បច្ចុប្បន្នគម្រោងផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត ខេត្ដស្វាយរៀង បានកំពុងដំណើរការសាងសង់ បន្ទាប់ពីគម្រោងសំខាន់នេះបានបើកការដ្ឋានកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
គម្រោងផ្លូវថ្មីនេះមានប្រវែងសរុប ១៣៥.១ គីឡូម៉ែត្រ ដោយក្នុងនោះមានឆ្លងកាត់ខេត្ដកណ្ដាលប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧១គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ វិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មមស្ពាន និងថ្នល់ចិន (CRBC)។ តាមការគ្រោងទុកផ្លូវល្បឿនលឿនខ្សែទី២ នេះអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ និងចំណាយទុនប្រមាណ ១.៣៥ ពាន់លានដុល្លារ។
ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាលក៏បានសម្រេច សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះផងដែរ ដែលមានប្រវែង ១ ៦០០ ម៉ែត្រ នឹងគ្រោងបញ្ចប់ដំណាលគ្នាជាមួយផ្លូវល្បឿនលឿនខាងលើផងដែរ។
សូមជម្រាបថា នៅពេលផ្លូវល្បឿនលឿនទី២ដាក់ឲ្យដំណើរការ ការធ្វើដំណើរទៅមករវាងរាជធានីភ្នំពេញនិងក្រុងបាវិត នឹងចំណាយពេលត្រឹមតែជាង ១ ម៉ោងប៉ុណ្ណោះ។ ហើយអ្វីដែលពិសេសផ្លូវនេះ ក៏នឹងតភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាមថែមទៀតផង។
យ៉ាងណាមុននឹងឈានដល់ការបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការ ពេលនេះសូមប្រិយមិត្ដ មកទស្សនាគំរូប្លង់ និងរូបភាពទាំងស្រុងនៃគម្រោងផ្លូវល្បឿនលឿននេះ។ សូមរីករាយទស្សនាវីដូអូខាងក្រោម៖