ការជូនអាំងប៉ាវ គឺជាទំនៀមទម្លាប់ដែលត្រូវបានគេធ្វើនៅអំឡុងពិធីបុណ្យប្រពៃណី ចិន-វៀតណាម ឬហៅម្យ៉ាងទៀតថា “បុណ្យចូលឆ្នាំចិន ឬពិធីបុណ្យនាទិឃរដូវ”។ ខណៈការជូនអាំងប៉ាវនេះ ប្រជាជនចិនជឿថាជាការនាំលាភសំណាង ផ្តល់សុភមង្គល និងជូនពរជ័យបន្ថែមទៀតដល់អ្នកទទួល ដែលភាគច្រើនជាក្មេងៗនិងចាស់ទុំ។
យ៉ាងណាមិញតាមប្រភពពី Chinahighlights បានឱ្យដឹងថា ក្នុងទំនៀមរបស់ជនជាតិចិន ការដាក់លុយក្នុងអាំងប៉ាវគឺមានក្បួនខា្នត៥យ៉ាង សម្រាប់ដាក់ចំនួនលុយឱ្យបានត្រឹមត្រូវ ទៅតាមឋានៈអ្នកទទួល ទើបនាំលាភសំណាងល្អ៖
១. អាំងប៉ាវសម្រាប់មនុស្សចាស់៖ ឪពុកម្ដាយ និងជីដូនជីតាដែលមានវ័យចាស់ជាង គឺត្រូវដាក់លុយចន្លោះពី ៨០$ ទៅ ១៨៨$ ជានិច្ចនៅក្នុងស្រោមសំបុត្រពណ៌ក្រហមដែលហៅថាអាំងប៉ាវ។
២. អាំងប៉ាវសម្រាប់ក្មេង មិនទាន់មានប្រាក់ចំណូល៖ ជាអ្នកដែលកំពុងនៅរៀន មិនទាន់មានមានប្រាក់ចំណូល ដូចជាកូនរបស់មិត្តភ័ក្ដិជិតស្និទ្ធ , កូនរបស់សាច់ញាតិ និង កូនរបស់មិត្តរួមការងារគឺ ត្រូវដាក់លុយចន្លោះពី ២០$ ទៅ ៨០$ ជានិច្ចនៅក្នុងអាំងប៉ាវ។
៣. អាំងប៉ាវសម្រាប់កូនខ្លួនឯង៖ ត្រូវដាក់លុយចាប់ពី ២០$ ទៅ ៨០$ ឡើងទៅរហូតដល់ចំនួនណាមួយ ដែលអ្នកសប្បាយចិត្តក្នុងការផ្ដល់ឲ្យពួកគេ។
៤. អាំងប៉ាវសម្រាប់បុគ្គលិក៖ ត្រូវដាក់លុយចន្លោះពី ២០ដុល្លារ ទៅ ២០០ដុល្លារ ជានិច្ចនៅក្នុងអាំងប៉ាវ ហើយត្រូវជូនពួកគេ នៅថ្ងៃធ្វើការចុងក្រោយ មុនថ្ងៃឈប់សម្រាកចូលឆ្នាំចិន។
៥. អាំងប៉ាវសម្រាប់ក្មេងៗដទៃទៀត៖ ត្រូវរៀបចំអាំងប៉ាវតូចៗមួយចំនួន ដែលមានលុយ ៦ដុល្លារ ឬ ៨ដុល្លារ សម្រាប់កូនៗរបស់អ្នកស្គាល់គ្នាធម្មតា ក្នុងករណីអ្នកជួបពួកគេក្នុងអំឡុងពេលចូលឆ្នាំចិន។
សូមជម្រាបថា ស្រោមសំបុត្រក្រហមថ្ងៃចូលឆ្នាំចិនឬអាំងប៉ាវ គឺជាអំណោយសម្រាប់ក្មេងៗ ឬមនុស្សចាស់ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ នៅក្នុងប្រទេសចិន ស្រោមសំបុត្រក្រហម ត្រូវបានគេហៅថា យ៉ា ស៊ួយ គីន ដែលមានន័យថា ជារបស់ការបណ្តេញភាវៈអាក្រក់ និងនាំលាភសំណាងដល់ក្មេងៗ។
ជាទូទៅ នៅថ្ងៃចូលឆ្នាំចិនកូនៗ និងចៅៗតែងតែជូនពរដល់ឪពុកម្តាយ និងជីដូនជីតារបស់ពួកគេ ហើយជាការតបស្នងវិញ ចាស់ទុំក៏ជូនអំណោយដល់កូនៗ និងចៅៗ នូវស្រោមសំបុត្រក្រហម ជាមួយនឹងលុយ ដើម្បីឱ្យពរពួកគេមានសំណាងល្អក្នុងឆ្នាំថ្មី៕