លោក ឆុន វាសនា បង្ហើបពីមាតិកា ៣ អាចរកលុយពី Youtube បានច្រើន ប្រើទូរស័ព្ទថតក៏បាន
Kan DaraJANUARY 2 20233.5 K views

បញ្ហាឈឺក្បាលមួយ​របស់មនុស្សគឺពេលចាប់ផ្តើមធ្វើដំបូង ច្រើនតែរងចាំឱ្យគ្រប់យ៉ាងល្អឥតខ្ចោះ ហើយមើលរំលងនូវតម្លៃរឿងរ៉ាវតូចៗជានិច្ចជាកាល។ ពិតណាស់គ្រប់ការចាប់ផ្តើមមិនមែនទាល់តែមានគ្រប់យ៉ាងនោះទេ ជាក់ស្តែងលោក ឆុន វាសនា អ្នកជំនាញរកលុយតាមយូធូប មានបទពិសោធន៍រយៈពេល១០ឆ្នាំលើវិស័យនេះ​បានបង្ហើបប្រាប់ច្បាស់ៗអំពីមាតិកា ៣ប្រភេទ អាចរកលុយបានច្រើនពី Youtube ទោះបីប្រើតែទូរស័ព្ទថតក្តី។  

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia ម្ចាស់ឆានែលយូធូប CHHON Veasna បានថ្លែងជាមួយក្តីរីករាយថា “ជាដំបូងយើងត្រូវដឹងថាយូធូប មានផ្នែកធំ២ សម្រាប់ឱ្យយើងរើស ថាតើយើងចង់ធ្វើផ្នែកប្រភេទណា? សម្រាប់ទី១នោះគឺផ្នែកសម្រាប់មាតិកាអប់រំ ​និងទី២​គឺផ្នែកកម្សាន្ត​ ដែលយើងត្រូវរើសមកផលិត បន្ទាប់មកនៅក្នុងនោះគេមានបែងចែកទៀតថាតើ ផ្នែកអប់រំមានមាតិកាវីដេអូបែបណាខ្លះ ផ្នែកកម្សាន្តមានមាតិកាវីដេអូបែបណាខ្លះ”។

Youtuber​ បែបអប់រំមួយនេះបានបន្តថា​ “បន្ទាប់ពីយើងដឹងថា អ្វីជាជម្រើសរបស់យើងហើយ យើងអាចមកដឹងអំពីមាតិកាផ្សេងៗនៅផ្នែកនីមួយ ហើយនៅក្នុងនោះសម្រាប់បទពិសោធន៍ខ្ញុំ មា​នមាតិកា ៣ប្រភេទដែលអាចរកលុយបានច្រើននៅស្រុកយើងនោះ មានដូចជា ទី១មាតិកា Review Product យើងអាចធ្វើការវាយតម្លៃឬបទបង្ភាញអំពីផលិតផលនិងបច្ចេកវិទ្យាថ្មីៗជាដើម ទី២ Restoring Product មាតិកានេះគឺធ្វើការកៃច្នៃរបស់ថ្មីប្លែក ដូចជាការធ្វើបង្កើតថ្មី ឬច្នៃរបស់ចាស់ឱ្យទៅជាថ្មីផ្សេងៗពីគ្នា ចំណែកឯទី៣គឺ មាតិកាទាក់ទិននឹងនិន្នាការសង្គម“។

ប្រធាននាយកដ្ឋានបច្ចេកទេសនៃវិទ្យុជាតិ និងជាអតីតគ្រូបង្រៀនផ្នែកអាយធីរូបនេះបានបន្ថែមថា “ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនយើង បើសិនជាធ្វើមាតិកាអ្វីគួរតែផ្តោត១ឱ្យចំ ហើយបង្កើតវីដេអូបែបលក្ខណៈជារបស់ខ្លួនឯង ព្រោះថាយើងមានសិទ្ធិពេញលេញ និងមិនមានហានិភ័យខ្ពស់ក្នុងការបាត់ឆានែល ហើយអាចរកចំណូលបានច្រើនពីវីដេអូនោះ ជាជាងយករបស់គេមកកាត់ផុស ទោះបីជាមិនមានកាមេរ៉ាថ្លៃៗក្តី ព្រោះកាលខ្ញុំចាប់ផ្តើមខ្ញុំប្រើត្រឹមទូរស័ព្ទចាស់មួយគ្រឿងប៉ុណ្ណោះទាំងការថតនិងកាត់តផងដែរ ខ្ញុំធ្វើបានអ្នកទាំងអស់គ្នាក៏ធ្វើបានដែរ”។

គួរបញ្ជាក់ផងដែរថាម្ចាស់រង្វាន់ប៊ូតុងប្រាក់ ដែលមាន Channel Subscribe រហូតដល់ទៅ 144K រូបនេះ​ក៏មាន Facebook Page ឈ្មោះថា CHHON Veasna - ឆុន វាសនា ដែលមានអ្នកតាមដានប្រមាណជាង 55K និងតែងតែចែករំលែកចំណេះដឹង​ថ្មីៗក្នុងការធ្វើវីដេអូ​និងយូធូប ដោយឥតគិតថ្លៃផងដែរ៕

អត្ថបទដោយ៖​ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia