នៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ជាទូទៅប្រព័ន្ធធនាគារឱ្យខ្ចីប្រាក់ដោយមានទ្រព្យបញ្ចាំជាដី ជាផ្ទះសម្បែង ហើយកាលណាដែលមានទ្រព្យបញ្ចាំប្រភេទនេះ បើធនាគារមិនមានលទ្ធភាពវាយតម្លៃជាក់លាក់ទេ នោះឥណទានដែលធនាគារផ្ដល់អាចជួបនឹងហានិភ័យ”។
អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាខាងលើនេះ បានបញ្ជាក់ដែរថា “វិស័យអចលនទ្រព្យនិងសំណង់ បានក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ហើយព័ត៌មាននិងទិន្នន័យ ដែលពាក់ព័ន្ធនឹងវិស័យនេះរឹតតែសំខាន់ថែមទៀត ក្នុងការវាយតម្លៃហានិភ័យដែលអាចកើតមានលើវិស័យពាក់ព័ន្ធ ពិសេសលើវិស័យហិរញ្ញវត្ថុ”។ ក្នុងន័យនេះអាចបញ្ជាក់បានថា វិស័យធនាគារគួរតែទទួលបានព័ត៌មានក៏ដូចជាទិន្នន័យដែលពាក់ព័ន្ធនឹង វិស័យអចលនទ្រព្យនិងសំណង់ ដើម្បីមានលទ្ធភាពវាយតម្លៃទៅលើទ្រព្យបញ្ចាំឱ្យបានជាក់លាក់និងអាចកាត់បន្ថយហានិភ័យ។
ជាមួយគ្នានេះដែរលោកជំទាវ ក៏បានពន្យល់បន្ថែមដោយលើកជាឧទាហរណ៍ថា “ផ្ទះមួយតម្លៃ១លានដុល្លារ ហើយធនាគារឱ្យកម្ចី៥០ម៉ឺនដុល្លារ ក្រោយមកស្រាប់តែវិបត្តិអ្វីមួយធ្វើឱ្យផ្ទះនោះធ្លាក់ថ្លៃមកត្រឹម ៦០ម៉ឺន ហេតុនេះប្រសិនបើអ្នកខ្ចីនោះមានបញ្ហាត្រូវធ្វើការរឹបអូសវាអាចនឹងមិនគ្រប់ចំនួននូវអ្វីដែលធនាគារបានឱ្យខ្ចីព្រោះត្រូវចំណាយថ្លៃច្បាប់អ្វីផ្សេងៗទៀត”។ ដូច្នេះហើយមានន័យថាការដឹងព័ត៌មានអំពីវិស័យអចលនទ្រព្យនិងសំណង់ ថាវាកើនឡើងឬធ្លាក់ចុះ ទាន់ពេលវេលា វាជាការល្អសម្រាប់វិស័យធនាគារក្នុងការប្រុងប្រយ័ត្ននិងត្រៀមខ្លួនទុកមុន ដើម្បីរកចំណោះស្រាយមកកាត់បន្ថយហានិភ័យ មិនតែប៉ុណ្ណោះវាក៏អាចជួយទៅដល់វិស័យសេដ្ឋកិច្ចជាតិទាំងមូលក្នុងការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុបានផងដែរ។
អត្ថបទដោយ៖ សូ សុខលី