ក្រោយពីក្លាយជាគូប្រជែងតំណែងសេដ្ឋីលេខ១លើលោក ជាមួយលោក Elon Musk លោក Bernard Arnault បុរសជនជាតិបារំាង និងជាសហគ្រិនក្នុងវិស័យច្នៃម៉ូត បានក្លាយជាសេដ្ឋីលេខ២ ដែលមានទ្រព្យសម្បត្តិ១៧៩ពាន់លានដុល្លារ។ ក្នុងនោះលោកមានកូនស្រីច្បងម្នាក់ក៏លេចធ្លោមិនចាញ់ឪពុកដែរដែលលោកស្រី Delphine Arnault ទើបឡើងកាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន DIOR កាលពីដើមឆ្នាំ២០២៣។
ក្រោមការដឹកនាំរបស់លោកស្រីជិត១ឆ្នាំនៅក្រុមហ៊ុន Dior បានធ្វើឱ្យក្រុមហ៊ុនមួយនេះរីកចម្រើនលើសលុប និងបំបែកកំណត់ត្រាលក់ជាខ្លាំង។ ដូច្នេះយើងងាកមកដឹងពីចំណុចពិសេស៣ពីស្រ្តីអ្នកជំនួញនិងជាកូនស្រីសេដ្ឋីមានបំផុតក្នុងលោករូបនេះ៖
១. ចប់ពីមហាវិទ្យាល័យគាត់ធ្វើការឱ្យក្រុមហ៊ុនដទៃ២ឆ្នាំ យកបទពិសោធន៍គ្រប់គ្រងក្រុមហ៊ុនឪពុកខ្លួន
លោកស្រី Delphine Arnault បានកើតនិងធំធាត់នៅប្រទេសបារាំង និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ London School of Economics ដោយក្នុងឆ្នាំ១៩៧៧ លោកស្រីបានចូលធ្វើការងារឱ្យក្រុមហ៊ុន លំដាប់សកល McKinsey អស់រយៈពេល២ឆ្នាំ ក្នុងនាមជាអ្នកប្រឹក្សាអាជីវកម្មនិងការគ្រប់គ្រង ទើបលោកស្រីចូលទៅកាន់ការងារក្រុមហ៊ុនឪពុក ដោយមានតំណែងជាCEO នៅប្រេនប្រណិន LV។
ពីរឆ្នាំក្រោយមកលោកស្រីបានចូលប្រឡូកការងារជាមួយម៉ាកយីហោ John Galliano និងអ្នកច្នៃម៉ូដជាច្រើនផ្សេងៗគ្នា ដើម្បីទទួលបានបទពិសោធន៍ក្នុងវិស័យនេះកាន់តែច្រើន ខណៈពេលនោះលោក Galliano ក៏ជានាយកច្នៃប្រឌិតរបស់ Dior ផងដែរ។
២.លោកស្រីគឺជាអ្នកបំផុសគំនិតនិងលើកទឹកចិត្តដល់ក្មេងៗដែលស្រឡាញ់វិស័យច្នៃម៉ូត
ក្នុងវ័យ៤៨ឆ្នាំនេះលោកស្រី Delphine មានកេរ្តិ៍ឈ្មោះ និងមានការគាំទ្រខ្លាំងពីអ្នករចនាម៉ូតវ័យក្មេង នាងត្រូវបានគេស្គាល់តាមរយៈការបង្ហាត់បង្រៀនដល់យុវវ័យ និងមនុស្សជាច្រើនអំពីគំនិតរចនាម៉ូត។ អ្នករចនាម៉ូដវ័យក្មេងជាច្រើនបានចាត់ទុកការរីកចម្រើន និងភាពជោគជ័យរបស់ពួកគេនៅក្នុងវិស័យច្នៃម៉ូត ដោយសារការណែនាំ និងដំបូន្មានរបស់ Delphine Arnault ។
ភាពជឿជាក់ និងឥទ្ធិពលបានធ្វើឱ្យលោកស្រីបានក្លាយជាចាស់ទុំ និងជានិមិត្តរូបម្នាក់ដ៏លេចធ្លោក្នុងការបង្វឹកយុវជនដែលមានទេពកោសល្យ ឱ្យយល់កាន់តែច្បាស់ពីភាពស្មុគស្មាញរបស់វិស័យច្នៃម៉ូតទាំងការរុករក និងបង្កើតការរចនាជាច្រើនឱ្យបានជោគជ័យ។
៣. គឺជាស្រ្តីវ័យក្មេងជាងគេនិងជាស្រ្តីទី២ ក្នុងគណកម្មាធិការប្រតិបត្តិ LVMH
នៅដើមឆ្នាំ ២០១៩ លោកស្រីបាន ក្លាយជាសមាជិកវ័យក្មេងបំផុតនៃគណៈកម្មាធិការប្រតិបត្តិ LVMH នៅអាយុ ៤៣ ឆ្នាំនិងជាមនុស្សស្រីទី២នៅក្នុងក្រុមគណកម្មាធិការប្រតិបត្តិ LVMH Group។ លោក Bernard Arnault ដែលជាមហាសេដ្ឋីលេខ២របស់ពិភពលោក និងត្រូវជាឪពុករបស់លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្រោមការដឹកនាំរបស់កូនស្រីខ្លួន ផលិតផល Louis Vuitton មានការរីកចម្រើនយ៉ាងខ្លាំង ដែលអនុញ្ញាតឱ្យម៉ាកនេះបង្កើតកំណត់ត្រាលក់ថ្មីៗជាប្រចាំ។ លោកបានឱ្យដឹងថា “ការយល់ដឹងដ៏ប៉ិនប្រសប់របស់នាង និងបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាននឹងជាទ្រព្យសកម្មដ៏សំខាន់ក្នុងការជំរុញលើការអភិវឌ្ឍន៍បន្តនៅ Christian Dior បាន”។
គួរជម្រាបផងដែរថាក្រុមហ៊ុន LVMH Moet Hennessy Louis Vuitton គឺជាក្រុមហ៊ុនធំមួយប្រមូលផ្តុំទៅដោយសម្ភារៈប្រណិត និងគ្រប់គ្រងយីហោប្រេនៗល្បីឈ្មោះលើពិភពលោកប្រមាណជាង៧០ និងដឹកនាំដោយបុរសវ័យ ៧៣ឆ្នាំ គឺលោក Bernard Arnault ក្នុងនោះលោកស្រី Delphine Arnault កូនស្រីច្បងរបស់លោកជានាយកប្រតិបត្តិលើយីហោ Dior ៕
អត្ថបទដោយ៖ ពីង ជូអេង