មុននេះបន្តិច យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន បានឱ្យដឹងថា ឱសានវាទ២៤ម៉ោងរបស់កម្ពុជា បានផុតកំណត់ ដូច្នេះច្រកព្រំដែនទាំងអស់របស់កម្ពុជាជាមួយថៃ បានបិទការនាំចូលបន្លែ និងផ្លែឈើ ពីប្រទេសថៃទាំងស្រុងផងដែរ។
គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្ពុជានឹងបិទលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ បើថៃមិនបើកព្រំដែនវិញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អ្នកលក់ផលិតផលខ្មែរ សូមកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានការបិទលែងឱ្យនាំទំនិញពីថៃចូលមកកម្ពុជា៕