កញ្ញា ឆម ស្រីផាច គឺជាអ្នកធ្វើវីដេអូចម្អិនអាហារបែបស្រុកស្រែចំការមួយរូប ដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើ Facebook ជាពិសេសគឺមួយរយៈចុងក្រោយនេះ ដែលគ្រប់វីដេអូរបស់កញ្ញាមានអ្នកទស្សនារាប់លាន និងមានវីដេអូខ្លះមានអ្នកមើលរហូតដល់ទៅ ៦.២លាននាក់ឯណោះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia កញ្ញា ឆម ស្រីផាច បានប្រាប់ឱ្យដឹងថាកញ្ញាគឺជាកូនអ្នកខេត្តបន្ទាយមានជ័យ មុនកញ្ញាបោះជំហានធ្វើវីដេអូ កញ្ញាជាសិស្សដែលទើបនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ Business ហើយការធ្វើវីដេអូនេះទៀតសោតគឺកញ្ញាបានចាប់ផ្តើមធ្វើតាំងតែពីឆ្នាំ ២០១៧ មកម្លេះ ប៉ុន្តែដោយសារជាប់សិក្សាទើបកញ្ញាមិនសូវបានផ្តោតពេញលេញលើការធ្វើវីដេអូនោះទេ ហើយទើបតែរយៈពេល ៤ខែចុងក្រោយនេះ បន្ទាប់ពីបញ្ចប់ការសិក្សា ទើបកញ្ញាបានផ្តោតធ្វើពេញលេញទាំងស្រុង ហើយគ្រាន់តែចាប់ផ្តើមធ្វើពេញភ្លាមសន្ទុះនៃការគាំទ្រក៏មានការកើនឡើងខ្លាំង រហូតធ្វើឱ្យផេក Chhom Srey Pach ទទួលបានអ្នកតាមដានរហូតដល់ទៅជាង ១លាននាក់។
អ្នកផលិតវីដេអូវ័យ ២៤ ឆ្នាំរូបនេះបានបន្តទៀតថា ប៉ុន្តែទន្ទឹមនឹងការផលិតវីដេអូដែលល្អៗរហូតមានអ្នកទស្សនា មានភាពល្បីល្បាញនិងការគាំទ្រដ៏ច្រើននេះ នៅក្រោយការផលិតវីដេអូនីមួយៗកញ្ញាក៏ជួបផលលំបាកច្រើនផងដែរ ដោយហេតុថាការផលិតវីដេអូម្ហូបនីមួយៗកញ្ញាត្រូវចំណាយថវិកាសម្រាប់ការទិញគ្រឿងផ្សំដើម្បីធ្វើ ដែលពេលខ្លះកញ្ញាពុំមានថវិកាគ្រប់គ្រាន់សម្រាប់ទិញនោះទេ។ហើយផលលំបាកមួយទៀតនោះគឺកង្វះខាតឧបករណ៍សម្រាប់ថតគឺកញ្ញាមិនមានកាំមេរ៉ាដែលមានតម្លៃថ្លៃអ្វីថតនោះទេ គឺមានត្រឹមតែទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះដើម្បីថតវីដេអូរាល់ថ្ងៃនេះ។
ប៉ុន្តែមកដល់បច្ចុប្បន្ននេះ កញ្ញាក៏មានសម្ភារដើម្បីថតវីដេអូបានកាន់តែប្រសើរជាងមុន រហូតធ្វើឱ្យគុណភាពវីដេអូមានការកើនឡើង ហើយបន្តមានអ្នកតាមដានជាហូរហែរហូតទទួលបានប៊ូតុងប្រាក់ពីក្រុមហ៊ុន YouTube ជា Channel ដែលមានអ្នកតាមដានដល់ ១០ម៉ឺននាក់។ក្រោយពីទទួលបាន Silver Play Button ពីក្រុមហ៊ុន YouTube កញ្ញា ស្រីផាច ក៏បានសម្តែងអារម្មណ៍យ៉ាងដូច្នេះថា “ រីករាយថ្ងៃកំណើតខ្លួនឯង YT Surprise gift” ៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង