បច្ចុប្បន្នយើងឃើញថា មានសហគ្រិនវ័យក្មេងជាច្រើនបាននឹងកំពុងចាប់ផ្តើមធ្វើអាជីវកម្មជាបន្តបន្ទាប់ ហើយភាគច្រើននៃអាជីវកម្មទាំងនោះគឺជាអាជីវកម្មខ្នាតតូចដែលចាប់ផ្តើមឡើងពីដើមទុនតិចតួច ជាមួយក្តីស្រមៃ និងការស្រលាញ់ចេញពីបេះដូងដែលសហគ្រិនទាំងនោះបានដាក់ចូលទៅក្នុងអាជីវកម្មរបស់ពួកគេ។
ជាក់ស្តែង អ្នកនាង ជា គីមតាយ ជាអាជីវករលក់អង្ករខ្មែរមួយរូប ដែលបច្ចុប្បន្នកញ្ញាទើបតែមានអាយុ២២ឆ្នាំតែប៉ុណ្ណោះ ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៨ ហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យបានត្រឹមតែមួយរយៈពេលខ្លីដោយមានបញ្ហាសុខភាពនិងពិបាកក្នុងការរស់នៅទីក្រុងភ្នំពេញ កញ្ញាក៏បានសម្រេចចិត្តផ្អាកការសិក្សាមួយរយៈពេលសិន ហើយមកចាប់ផ្តើមអាជីវកម្មលក់អង្ករនេះ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកនាងបានលើកឡើងយ៉ាងដូច្នេះថា៖ «មូលហេតុដែលខ្ញុំចាប់ផ្តើមធ្វើអាជីវកម្មនេះគឺដោយសារខ្ញុំស្រលាញ់អង្ករខ្មែរ និងមើលឃើញពីគុណភាពនឹងឱជារសរបស់អង្ករខ្មែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺខ្ញុំចង់លើកតម្កើនអង្ករខ្មែរឲ្យមានទីផ្សារទូលំទូលាយ»។
ជាមួយគ្នានោះដែរ ក្នុងការចាប់ផ្តើមអាជីវកម្មលក់អង្ករដំបូងកញ្ញាចំណាយដើមទុនមិនសូវជាច្រើនប៉ុន្មានទេ។ ព្រោះអ្នកនាងមានស្រូវជារបស់ខ្លួនឯងស្រាប់មួយចំនួន ហើយមួយចំនួនទៀតគឺបានមកដោយការប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងតំបន់ដែលអ្នកនាងរស់នៅនោះ។ ហើយសម្រាប់ការគៀងគរទុនទៀតសោត គឺកើតចេញពីការសន្សំរបស់កញ្ញាផ្ទាល់ និងមួយចំណែកទៀតគឺបានមកពីការជួយរបស់ឪពុកម្តាយ។
សហគ្រិនវ័យក្មេងរូបនេះបានបន្តទៀតថា បច្ចុប្បន្នអង្ករខ្មែរមិនសូវជាមានទីផ្សារទូលំទូលាយនៅឡើយទេ ដោយសារភាគច្រើនគឺមានតម្លៃខ្ពស់ជាងអង្ករនាំចូលពីខាងក្រៅ។ ដូច្នេះវាជាកត្តាមួយបង្កឲ្យមានការប្រកួតប្រជែងខ្លាំងដែលធ្វើឲ្យអង្ករខ្មែរមានភាពលំបាកបន្តិចនៅក្នុងការលក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្ករខ្មែរនៅតែអាចលក់ដាច់បានច្រើនដដែរដោយសារឱជារសដ៏ឈ្ងុយឆ្ងាញ់ និងគុណភាពខ្ពស់។
ក្នុងនោះ អ្នកនាងបានចែករំលែកទៅកាន់អ្នកដែលចង់ចាប់ផ្តើមធ្វើអាជីវកម្មថ្មីថ្មោង កុំចាំបាច់ដល់មានអ្វីគ្រប់យ៉ាងទើបចាប់ផ្តើម អ្នកអាចធ្វើវាឥឡូវនេះជាមួយនឹងដើមទុនតិចតួចដែលអ្នកមាន ធនធាន និងសមត្ថភាព បូករួមទាំងចំណង់ចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកដាក់ចិត្តដាក់កាយក្នុងការធ្វើវា អ្នកនឹងទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ ព្រោះអ្វីគ្រប់យ៉ាងគឺចាប់ផ្តើមពីតូចទៅ។ ហើយការចាប់ផ្តើមគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ បើអ្នកមិនចាប់ផ្តើមនៅពេលនេះតើអ្នកនឹងចាប់ផ្តើមធ្វើវានៅពេលណា។
គួរជម្រាបផងដែថា ប្រសិនបើបងប្អូនចង់ជាវអង្ករខ្មែរដែលមានគុណភាពល្អ និងដាំដុះដោយប្រជាកសិករខ្មែរផ្ទាល់ អាចធ្វើការទំនាក់ទំនងទៅកាន់អ្នកនាង ជា គីមតាយ តាមរយៈលេខទូរស័ព្ទ 070323973 / 0965058762៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24