ឡូយណាស់! នេះជាក្រុមហ៊ុនបរទេសធំៗទាំង៣ ដែលចង់មករកស៊ីនៅប្រទេសកម្ពុជាឆាប់ៗនេះ
ធី ស្រីល័ក្ខMARCH 30 20232 K views

ស្របពេលដែលពិភពលោកកំពុងងើបចេញពីវិបត្តិជំងឺកូវីដ១៩ ដែលរារាំងមិនឱ្យមនុស្សជួបគ្នា ថ្មីៗនេះ ក្រុមហ៊ុនធំៗចំនួន៣ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងឥណ្ឌា បានបង្ហាញការចាប់អារម្មណ៍លើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

១.ក្រុមហ៊ុនអាមេរិក

កាលពីដើមខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Anbinh Phan  តំណាងក្រុមហ៊ុន Walmart បានបង្ហើបពីគម្រោង ក្នុងការពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន ក៏ដូចជា គោលបំណងក្នុងការទិញទំនិញពីកម្ពុជាដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។

គោលបំណងសំខាន់ក្នុងការវិនិយោគនេះ គឺដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម។

22

២.ក្រុមហ៊ុនឥណ្ឌា

ជាក់ស្តែង កាលពីពេលកន្លងទៅក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ជាមួយលោក Sanjay Anand នាយកប្រតិបិត្ត Adani Global រួមជាមួយសមាជិកក្រុមរបស់ក្រុមហ៊ុន Adani Global ប្រទេសឥណ្ឌា ខាងភាគីឥណ្ឌា បានបង្ហាញគោលបំណងចង់វិនិយោគទៅលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនតម្លៃ ១២៤ពាន់លានដុល្លារ របស់មហាសេដ្ឋីលេខ១ឥណ្ឌាគឺ Adani Group ដែលជាក្រុមហ៊ុនធំមួយរបស់ឥណ្ឌាដែលមានទីស្នាក់ការនៅ Ahmedabad ហើយបច្ចុប្បន្នក្រុមហ៊ុននេះវិនិយោគទៅលើវិស័យដូចជា គ្រប់គ្រងកំពង់ផែ ការផលិតថាមពលអគ្គិសនី និងការបញ្ជូនថាមពលកកើតឡើងវិញ ការជីកយករ៉ែ ប្រតិបត្តិការអាកាសយានដ្ឋាន ឧស្ម័នធម្មជាតិ ការកែច្នៃម្ហូបអាហារ និងហេដ្ឋារចនាសម្ព័ន។

23

៣. ក្រុមហ៊ុនចិន

យោងតាមការចេញផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថារោងចក្រផលិតស្បែកជើងមួយរបស់ចិនគឺអល វីនស៊ូ នឹងរើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជាហើយ ដោយនៅក្នុងនោះគេនឹងរើសយកខេត្តរបស់កម្ពុជាដើម្បីផលិតស្បែកជើងគឺមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

លោក ហ៊ូ ឆាវហ៊ុយ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូន បានបង្ហើបពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក៕

24

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia