ពិតជារឿងដ៏គួរឱ្យសរសើរខ្លាំងមែនទែន សម្រាប់និស្សិតខ្មែរ១រូប ដែលបច្ចុប្បន្នគាត់កំពុងតែសិក្សានៅក្រៅប្រទេស ប៉ុន្តែនៅតែឆ្លៀតពេលធ្វើអាជីវកម្មដោយបានមកផលិតសាប៊ូដុំសម្រាប់លាងសម្អាតដៃ នឹងដើម្បីកាត់បន្ថយដបប្លាស្ទិកនៅកម្ពុជាផងដែរ។
ជាក់ស្តែងនៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក ហុង បញ្ញាវង្សពិទូរ្យ ដែលជានិស្សិតខ្មែរកំពុងសិក្សានៅ Melbourne នឹងជាម្ចាស់សហស្ថាបនិក Aromeco បានឱ្យដឹងថា មូលហេតុដែលនាំឲ្យលោកបង្កើតសាប៊ូដុំនេះឡើងមកគឺ ដោយសារលោកមើលឃើញផ្ទាល់ពីបញ្ហាសំរាម ជាពិសេសក្រោយពេលភ្លៀងរួច យើងនឹងឃើញថាទាំងក្នុងក្រុងនិងតាមខេត្តគឺឃើញមានវត្តមានសំណល់ប្លាស្ទិករប៉ាត់រប៉ាយច្រើន បើទោះមានការឃោសនាអប់រំពីបញ្ហាសំរាមយ៉ាងណាក៏ដោយនេះគឺដោយសារកង្វះនូវជម្រើសផលិតផលដែលជំនួសប្លាស្ទិកក្នុងទីផ្សារ ឬផលិតផលពិបាកប្រើប្រាស់ ដោយធ្វើឲ្យយើងទាំងអស់គ្នាពិបាកចាប់យកទម្លាប់ដែលល្អសម្រាប់បរិស្ថាន។
ហេតុនេះហើយទើបលោកសម្រេចចិត្តដាក់ទុននៅថវិកាដែលមានតិចតួច សាកល្បងដំណើរសហគ្រិនភាពមួយនេះ ដើម្បីបំផុសនៅចលនាបំពេញបន្ថែម និងប្រើប្រាស់ឡើងវិញដើម្បីកម្ពុជាកាន់តែស្អាត។
លោកបញ្ញាវង្សពិទូរ្យ បានបន្តទៀតថា ផលវិបាកដែលលោកជួបដំបូងៗនៅពេលបង្កើតអាជីវកម្មមួយនេះគឺនៅលើ ខ្សែសង្វាក់ផលិតកម្ម ដោយមានការលំបាកក្នុងការស្វែងរករោងចក្រដែលទទួលផលិតសាប៊ូជាគ្រាប់បែបនេះ ហើយថែមទាំងមានកម្រិតស្តងដារដែលគិតគូពីនិរន្តរភាពនៃការផលិតខ្ពស់ទៀត។ ហើយត្រូវរកផលិតក្នុងបរិមាណសមស្របមួយទៀត ដើម្បីសាកល្បងទីផ្សារ ដែលត្រូវអោយលោកចំណាយពេលជិត កន្លះឆ្នាំ បូកទាំងការស្រាវជ្រាវដោយខ្លួនទៅលើគ្រឿងផ្សំ ដោយត្រូវធ្វើការសាកល្បងផលិតផលជាច្រើនរហូតបានផលិតចុងក្រោយមួយដែលលោកគិតថាល្អសម្រាប់អតិថិជន និងសម្រាប់បរិស្ថាន។
មិនតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះលោកក៏បានសហការជាមួយនឹងក្រុមហ៊ុនមួយឈ្មោះ Everwave ដែលពួកគាត់រួមជាមួយ Riverocean cleanup ប្រមូលនូវសំរាមតាមឆ្នេរ និងទឹកទន្លេ Mekong កម្ពុជាយើងនេះហើយការសហការនេះគឺ រាល់ការទិញនូវគ្រាប់បន្ថែមពី Aromeco មួយគ្រាប់ ពួកយើងនិងប្រមូលនូវសំណល់ដបប្លាស្ទិក យ៉ាងតិចមួយដប ចេញពីទន្លេនេះ។ ហើយខាង Everwave នឹងយកទៅកែច្នៃបន្ត។
សម្រាប់គោលគំនិតចម្បងរបស់ AromEco គឺលោកចង់ផ្លាស់ប្តូរទម្លាប់នៃការលាងដៃប្រចាំថ្ងៃជាមួយនឹងសាប៊ូលាងដៃថេប្លេតដែលមិនប៉ះពាល់ដល់បរិស្ថាន និងអ្នកប្រើប្រាស់។ អតិថិជនគាត់អាចចាប់ផ្តើមជាមួយឈុតលាងដៃដំបូង ដែលគាត់នឹងទទួលបាននូវ ដបសាប៊ូដែលអាចប្រើប្រាស់ឡើងវិញបានរហូតមួយ ហើយមានគ្រាប់សាប៊ូបន្ថែម សម្រាប់បង្កើតសាប៊ូដោយខ្លួនឯង។ សម្រាប់អតិថិជន ដែលគាត់មានដបសាប៊ូស្រាប់ហើយ ក៏អាចទទួលអត្ថប្រយោជន៍បានដែរ
លោក ហុង បញ្ញាវង្សពិទូរ្យ ដែលជាសហស្ថាបនិក Aromeco បានបញ្ជាក់ថា គ្រាប់សាប៊ូដែលលោកផលិតមកនេះ នឹងរលាយក្លាយជាសាប៊ូពពុះទឹកមួយក្នុងដបដែលមានពពុះ ក្លិនក្រអូប ហើយសម្អាតយ៉ាងមានប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះគ្រាប់សាប៊ូ របស់យើងខ្ចប់ក្នុងកញ្ចប់ក្រដាសតូច ដើម្បីលុបបំបាត់តម្រូវការដបប្លាស្ទិកធំៗ ហើយអតិថិជនអាចស្តុកទុកសាប៊ូសម្រាប់បន្ថែមពេលក្រោយៗបានយ៉ាងងាយស្រួលមិនថាកន្លែងចង្អៀតប៉ុណ្ណាឡើយ។ ដូច្នេះហើយយើងអាចកាត់បន្ថយកាក់សំណល់ដបប្លាស្ទិក បានរាល់ការបំពេញបន្ថែមម្តងៗផងដែរ។ ចំពោះបងប្អូនដែលចង់ជាវ ឬចង់គាំទ្រផលិតផលក្នុងស្រុកអាចឆាតទៅកាន់ផេក Aromeco ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 081 338 133៕
អត្ថបទ៖ ធី ស្រីល័ក្ខ