ថ្មពិលមួយគ្រាប់ ដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍ អាចបង្កផលប៉ះពាល់លើសលប់ដល់បរិស្ថាន បំផ្លាញទឹក បំពុលដី កង្វក់ខ្យល់ ថែមទាំងគំរាមកំហែងដល់គ្រប់ភាវរស់ទាំងអស់ និងមានហានិភ័យខ្ពស់ចំពោះសុខភាពមនុស្ស។
ជាក់ស្តែងថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក លាន សុខជា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន EcoBatt-Energy Cambodia បានលើកឡើងយ៉ាងដូច្នេះថា៖ «ត្រូវទុកសំណល់ថ្មពិលឲ្យឆ្ងាយពីក្មេង កុំឲ្យគាត់បៀម ព្រោះសារធាតុដែលបង្កគ្រោះថ្នាក់នៅក្នុងថ្មពិល ឬ អាគុយដែលប្រើទឹកអាស៊ីតមាន បារត កាត់ម្ញ៉ូម នីកែល និងសំណ»។
លោកបានបន្តទៀតថា៖ «សារធាតុទាំងនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សខ្លាំង អាចប្រឈមនឹងជំងឺកាចដូចជា ជំងឺមហារីកធ្ងន់ធ្ងរ, ខូចតម្រោងនោម (បញ្ហាក្រលៀន), បាត់បង់ការចង់ចាំ, ស្រ្តីមានផ្ទៃពោះងាយនិងរលូតកូន ប៉ះពាល់ដល់សុខភាពទារក និងធ្វើអោយទារកកើតមកខុសប្រក្រតី, ខូចប្រពន្ធ័ប្រសាទ, ថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង (ឆ្អឹងមិនរឹងមាំ), បំផ្លាញកោសិការ, ខូចចលនាសាច់ដុំ និង ប៉ះពាល់បញ្ហាសុខភាពផ្សេងៗទៀត»។
មិនតែប៉ុណ្ណោះ ប្រសិនបើថ្មពិលមួយគ្រាប់ត្រូវបានបោះចោលទៅលើដី នោះដីជុំវិញចន្លោះពី ១-២ម៉ែត្រគីប នឹងខូចមិនអាចដាំដំណាំបានឡើយ និងត្រូវរង់ចាំរយៈពេលប្រមាណ ៥០ឆ្នាំ ទម្រាំដីត្រឡប់មកសភាពធម្មតាវិញ។ ឬបើបោះចូលក្នុងទឹក វានឹងធ្វើឲ្យទឹក ៤សែនលីត្រមានបញ្ហា។ ឬបើអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍ ដុតថ្មពិលជាមួយសំរាម នោះវានឹងបំភាយចេញនូវឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឲ្យស្រទាប់អូហ្សូនមានបញ្ហាខ្លាំង រួមទាំងអាចបង្កជាភ្លៀងអាស៊ីតថែមទៀតផង។
យ៉ាងណាមិញ ដោយក្តីបារម្ភ លោក លាន សុខជា បានអំពាវនាវឲ្យមានការចូលរួមពីសំណាក់អ្នកប្រើប្រាស់ទាំងអស់ នៅតាមផ្ទះគួរមានកូនកំប៉ុងមួយដើម្បីដាក់សំណល់ថ្មពិលដែលប្រើរួចឲ្យបានត្រឹមត្រូវ និងបិទស្កុតនៅតាមក្បាលជន្ទល់របស់វា ដើម្បីកុំឲ្យឆ្លងគ្នា ព្រោះវាអាចបណ្តាលឲ្យផ្ទុះ។ បន្ទាប់មក រកទីតាំងសុវត្ថិភាពដែលអាចបោះចោលបាននៅក្នុងធុងរបស់ EcoBatt ដោយចូលទៅកាន់វេបសាយក្រុមហ៊ុន Ecobatt-Energy.com មើលទីតាំងណាដែលនៅជិតអ្នកបំផុត។ សូមកុំបោះចោលផ្តេសផ្តាស ដើម្បីខ្លួនឯង ប្រទេសជាតិ និងកូនចៅយើង។
គួរជម្រាបផងដែរថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៩ EcoBatt Energy Cambodia បានយកចិត្តទុកដាក់លើការការពារបរិស្ថាន តាមរយៈការគ្រប់គ្រងអាគុយដែលបានប្រើរួច កាកសំណល់ថ្ម និង កាកសំណល់អេឡិចត្រូនិច ផ្សេងៗទៀត។ លើសពីនេះគិតមកទល់នឹងបច្ចុប្បន្ន ក្រុមហ៊ុនបានចែកចាយធុងទុកដាក់និងប្រមូលសំណល់ថ្មពិលបានចំនួន ១៧៧ធុងរួចមកហើយ និងប្រមូលថ្មពិលសរុបបានដល់ទៅជាង ៧តោនឯណោះ។ ក្នុងនោះ ដើម្បីកាត់បន្ថយការបំពុលបានកាន់តែច្រើន ក្រុមហ៊ុនក៏មានទទួលជួលជុលអាគុយខូច ឬប្រើការលែងកើត និងមានលក់អាគុយមួយតឹកក្នុងតម្លៃសមរម្យបំផុតផងដែរ។
ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ទំព័រ Facebook page ដែលមានឈ្មោះថា EcoBatt-Energy Cambodia ឬតាមរយៈលេខទូរស័ព្ទ 099 399 188 / 010 399 133៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