កាលពីព្រឹកមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួបនេះ លោក Nicolas Notebaert ដែលជាអគ្គនាយកក្រុមហ៊ុន VINCI Group ក៏ជម្រាបជូនទៅកាន់សម្តេចធិបតីថា ក្រុមហ៊ុន VINCI គឺមានគម្រោងពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី ក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំ កន្លងមកនេះ។
សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕
អត្ថបទ៖ ធី ស្រីល័ក្ខ