នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារពន្ធពិធីដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ០៥:០៥នាទី រហូតដល់បញ្ចប់កម្មវិធី។
ការផ្អាកចរាចរជាបណ្តោះអាសន្ននេះដែរ គឺដើម្បីរៀបចំប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះវេលាម៉ោង ០៧:៣០នាទី និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនៅពហុកីឡាដ្ឋានជាតិមរតកតេជោវេលាម៉ោង ១៤:០០នាទីដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំបេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំការយោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់តាមកំណាត់មហាវិថីខាងលើ ដោយក្ដីអនុគ្រោះផងដែរ៕