ធនាគារ ឈីហ្វ (Chief Bank) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ (Forte Life Assurance) ស្តីពីការផ្តល់ជូននូវ ដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់ជូននូវហិរញ្ញវត្ថុដ៏ទូលំទូលាយ ដើម្បីផ្ដល់ភាពកក់ក្ដៅផ្លូវចិត្ត និងលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជន។
ព្រឹត្តិការណ៍នៅអគារ ភីអេច ហ្រ្គេនហល ២ (PH Grand Hall 2) ក្នុងប៉េងហួតបឹងស្នោ នៅថ្ងៃទី ៩ ខែធ្នូនេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ និង ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរ។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ជាប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ ដោយលើកឡើងថា លោក ព្រូ ស៊ីថន ជាអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ តំណាងឱ្យ៖ «ចក្ខុវិស័យចែករំលែកនៃការផ្តល់សេវាហិរញ្ញវត្ថុដែលមិនអាចប្រៀបផ្ទឹមបាន «ថ្នាក់មេដឹកនាំឧស្សាហកម្មទាំងពីរ»។
«ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ធនាគារ ឈីហ្វ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នៅពេលដែលយើងរួមគ្នាដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដ៏សំខាន់នេះ»។
លោកបណ្ឌិតបានឱ្យដឹងទៀតថា៖ «កិច្ចសហការនេះតំណាងឱ្យចក្ខុវិស័យរួមនៃការផ្តល់សេវាហិរញ្ញវត្ថុ និងការការពារដែលមិនអាចប្រៀបផ្ទឹមបានដល់អតិថិជនដ៏មានតម្លៃរបស់យើង»។
«ភាពជាដៃគូយុទ្ធសាស្ត្រនឹងអាចឱ្យយើងប្រើប្រាស់នូវភាពខ្លាំង ជំនាញ និងធនធានរបស់គ្នាទៅវិញទៅមក ទីបំផុតបង្កើនសមត្ថភាពរបស់យើងក្នុងការបម្រើតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជនរបស់យើងនៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលមិនធ្លាប់មាន»។
លោក ព្រូ ស៊ីថន ជាអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ក៏បានបង្ហាញនូវក្ដីរំភើបរីករាយក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយលោកកត់សម្គាល់ថា ភាពជាដៃគូ ត្រូវបានធ្វើឡើងចំពេលប្រារព្ធខួបលើកទី ១០ របស់ធនាគារ ឈីហ្វ ដែលធ្វើឱ្យវេលានេះកាន់តែពិសេសមានអត្ថន័យជ្រាលជ្រៅ។
លោកអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ មានប្រសាសន៍ថា៖ «ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយផ្សេងទៀតនៅក្នុងដំណើររបស់ Forte និង Chief Bank ហើយខ្ញុំពិតជារំភើបណាស់ដែលពិធីចុះហត្ថលេខានេះ ដើម្បើសម្គាល់ការចាប់ផ្តើមនៃភាពជាដៃគូដ៏យូរអង្វែងនេះ ស្របគ្នានឹងការប្រារព្ធខួបលើកទី ១០ឆ្នាំ របស់ធនាគារ ឈីហ្វ។
លោក ស៊ីថន បានលើកឡើងថា៖ «មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការរបស់យើង គឺស្ថិតនៅលើគោលការណ៍ស្នូលជារួមមួយ។ ទស្សនវិជ្ជារបស់យើងគឺ «The Chief Way» ផ្ដោតទៅលើការកសាងជំនឿទុកចិត្ត ភាពស្មោះត្រង់ តម្លាភាព និងផ្ដល់អាទិភាពជាចម្បងដល់អតិថិជន ជាគោលការណ៍មូលដ្ឋានគ្រឹះនៃអាជីវកម្មរបស់យើង»។
លោកបានមានប្រសាសន៍ទៀតថា៖ «ភាពជាដៃគូនេះត្រូវបានបង្កើតឡើងសម្រាប់រយៈពេលវែង ហើយមានគោលបំណងកសាងអនាគតដ៏វិបុលភាពដោយផ្តោតលើការផ្តល់ផលប្រយោជន៍ដល់អតិថិជនដ៏មានតម្លៃរបស់យើង»៕