កុំទាន់ទិញផ្ទះ! លោក Dave Ramsey ប្រាប់ថាបន្តជួលផ្ទះគេនៅសិន ដរាបណាអ្នកធ្វើរឿងសំខាន់ទាំងនេះមិនទាន់បាន
SOKLY SOAUGUST 28 20231.4 K views

តើរវាងការជួលផ្ទះគេនៅ និងបង់រំលស់ផ្ទះមួយណាចំណេញជាង? ជាទូទៅគេតែងតែនិយាយថា រំលស់ចំណេញជាងព្រោះថាបង់លុយឱ្យគេយូរៗទៅនឹងគ្រប់ចំនួនបានរស់នៅផ្ទះជារបស់ខ្លួនឯង ចំណែកឯផ្ទះជួលបង់ឱ្យគេរាល់ខែដែរប៉ុន្តែនៅតែជាផ្ទះរបស់គេ។

 

ពាក់ព័ន្ធនឹងបញ្ហាដ៏សំខាន់មួយនេះដែរ អ្នកជំនាញហិរញ្ញវត្ថុ លោក Dave Ramsey បានលើកឡើងថា «កុំប្រញាប់ទិញ ឬបង់រំលស់ផ្ទះ បើអ្នកធ្វើរឿងសំខាន់ៗ៤យ៉ាងមិនទាន់បានទេ បន្តនៅផ្ទះជួលគេសិនទៅ»។ រឿងសំខាន់ទាំង៤យ៉ាងនោះរួមមាន៖

 

១. ដោះបំណុលឱ្យអស់សិន៖ ចំណុចដំបូងនិងសំខាន់បំផុតគឺ អ្នកត្រូវធានាថាខ្លួនឯងរួចផុតពីចំណងបំណុលទាំងអស់ មិនថាតិចឬច្រើនឡើយ។ ព្រោះថាកម្ចីទិញផ្ទះគឺជាបន្ទុកបំណុលដ៏ធំបំផុតមួយ សម្រាប់ជីវិតមនុស្សម្នាក់ៗ ដូច្នេះមុននឹងបង្កើតវាឡើងអ្នកត្រូវប្រាកដថា អ្នកមានកម្លាំងផ្ដោតលើវា មិនបែងចែកកម្លាំងដោះស្រាយបំណុលរាយរងផ្សេងទៀត ដែលអាចបង្កបញ្ហារញ៉េរញ៉ៃ។

 

២. បង្កើតកញ្ចប់សន្សំគ្រាអាសន្ន ៣ទៅ៦ខែ៖ សន្សំលុយសម្រាប់ការចំណាយបណ្ដោះអាសន្នប្រចាំខែដោយបូកទាំងលុយត្រូវបង់កម្ចីទិញផ្ទះ ឱ្យបានយ៉ាងតិច៣ទៅ៦ខែ។ មានន័យថាបើមួយខែអ្នកត្រូវចំណាយ ១ពាន់ដុល្លារ អ្នកត្រូវសន្សំលុយទុកសាគួរឱ្យបានយ៉ាងតិច ៣ពាន់ទៅ៦ពាន់ដុល្លារ។

 

លុយសន្សំនេះទុកសម្រាប់ប្រើប្រាស់នៅក្នុងករណី អ្នកបាត់បង់ការងារ,​បាត់បង់សមត្ថភាពបង្កើតចំណូលរយៈពេលខ្លី, ឬអ្នកជួបបញ្ហាហិរញ្ញវត្ថុជាដើម។ កញ្ចប់លុយមួយនេះ នឹងអាចជួយអ្នកមិនឱ្យត្រូវទៅខ្ចីលុយពីខាងក្រៅយកមកបង់ធនាគារប្រចាំខែ ពេលដែលអ្នកខ្វះចំណូល។

 

៣. តម្លៃផ្ទះដែលត្រូវរំលស់មិនលើសពី១៥ឆ្នាំ៖ អ្នកមានសិទ្ធិជ្រើសរើសម៉ូដផ្ទះដែលអ្នកស្រលាញ់ ប៉ុន្តែត្រូវជ្រើសរើសតម្លៃណាមួយដែលសមមាត្រនឹងធនធាន ក៏ដូចជាសមត្ថភាពរ៉ាប់រងរបស់អ្នក។ លោក Dave លើកទឹកចិត្តឱ្យអ្នកដែលចង់ទិញផ្ទះ គួរជ្រើសរើសតម្លៃផ្ទះដែលត្រូវរំលស់មិនលើសពី១៥ឆ្នាំ។

 

មានន័យថា អ្នកត្រូវសិក្សាមើលឱ្យហើយថា តើក្នុងមួយខែអ្នកមានលទ្ធភាពបង់ចំនួនប៉ុន្មាន? ហើយតើចំណាយពេលប៉ុន្មានឆ្នាំទើបបង់រំលស់អស់? រយៈពេល១៥ឆ្នាំគឺយូរល្មមហើយ បើលើសពីនេះទៀតវាអាចផ្ដល់ជាបន្ទុកដល់អ្នករហូតដល់ចាស់ក៏ថាបាន។ បើអ្នកចាប់ផ្ដើមរំលស់ផ្ទះនៅអាយុ៣៥ឆ្នាំ ចំណាយពេល១៥ឆ្នាំក៏ អាយុកើនដល់៥០ឆ្នាំបាត់ទៅហើយ ចុះបើលើសនេះអ្នកមិនចាស់ជាប់បំណុលលែងបានចូលនិវត្តន៍ទៅហើយទេឬ?

 

៤. កុំរំលស់១០០%៖ អ្នកជំនាញលើកឡើងដោយសង្កត់ធ្ងន់ថា អ្នកមិនត្រូវរំលស់ផ្ទះក្នុងតម្លៃ១០០%ឡើយ ពោលគឺត្រូវបង់ប្រាក់មុនឱ្យបានយ៉ាងតិច២០%នៃតម្លៃផ្ទះសិនចាំសម្រេចចិត្តរំលស់បន្ត។ បើគ្មានដល់ ២០%ទេ យ៉ាងហោចណាស់ក៏សន្សំឱ្យបាន ៥% អីសិនដែរ ចាំទិញផ្ទះ។

 

លោក Dave លើកឡើងបែបនេះ ព្រោះថា បើអ្នករំលស់ផ្ទះក្នុងតម្លៃ ១០០% អ្នកនឹងត្រូវចំណាយពេលវេលាយូរខ្លាំង។ ចំណាយពេលវេលាកាន់តែយូរ​ អ្នកនឹងខាតការប្រាក់កាន់តែច្រើន ហើយក៏មុខកាន់តែឆាប់ចាស់ខ្លាំងមុនអាយុ ព្រោះតែបន្ទុកបំណុលផងដែរ៕

 

អត្ថបទដោយ៖ សូ សុខលី

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia