ភាពជោគជ័យពេលខ្លះប្រៀបបីដូចជាដុំទឹកកកដែលអណ្ដែតលើផ្ទៃទឹកអ៊ីចឹងដែរ។ មនុស្សជាច្រើនសម្លឹងឃើញតែដុំទឹកកកដែលអណ្ដែតលើផ្ទៃទឹក ប៉ុន្តែប្រហែលជាមិនបានឃើញរឿងឈឺចាប់ដែលបង្កប់នៅខាងក្រោមផ្ទៃទឹកនោះទេ។ ជាក់ស្ដែងអ្នកណាទៅជឿទៅថា ជំហានដំបូងនៃការប្រឡូកខ្លួនចូលទៅក្នុងពិភពជំនួញអចលនទ្រព្យរបស់ លោកជំទាវចុង ជីងម៉ី នាយិកាក្រុមហ៊ុន លី ហេង អចលនទ្រព្យប៉ោយប៉ែត កំពុងតែជោគជ័យយ៉ាងខ្លាំងនោះ ក៏ធ្លាប់បរាជ័យលើអាជីវកម្មជាច្រើន និងបានចាប់ផ្ដើមត្រឹមទុនដំបូងខ្ទង់ ២ពាន់ដុល្លារតែប៉ុណ្ណោះ នៅពេលបោះជំហានឈានជើងចូលក្នុងវិស័យអចលនទ្រព្យថ្មីថ្មោង។
លោកជំទាវបានរំលឹកទៅកាន់អតីតកាលថា តាំងពីដើមមកលោកជំទាវធ្លាប់បានប្រឡូកចូលទៅក្នុងអាជីវកម្មជាច្រើនប្រភេទមកហើយមុននឹងឈានចូលក្នុងវិស័យអចលនទ្រព្យដូចបច្ចុប្បន្ននេះ។ លោកជំទាវក៏ធ្លាប់ប្រឡូកធ្វើជាបុគ្គលិកក្រុមហ៊ុនឯកជនរយៈពេល ៥ឆ្នាំ ធ្លាប់បើកតូបលក់កាហ្វេ ធ្លាប់បើកជាកន្លែងសម្រាប់ដូរលុយ មុននឹងចាប់ផ្ដើមសន្សំប្រាក់បន្តិចបន្តួច យកទៅទិញដីតិចតួចៗសន្សំទុកជាបន្តបន្ទាប់រហូតធ្វើឱ្យដីដែលលោកជំទាវមានកាន់តែច្រើនឡើងៗ។
ពេលដែលលោកជំទាវប្រឡូកក្នុងវិស័យអចលនទ្រព្យដោយទិញដីតិចតួចទុក និងលក់ចេញវិញពេលដែលឡើងថ្លៃទទួលបានប្រាក់ចំណេញ លោកជំទាវបានបន្តធ្វើវាដោយវិលជុំរហូតអាចសន្សំដីបានកាន់តែច្រើនឡើងៗ រហូតដល់ពេលមួយអចលទ្រព្យនៅប៉ោយប៉ែតផ្ទុះខ្លាំង ទើបលោកជំទាវ ជាមួយនឹងស្វាមីក៏សម្រេចចិត្តពុះដីដែលបានសន្សំទុករាប់ឆ្នាំ ធ្វើជាដីឡូតិ៍ ដែលគម្រោងនោះទទួលបានជោគជ័យគួរជាទីពេញចិត្ត។ បន្ទាប់មកលោកជំទាវបានចាប់ផ្ដើមពង្រីកទៅកាន់គម្រោងផ្សេងៗដោយទទួលបានជោគជ័យជាបន្តបន្ទាប់។ គិតមកទល់នឹងពេលនេះ លោកជំទាវបានទទួលជោគជ័យជាង ១០គម្រោងមកហើយទាំងតូចទាំងធំ។
នៅពេលដែលចោទសួរពីកត្តាធំៗអ្វីខ្លះដែលធ្វើឱ្យលោកជំទាវអាចបំប្លែងខ្លួនពីដើមទុនដំបូងត្រឹមតែជាង ២ពាន់ដុល្លាររហូតអាចជោគជ័យមកដល់បច្ចុប្បន្ននេះ លោកជំទាវបានបង្ហើបឱ្យដឹងពីកត្តាធំៗចំនួន ៥ធំៗគឺ៖
១. ទេពកោសល្យរកស៊ីតាំងពីក្មេង៖ អាចនិយាយបានថា ដោយសារតែដុង្គពីកុមារខ្លះផង បូករួមជាមួយនឹងការដែលមានឪពុកម្ដាយដែលមានឈាមជ័រជាអ្នករកស៊ី បានធ្វើឱ្យលោកជំទាវដឹងច្បាស់ពីខ្លួនឯងថា ជាមនុស្សដែលស្រលាញ់ចូលចិត្តការរកស៊ីជាជាងការធ្វើការឱ្យគេ។ អាចនិយាយបានថា ដោយសារតែដុង្គពីក្មេងនេះហើយ បានធ្វើឱ្យលោកជំទាវដឹងថា ការរកស៊ីគឺមានឡើងមានចុះ ហើយជីវិតពេលដែលធ្លាក់ចុះខ្លាំងសល់ប្រាក់ខ្ទង់ ២ពាន់ដុល្លារ ក៏មិនបានធ្វើឱ្យលោកជំទាវមិនបាក់ទឹកចិត្តអស់សង្ឃឹមនោះដែរ ព្រោះតាំងពីកុមារភាពមក លោកជំទាវក៏បានឃើញពីដំណើរជីវិតឡើងចុះ ក្នុងមុខជំនួញរបស់ឪពុកម្ដាយខ្លួនផងដែរ។
២. បទពិសោធន៍ពីការងារ ៥ឆ្នាំ៖ ចំណុចមួយដែលធ្វើឱ្យលោកជំទាវអាចបោះជំហានពីចំណុចទាប មកដល់ចំណុចបច្ចុប្បន្នបានគឺ ដោយសារតែមួយផ្នែកធំក៏បានមកពីបទពិសោធន៍នៃការធ្វើការឱ្យគេរយៈពេល ៥ឆ្នាំ ដែលធ្វើឱ្យលោកជំទាវមានជំនាញក្នុងការចាត់ចែង និងបង្វិលប្រាក់ជាដើម។ ដូច្នេះនៅពេលដែលលោកជំទាវបានប្រឡូកក្នុងវិស័យអចលនទ្រព្យ ក៏បានធ្វើឱ្យលោកជំទាវមានភាពឆ្លាតវៃក្នុងការបង្វិលប្រាក់ ក៏ដូចជាការប្រើកម្ចីមួយចំនួនដើម្បីពង្រីកទំហំវិនិយោគឱ្យកាន់តែធំឡើងបន្តិចម្ដងៗផងដែរ។
៣. ការប្រឹក្សាយោបល់ពីឪពុកម្ដាយទាំងសងខាង៖ តាំងតែពីក្មេងមក ដោយសារតែកើតក្នុងត្រកូលគ្រួសារជាអ្នករកស៊ី លោកជំទាវតែងតែលួចរៀន លួចសង្កេតពីរបៀបនៃការរកស៊ីរបស់ឪពុកម្ដាយខ្លួនជានិច្ច។ មួយវិញទៀត នៅពេលដែលសម្រេចចិត្តវិនិយោគក្នុងវិស័យអចលនទ្រព្យដំបូង លោកជំទាវតែងតែស្ដាប់យោបល់ពីឪពុកម្ដាយទាំងសងខាង ពោលគឺទាំងឪពុកម្ដាយបង្កើត និងឪពុកម្ដាយក្មេក ដែលធ្វើឱ្យលោកជំទាវអាចទទួលបានព័ត៌មានច្រើនក្នុងការយកមកត្រិះរិះពិចារណា ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ត្រូវចាំថា នៅមុនពេលដែលអ្នកសម្រេចចិត្ត ទៅលើរឿងអ្វីមួយ ហើយអ្នកអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ នោះវាជួយឱ្យអត្រាសម្រេចចិត្តបានត្រឹមត្រូវគឺមានកម្រិតខ្ពស់ ហើយអត្រាហានិភ័យសម្រេចចិត្តខុសក៏កាន់តែទាបផងដែរ។
