រកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកចរាចរយានជំនិះគ្រប់ប្រភេទចំនួន ២ ថ្ងៃនៅលើកំណាត់មហាវិថីឈ្នះឈ្នះ
Bunthoeun KoemNOVEMBER 18 202217.6 K views

នៅថ្ងៃទី២១ ខែវិច្ឆិកា​ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស និងផ្អាកចរាចរយាន្ដជំនិះគ្រប់ប្រភេទនៅលើកំណាត់មហាវិថីឈ្នះឈ្នះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងខាងលើ ការផ្អាកនេះដោយសារ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិធីបើក និងបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ដូច្នេះដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្ដិទៅដោយរលូន រក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀស និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឲ្យយាន្ដជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិធីឈ្នះឈ្នះពីគាល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីធានភ្នំពេញក៏បានសូមការយោគយល់ និងអធ្យាស្រ័យ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខាងលើ ពីការបញ្ចៀសនិងផ្អាកការធ្វើដំណើរបណ្ដោះអាសន្ននេះដោយក្ដីអនុគ្រោះ។ នៅផុតរយៈពេលនៃការហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យចរាចរជាធម្មតាវិញ៕

អត្ថបទ៖ កឹម ប៊ុនធឿន

315410262 168739359134715 7394362519680200698 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia