តាវ ជឺកុងគឺជាអ្នកជំនួញបុរាណរបស់ប្រទេសចិន ដែលគាត់មានភាពល្បីល្បាញជាអ្នកពូកែរកស៊ីជាង ២៥០០ឆ្នាំមកហើយ ទៅលើផ្នែកយុត្តិសាស្រ្តនិងនយោបាយធ្វើសង្គ្រាមនាសម័យនោះ ហើយគាត់ក៏ជាមហាសេដ្ឋីចិនដំបូងប្រចាំប្រទេសដែលមានទ្រព្យច្រើនជាងគេបំផុត ពោលគឺច្រើនជាងទ្រព្យរបស់ Jack Ma នៅពេលបច្ចុប្បន្ននេះទៅទៀត។ទាំងនេះដោយសារតែគាត់ជាមនុស្សពូកែក្នុងការរកស៊ី ហើយមូលហេតុដែលធ្វើឱ្យគាត់ប៉ិនប្រសប់ក្នុងការរកស៊ី ព្រោះគាត់បានប្រើច្បាប់មាសចំនួន ១២ នេះ ៖
១.សមត្ថភាពស្គាល់មនុស្ស ៖ ជាសមត្ថភាពមើលឱ្យស្គាល់ពីចរិតមនុស្សមិនមែនស្គាល់លំៗនោះទេ តែត្រូវស្គាល់ច្បាស់ ព្រោះនៅពេលស្គាល់មនុស្សច្បាស់នៅពេលយើងរកស៊ីយើងនឹងមិនងាយចាញ់បោកគេទេ។ថ្វីបើការមើលចិត្តមនុស្សនេះជារឿងដែលពិបាកប៉ុន្តែអ្នករកស៊ីត្រូវតែសិក្សាបន្ថែមទៅទស្សនៈវិទ្យាឱ្យបានច្រើន និងស្គាល់ឱ្យបានស៊ីជម្រៅ ទើបធ្វើឱ្យការរកស៊ីរីកចម្រើនមិនងាយរងគ្រោះដោយសារការចាញ់បោកគេ។
២.សមត្ថភាពទទួលមនុស្ស ៖ ក្រៅពីស្គាល់មនុស្សហើយ អ្វីដែលអ្នករកស៊ីត្រូវចេះបន្ថែមគឺការទទួលមនុស្សដោយការគោរព និងភាពរីករាយ ជាពិសេសត្រូវចេះដោះស្រាយបញ្ហាជាមួយមនុស្សគ្រប់ប្រភេទ ចេះបត់បែនបែបនេះទើបហៅថា ចេះទទួលមនុស្ស។
៣.សមត្ថភាពផ្តោតលើអាជីវកម្ម៖ សមត្ថភាពផ្តោតលើអាជីវកម្មនេះ ចង់សំដៅទៅដល់ការចាប់ឱ្យច្បាស់មួយ មិនមែនចង់ចាប់នេះចាប់នោះមិនច្បាស់នោះទេ ការធ្វើបែបនេះវាងាយនឹងបង្ករជាបញ្ហាដោយសារភាពមិនច្បាស់លាស់ មិនតែប៉ុណ្ណោះវាធ្វើឱ្យការរកស៊ីមិនទៅមុខព្រោះតែការចាប់ច្រើនពេកមិនប្រាកដមួយណាជាមួយណា។ ហេតុនេះនៅពេលចេញរកស៊ីបងប្អូនគួរតែផ្តោតមួយៗឱ្យច្បាស់ជាមុនសិន កុំចាប់លំៗហើយមិនច្បាស់របរមួយប្រាកដ។
៤.សមត្ថភាពរៀបចំ ៖ការរៀបចំនេះជាគំនិតសមញ្ញបំផុតតែក៏ងាយមានអ្នកមើលរំលងដែរ បើតាមសេដ្ឋីចិនខាងលើគាត់បាននិយាយថា ការរកស៊ីចាំបាច់គឺការតាំងលម្អរ ហេតុនេះម្ចាស់អាជីវកម្មត្រូវចេះតុបតែងអាជីវកម្មឱ្យទាក់ទាញ។
៥.សមត្ថភាពបត់បែន ៖ ក្នុងនាមជាអ្នករកស៊ីត្រូវតែឆ្លាត និងចេះបត់បែន មានការសម្រេចចិត្តត្រឹមត្រូវហើយរហ័ស មិនស្ទាក់ស្ទើរ ប៉ុន្តែនៅតែមិនចោកការផ្តោតលើការរកស៊ីដដែលគ្រាន់តែត្រូវពង្រឹងសមត្ថភាពបត់បែនតាមកាលៈទេសៈពីលើមួយបន្ថែមទៀត។