៤. ធ្វើជាទឹកកន្លះកែវ៖ ជានិច្ចកាល លោកជំទាវតែងតែតាំងខ្លួនប្រៀបបីដូចជាទឹកកន្លះកែវ ដែលរកចាំក្រេបចំណេះដឹងពីមជ្ឈដ្ឋានជុំវិញខ្លួនគ្រប់ពេលវេលា។ មួយវិញទៀត លោកជំទាវតែងតែរៀនសូត្រគ្រប់យ៉ាងពីជីវិត ពោលគឺមិនមែនរៀនតែពីក្នុងសាលាតែមួយមុខនោះទេ។ ដោយសារតែការតាំងខ្លួនដូចជាទឹកកន្លះកែវនេះហើយ បានធ្វើឱ្យមនុស្សជុំវិញខ្លួនចេះតែចង់ណែនាំ ចង់បង្ហាត់បង្ហាញ និងផ្ដល់នូវឱកាសល្អៗជាច្រើនសម្រាប់លោកជំទាវ។ អ្វីដែលរឹតតែពិសេសគឺចំណេះជំនាញលោកជំទាវក៏កាន់តែកើនឡើងជាប្រចាំ ដែលធ្វើឱ្យការសម្រេចចិត្តបានត្រឹមត្រូវកាន់តែច្រើនឡើងៗ ជួយឱ្យជោគជ័យលើគម្រោងធំៗជាបន្តបន្ទាប់។
៥. វិញ្ញាណទី៦៖ វិញ្ញាណទី៦នេះគឺ សម្ដៅទៅលើការចេះយកបទពិសោធន៍ពីអតីតកាល មកវិនិយោគអនាគតកាល ដែលមានន័យថា នៅពេលដែលប្រឡូកចូលក្នុងវិស័យនេះបានមួយរយៈមក ហើយបន្តការរៀនសូត្រពីកំហុសឆ្គង ពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាផ្សេងៗដែលធ្លាប់ជួបប្រទះមក បានធ្វើឱ្យលោកជំទាវមានភាពឆ្លាតវៃក្នុងការវិភាគមើលពីតម្រូវការ និងទីផ្សារអចលនទ្រព្យនៅប៉ោយប៉ែតផងដែរ ហើយអ្វីដែលលោកជំទាវប្រមើលមើលឃើញនោះគឺ តំបន់ដីដែលលោកជំទាវកំពុងតែកាន់កាប់នឹងមានសញ្ញារីកចម្រើនជាវិជ្ជមានជាដើម។ ការចេះព្យាករណ៍ពីទំនោរអនាគតនេះហើយ ដែលធ្វើឱ្យការវិនិយោគនាពេលអនាគត អាចទទួលបានផលចំណេញជាបន្តបន្ទាប់។
ជាចុងក្រោយ ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ និងមេរៀនដែលធ្លាប់វិវត្តន៍ខ្លួនពីចំណុចដ៏ទាបមួយ រហូតបោះជំហានមកជានាយិកាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីនៅប៉ោយប៉ែត លោកជំទាវបានចែករំលែកនូវមេរៀនដ៏មានតម្លៃចំនួន ៤បន្ថែមទៀតគឺ៖
១. ត្រូវហ៊ានដើរតាមក្ដីស្រមៃរបស់ខ្លួន និងធ្វើអ្វីដែលជាក្ដីស្រលាញ់ចូលចិត្តរបស់អ្នក
២. ឈប់គិតថាខ្លួនធ្វើមិនបាន ប៉ុន្តែត្រូវប្រាប់ខ្លួនឯងថា អ្នកអាចធ្វើបាន
៣. គួរពង្រឹងជំនាញលក់ ព្រោះវានឹងជួយឱ្យជីវិតរបស់អ្នកមានការផ្លាស់ប្ដូរលឿនបំផុត បើសិនជាអ្នកពូកែលក់
៤. ត្រូវចេះអត់ធ្មត់ និងត្រៀមខ្លួនក្នុងការចាប់យកឱកាស ព្រោះបទពិសោធន៍លោកជំទាវក៏មិនមែនជោគជ័យក្នុងវិស័យអចលនទ្រព្យក្នុងរយៈពេលខ្លីនោះដែរ ប៉ុន្តែអ្នកស្រីបានរៀបចំផែនការ និងត្រៀមខ្លួនអស់រយៈពេលជាយូរមកហើយ៕