ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» នឹងធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា នៅទីតាំងចំនួន៦ក្នុងខេត្តសៀមរាប គឺនៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរឃ្យុងយូ។
ក្នុងនោះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឱ្យដឹងថា អង្ករសង្រ្តាន្កឆ្នាំ២០២៥ នេះនឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនមានដូចជា៖ ការសម្តែងទស្សនីយភាពចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។
យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍នេះក៏នឹងមានព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សេ្តចយាងប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ដែលនឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
សូមរំលឹកផងដែរថាគិតចាប់ឆ្នាំ២០១៣រហូតមកដល់ពេលនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានធ្វើឡើងចំនួន១២ឆ្នាំហើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ នេះបានប្រារព្ធពិធីប្រុងពលីបើកការដ្ឋានរួចរាល់សម្រាប់រៀបចំព្រឹត្តិការណ៍ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ៕
អត្ថបទដោយ៖ ពីង ជូអេង