៦.សមត្ថភាពទារលុយ ៖ ក្នុងនាមជាអ្នករកស៊ី លោក តាវ ជឺកុង ប្រាប់ថាត្រូវទេមានសមត្ថភាពទារលុយពីភ្ញៀវ ទារដោយភាពឈ្លាសវៃ និងត្រូវតែឧស្សាហ៍ហើយកុំបោះបង់ ត្រូវតែទារពីអ្នកជំពាក់ឱ្យបានដោយការរំលឹកជាញឹកញាប់។
៧.សមត្ថភាពប្រើមនុស្ស ៖ រឿងសំខាន់បំផុតសម្រាប់អ្នករកស៊ីគឺសមត្ថភាពប្រើមនុស្ស ប្រើមនុស្សឱ្យចំគោលដៅ និងរើសមនុស្សឱ្យត្រូវនឹងការងារ។
៨.សមត្ថភាពយល់ពីបញ្ហា ៖ សហគ្រិនដែលពូកែជាសហគ្រិនដែលចេះយល់ពីបញ្ហានិងដោះបញ្ហា នេះជាសមត្ថភាពចាំបាច់បំផុតសម្រាប់អ្នករកស៊ី ព្រោះនៅពេលចេញរកស៊ីមានបញ្ហារាប់រយជំពូកដែលយើងត្រូវគិតទាំងក្នុងក្រុមហ៊ុន និងក្រៅក្រុមហ៊ុនហេតុនេះ អ្នករកស៊ីត្រូវយល់ពីបញ្ហាថាវាកើតចេញមកពីណា បណ្តាមកពីអ្វី ហើយដោះស្រាយវាដោយភាពឈ្លាសវៃបំផុត។
៩.សមត្ថភាពទិញ ៖ សមត្ថភាពទិញក្នុងន័យនេះ ចង់សំដៅទៅដល់ការទិញដោយភាពឈ្លាសវៃ ចេះត្រូវមានសមត្ថភាពក្នុងការតថ្លៃ និងជ្រើសរើសរបស់ដែលមានគុណភាពក្នុងតម្លៃមួយដែលល្អជាគេបំផុត ដែលធ្វើឱ្យយើងចំណាយថវិកាអស់តិចជាងមុន។
១០.សមត្ថភាពវិភាគឱកាសនិងការគំរាមកំហែង ៖ ជាអ្នករកស៊ីត្រូវចេះមើលឱកាស ត្រូវដឹងថាពេលណាគួរទិញចូល និងគួរលក់ចេញ កាលៈទេសៈណាគួរចាយហើយកាលៈទេសៈណាមិនគួរចាយ ដែលចំណុចនេះសំខាន់មែនទែនសម្រាប់អ្នករកស៊ីជាពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ។
១១.សមត្ថភាពធ្វើជាគំរូ ៖ ធ្វើជាមេគេដាច់ខាតត្រូវតែមានភាពជាគំរូឱ្យកូនចៅ នោះទើបធ្វើឱ្យការរកស៊ីរបស់យើងអាចរីកចម្រើនទៅបាន ព្រោះនៅពេលម្ចាស់អាជីវកម្មដឹកនាំបានល្អ យើងនឹងបានទំនុកចិត្តពីថ្នាក់ក្រោម ធ្វើឱ្យថ្នាក់ក្រោមអាចបំពេញការងារបានឱ្យអស់ពីចិត្តនិងធ្វើការដូចជាការងាររបស់ខ្លួនឯងអ៊ីចឹង។
១២.សមត្ថភាពមើលឱ្យឆ្ងាយ ៖ ក្បួនរកស៊ីចុងក្រោយរបស់សេដ្ឋីចិន តាវ ជឺកុង គឺជាសហគ្រិនត្រូវមានសមត្ថភាពមើលឱ្យវែងឆ្ងាយ ជាពិសេសត្រូវដឹងថាពេលណាគួរពង្រីកការរកស៊ីបន្ថែមហើយពេលណាមិនគួរពង្រីក នេះជាសមត្ថភាពដែលសំខាន់បំផុតចុងក្រោយដែលសហគ្រិនទាំងអស់ត្រូវពង្រឹងបន្ថែម។
អត្ថបទដោយ៖សម្បត្តិ សុខឡាង