស់ Telsa មិនចាំបាច់ត្រូវមានលក្ខណៈរដ្ឋបាលពេកដោយត្រូវរង់ចាំពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដើម្បីធ្វើសេចក្តីសម្រេចលើការងារអ្វីមួយ ដែលមានលទ្ធផលតិចនោះឡើយ​ តែត្រូវតែខ្លាំងលើការងារអ្វីដែលគេកំពុងអនុវត្ត ហើយបើអ្នកគ្រប់គ្រងរូបណាដែលគាត់រកឃើញថាមិនចេះបង្រួមសង្វាក់ការងារទេ គាត់នឹងដេញចោលតែម្តង។

 

នៅក្នុងលិខិតផ្ទៃក្នុងមួយលោកបានលើកឡើងថា៖ “ប្រសិនបើអ្នកត្រូវការទាក់ទងជាមួយនរណាម្នាក់ សូមធ្វើទំនាក់ទំនងដោយផ្ទាល់​ ប្រភពសំខាន់នៃបញ្ហាគឺទំនាក់ទំនងរវាងភាគីការងារណាមួយមិនល្អហើយ ធ្វើឱ្យព័ត៌មានទម្រាំតែដល់ដៃម​នុស្សដែលចង់ផ្តល់ឱ្យវាអាចនឹងកែប្រែ ដូច្នេះមធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ គឺត្រូវ​អនុញ្ញាត​ឱ្យ​មាន​លំហូរ​ទំនាក់ទំនង ​ដោយ​សេរី​រវាង​គ្រប់​កម្រិតទាំងអស់ ពីលើទៅក្រោមនិងពីក្រោមទៅលើ”។

 

. គោលការណ៍បិសាច

 

សម្រាប់ Elon តែងតែ​ប្រកាន់ខ្ជាប់នូវគោលការណ៍បុគ្គលិកត្រូវតែធ្វើការងារឱ្យខ្លាំងក្លា ដោយទី១គាត់រំពឹងថានឹងបុគ្គលិកនឹងធ្វើការបានចន្លោះពី៦០-៨០ម៉ោង ក្នុងមួយសប្តាហ៍។ ទី២បុគ្គលិកត្រូវតែមិនពឹងផ្អែកខ្លាំងលើបរិស្ថានការងារទេ កន្លែងណាក៏ត្រូវតែមានផលិតភាពការងារដែរ, ទី៣ ត្រូវមានភាពច្នៃប្រឌិតឱ្យលឿនបំផុត និងតាមកាលកំណត់ ប្រសិនបើយឺតយ៉ាវនឹងមិនអាចធ្វើការនៅ Tesla បានឡើយព្រោះក្រុមហ៊ុនត្រូវការនាវានុវត្តន៍រហ័ស។

 

ចំណែកទី៤ Elon គឺជាមនុស្សដែលផ្តោតលើលទ្ធផលខ្លាំងបំផុត ជាបុគ្គលិកត្រូវធ្វើការដូចឱ្យបានគ្រប់គោលដៅដែលគាត់កំណត់ឱ្យ។​ ទី៥ រាល់បុគ្គលិកនៅ Tesla ទាំងអស់ត្រូវតែមានម្ចាស់ការទំនួលខុសត្រូវធំៗលើរាល់ការសម្រេចចិត្តនានា និងត្រូវតែមានជំនាញខ្ពស់ក្នុងការដោះស្រាយបញ្ហា។ ចុងក្រោយបុគ្គលិកនៅ Tesla ត្រូវតែមានរបៀបទំនាក់ទំនង ហើយដែលជាមនុស្សពូកែពន្យល់គំនិតដ៏ស្មុគស្មាញ ជាភាសាសាមញ្ញឱ្យមានលក្ខណៈងាយយល់ និងចំំគោលដៅ។

 

តាមរយៈរបៀបដឹកនាំដែលមានភាពតឹងរឹងនេះ បានបង្ហាញថាមហាសេដ្ឋី Elon Musk មិនមែនជាអ្នកដឹកនាំដែលគាំទ្រគោលការណ៍កិច្ចប្រជុំ ការងាររដ្ឋបាលសុាំញុាំ តាមឋានានុក្រម ឬប្រព័ន្ធណាមួយដែលរារាំងដល់ការទំនាក់ទំនងភ្លាមៗនោះទេ។ គាត់ចូលចិត្តមនុស្សអនុវត្តច្រើន ចំពោះកិច្ចការដែលនៅនឹងដៃ​ នឹងនៅចំពោះមុខ ហើយ​ប្រសិន​បើ​បុគ្គលិក​ណាមិន​បាន​បំពេញ​ការងារតាម​ការ​រំពឹង​ទុក​របស់​គាត់ គាត់​អាច​ជា​មេ​ឃោរឃៅនិងគ្មានមេត្តាបំផុតមួយរូប៕

 

 

អត្ថបទដោយ៖ ពីង​ ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia