ប្រហែលអាចមានអ្នកបានស្គាល់ហើយ និងមានអ្នកមិនទាន់ស្គាល់ រោងចក្រផលិតស៊ីម៉ង់ត៍ធំមួយដែលកំពុងផលិតស៊ីម៉ង់ត៍ដ៏ច្រើនលើសលប់នៅក្នុងខេត្ដកំពត។ ខណៈរោងចក្រមួយនេះត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុនកម្ពុជា-ថៃ ដោយក្នុងមួយថ្ងៃអាចផលិតស៊ីម៉ង់ត៍បានចំនួន ៥០០០ តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា។
ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ដ៏ច្រើនមួយនេះមានឈ្មោះ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលបានបង្កើតឡើងនៅចុងឆ្នាំ២០១៥ តាមរយៈការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ស៊ីយ៉ាម ស៊ីធី ស៊ីមេន ផាប់ប្ល៊ិក ខមភែនី លីមីតធីត (SCCC) ប្រទេសថៃ។
តាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន នេះមានទីតាំងស្ថិតនៅតំបន់ភ្នំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ រោងចក្រនេះបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ បាននិងកំពុងអនុវត្តសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ស៊ីម៉ងត៍ទាំងក្នុង និងក្រៅប្រទេស។
ក្រសួងបន្ដថា ខេត្តកំពត គឺជាខេត្តមួយដែលមានវិសាលភាពហ៊ុំព័ទ្ធទៅដោយជួរភ្នំជាច្រើន។ ផ្អែកទៅលើសក្តានុពលដែលមានស្រាប់ ខេត្តកំពតបានផ្តល់ភាពងាយស្រួលទៅកាន់អ្នកវិនិយោគក្នុងការសាងសង់រោងចក្រដើម្បីផលិតស៊ីម៉ងត៍សម្រាប់បំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។
តាមការបញ្ជាក់ពីក្រុមហ៊ុន ការផលិតផលស៊ីម៉ងត៍របស់ខ្លួនបានប្រើប្រាស់នូវម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដោយមានសមត្ថភាពផលិតស៊ីម៉ងត៍បាន៥០០០តោនក្នុងមួយថ្ងៃឯណោះ។ ចំពោះការផលិតផលស៊ីម៉ងត៍នេះត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលសម្រិតសម្រាំងយ៉ាងល្អ ជាមួយនឹងស្ដង់ដាគ្រប់គ្រង និងធានាគុណភាពលំដាប់ពិភពលោក អាចផ្គត់ផ្គង់ទាំងទីផ្សារលក់រាយ និងផ្គត់ផ្គង់ឧស្សាហកម្មបានថែមទៀតផង៕