មុនចេញរកស៊ីត្រូវដឹង! អ្នកឧកញ៉ា គួច ម៉េងលី បង្ហើបពីរបៀបរកស៊ីចំនួន៤ដែលអ្នកមិនគួរធ្វើ
Toeuy HongMARCH 10 202553 views

ការរកស៊ីមិនមែនចេះតែនឹកឃើញចង់រកស៊ីក៏ចេញរកស៊ីដោយមិនបានសិក្សាស្វែងយល់នោះទេពោលគឺអ្នកនឹងជួបហានិភ័យច្រើនជាងជោគជ័យប្រសិនបើអ្នកចង់រកស៊ីដោយមិនចំណេះដឹង ការស្រាវជ្រាវនិងការត្រៀមខ្លួនឲ្យបានរួចរាល់។

 

ទាក់ទងនឹងការរកស៊ីនេះដែរ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិនបានបង្ហើបពីរបៀបរកស៊ីចំនួន៤ដែលអ្នកគួរចៀសវាងព្រោះរបៀបរកស៊ីទាំងនេះមិនងាយជោគជ័យនោះទេ។

. រកស៊ីចូលហ៊ុនគ្នាច្រើនពេក

ការរកស៊ីចូលហ៊ុនគ្នាច្រើនពេកដោយមិនស្គាល់គ្នាច្បាស់គឺមិនងាយជោគជ័យនោះទេ។ ត្រង់នេះអ្នកឧកញ៉ា គួច ម៉េងលីបានសង្កត់ធ្ងន់ការរកស៊ីបែបនេះ៩៩.៩៩%គឺបរាជ័យតែម្ដង។ អ្នកឧកញ៉ាថាអ្នកខ្លះចង់មានលឿនពេកក៏ហៅគ្នាឲ្យបានច្រើនមកចូលហ៊ុនរកស៊ីជាមួយគ្នាទាំងមិនស្គាល់គ្នាច្បាស់ទាល់តែសោះ។

 

អ្នកឧកញ៉ាបានបង្ហើបទៀតថាការចូលហ៊ុនរកស៊ីគ្នាច្រើនពេកមិនយូរមិនឆាប់នឹងមានការដាច់ឬបែកហើយយូរៗទៅអ្នកចូលហ៊ុននឹងឈ្លោះគ្នាពោលគឺការរកស៊ីចូលហ៊ុនគ្នានេះមិនបានយូរអង្វែងតជំនាន់ដល់កូននៅចៅបានឡើយ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាណែនាំពីការរកស៊ីច្របាច់បញ្ចូលគ្នា។ ឧទាហរណ៍ក្រុមហ៊ុនតូចៗអាចចូលជាមួយក្រុមហ៊ុនធំហើយពង្រីកកាន់តែធំនោះនឹងរឹងដៃរឹងជើងឈរលើទីផ្សារបានយូរ។

 

. រកស៊ីជ្រេញជើង

អ្នកឧកញ៉ា បានបង្ហើបថាការរកស៊ីជ្រេញជើងឬរកស៊ីលោភលន់នេះ អ្នកមិនគួរធ្វើនោះទេព្រោះអ្នកអាចនឹងបោះលុយចូលទទេជាមិនខានឡើយ។ ត្រង់នេះអ្នកឧកញ៉ាថាអ្នកខ្លះរកស៊ីលោភលន់ដោយអាជីវកម្មមួយមិនទាន់ទាំងរឹងដៃរឹងជើងផងក៏ទៅបើកអាជីវកម្មមួយទៀតហើយបង្កើតបានជាគ្រុបCEO តែលទ្ធផលនោះគឺការរកស៊ីបែបនេះមិនល្អនោះ​ទេពោលគឺទីបំផុតអាជីវកម្មមួយទន់ដៃហើយមួយទៀតទន់ជើងដែលធ្វើឲ្យអាជីវកម្មអាចនឹងជួបការបរាជ័យច្រើន។

 

. រកស៊ីក្នុងសមុទ្រក្រហម

 ការរកស៊ីក្នុងសមុទ្រក្រហមនេះគេមិនឲ្យធ្វើនោះទេ ប៉ុន្ដែការរកស៊ីបែបនេះនៅក្នុងប្រទេសកម្ពុជាយើងគឺសម្បូរអ្នកធ្វើណាស់ដែលធ្វើឲ្យមនុស្សមួយចំនួនបោះលុយចូលក្រោយពីប្រឡូករកស៊ីក្នុងទីផ្សារសមុទ្រក្រហម។ ការរកស៊ីក្នុងសមុទ្រក្រហមយើងអាចហៅម្យ៉ាងទៀតថារកស៊ីតាមព្រះអាទិត្យរៈនិងលិច ដែលការររកស៊ីបែបនេះគឺរកស៊ីតាមគេតាមឯង។ ឧទាហរណ៍បើគេកលក់សៀវភៅ អ្នកក៏លក់សៀវភៅដែរ បើគេលក់កាហ្វេ អ្នកលក់កាហ្វេតាមគេដែរ។

 

 ការរកស៊ីតាមគេតាមឯងគឺមានការប្រកួតប្រជែងខ្លាំងណាស់។ ឧទាហរណ៍បើអ្នកគេរកស៊ីលក់សៀវភៅចំណេញ អ្នកស៊ីក៏លក់សៀវភៅដែរហើយលក់តម្លៃទាបជាងគេដើម្បីទាញភ្ញៀវបន្ទាប់មកអ្នកផ្សេងគេក៏លក់សៀវភៅដែរដោយដាក់តម្លៃទាបជាងអ្នកទៅទៀត។ ពេលមានការប្រកួតប្រជើងកាន់តែខ្លាំង លក់តម្លៃកាន់តែទាបទៅជាលទ្ធផលគឺបរាជ័យទាំងអស់គ្នាព្រោះតែកាប់ចាក់គ្នា ប្រកួតប្រជែងគ្នាចង់ឈ្នះចង់ចាញ់។

 

. រកស៊ីជិះទូក២(Freelance)

 ការរកស៊ីជិះទូក២ក្នុងពេលតែមួយនេះអ្នកមិនគួរធ្វើនោះប៉ុន្ដែនៅប្រទេសកម្ពុជាយើងក៏មានអ្នកធ្វើច្រើនដែរ។ ការរកស៊ីបែបនេះមានន័យអ្នកកំពុងតែមានអាជីវកម្មមួយក្នុងដៃតែក៏ឆ្លៀតទៅធ្វើការងារផ្សេងទៀត ដោយមិនយកពេលវេលាមកផ្ដោតលើអាជីវកម្មរបស់ខ្លួនឯង។

 

 ការរកស៊ីដោយធ្វើនេះបន្តិចធ្វើនោះបន្តិចនឹងធ្វើឲ្យអ្នកបាត់ការផ្ដោត បាត់ភាពផ្ចង់និងបាត់ភាពជាម្ចាស់ការ។ ការរកស៊ីជិះទូក២លទ្ធផលចុងក្រោយគឺអាយុច្រើនហើយប៉ុន្ដែគ្មានសល់លុយអ្វីជាដំកំភួនឡើយដោយសារតែរកស៊ីមិនច្បាស់ការហើយរេដូចដើមស្រល់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia