ក្នុងសម័យបច្ចេកវិទ្យា មានអាជីវកម្មប្លែកៗជាច្រើនដែលអាចចាប់ផ្ដើមពីដើមទុនតិចតួចបំផុត ឬមិនត្រូវការដើមទុនជាលុយសោះក៏មាន។ ជាបទពិសោធន៍ បុរសវ័យ៣០ឆ្នាំ Charlie Chang អាចរកប្រាក់ចំណូលអកម្មប្រចាំខែប្រមាណ ១១៤,០០០ ដុល្លារពីរបរសម័យថ្មីដែលប្រើដើមទុនតិចតួចបំផុត។ លោកបង្ហាញថា អាជីវកម្មទាំងនេះអាចចាប់ផ្ដើមពីដើមទុនតិចជាង ៩៩ដុល្លារក៏បានដែរ ព្រោះវាត្រូវការជំនាញច្រើនជាង ទុនជាលុយ។ ជំនួញទាំង៣នោះរួមមាន៖
១. Affiliate Marketing (ជួយផ្សព្វផ្សាយលីងផលិតផល ឬសេវាកម្ម)
វាជាជំនួញដ៏ពេញនិយមមួយនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ដែលជំនួញនេះគឺមិនត្រូវការដើមទុនសោះសូម្បីតែ១ដុល្លារ ប៉ុន្តែវាទាមទារសមត្ថភាពអ្នកក្នុងការជួយប្រូម៉ូត ឬលក់់ផលិតផលអ្នកដទៃ តាមរយៈលីងផ្សព្វផ្សាយរបស់អ្នក។ និយាយឱ្យងាយយល់ អ្នកអាចយកលីងផលិតផល ឬក៏សេវាកម្មក្រុមហ៊ុនណាមួយមកជួយផ្សព្វផ្សាយឱ្យគេ ហើយពេលដែលអតិថិជនណាម្នាក់ ចុចចូលទិញតាមរយៈលីងដែលអ្នកបានយកមកជួយផ្សព្វផ្សាយនោះ អ្នកនឹងទទួលបានភាគរយ ឬប្រាក់កម្រៃជើងសារត្រឡប់មកវិញ។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជាក៏មានក្រុមហ៊ុនមួយចំនួន បើកឱ្យយើងអាចរកចំណូលពី Affiliate Marketing នេះផងដែរ។
២. YouTube Adsense (ផ្សព្វផ្សាយពាណិជ្ជកម្មពីយូធូប)
ការបង្កើតមាតិកាផុសនៅលើបណ្ដាញសង្គមយូធូប គឺបានបង្កើតសេដ្ឋីជាច្រើនរូប។ យើងក៏អាចធ្វើការរកចំណូលពីយូធូបបានផងដែរ សំខាន់ឱ្យតែអ្នកមានសមត្ថភាព ទេពកោសល្យ ឬមានអ្វីដែលល្អៗសម្រាប់ចែករំលែកហើយអាចទាញអ្នកទស្សនាទាំងនោះក្នុងស្រុក និងក្រៅស្រុកបាន។ ប្រសិនបើអ្នកទើបចាប់ផ្ដើមថ្មីៗ ចង់រកចំណូលពីយូធូប គឺត្រូវបំពេញលក្ខខណ្ឌសំខាន់ៗដូចជា ត្រូវមានអ្នកចុច Subscribes ចំនួន១ពាន់នាក់យ៉ាងតិច និងឆានែលត្រូវមានអ្នកទស្សនាវីដេអូសរុបបាន៤ពាន់ម៉ោង។
សូម្បីតែ Charlie Chang ក៏អាចរកចំណូលបានច្រើនពីយូធូប ក្រោយពេលដែលលោកផុសវីដេអូទៀងទាត់លើវា និងជ្រើសរើសមាតិកាដែលនិយាយអំពីហិរញ្ញវត្ថុ ដែលជាអ្វីដែលលោកចូលចិត្ត។
៣. Digital products (ផលិតផលឌីជីថល)
ការលក់ផលិតផលឌីជីថល ក៏ជាទំនោរថ្មីនៃការធ្វើជំនួញផងដែរ ហើយវាក៏មិនសូវប្រើនូវដើមទុនច្រើននោះដែរ។ ជាក់ស្ដែងយើងអាចផលិតវីដេអូមេរៀនពីអ្វីដែលយើងមានជំនាញលក់ អាចសរសេរសៀវភៅ អាចលក់ផលិតផលដទៃទៀតដែលមានតម្រូវការ។ គុណសម្បត្តិនៃការលក់ផលិតផលឌីជីថលនេះគឺ ចំណាយតិច លឿន រហ័ស និងអាចពង្រីកបានទូលំទូលាយបំផុត។
ជារួមមកវិញ ប្រសិនបើមានដើមទុនតិចតួច ហើយចង់រកស៊ីតែមិនដឹងគួរធ្វើអ្វី មិត្តអ្នកអានក៏អាចសាកល្បងយកជំនួញទាំង៣ប្រភេទខាងលើមកពិចារណាផងដែរ ព្រោះជំនួញទាំងនេះ ពេលកសាងគ្រឹះវាបានហើយ ទោះបីជាអ្នកគេងលក់ក៏វាអាចរកចំណូលឱ្យអ្នកបានដែរ។ ជំនួញទាំង៣នេះគឺត្រូវការសមត្ថភាព ជំនាញ ទេពកោសល្យ និងគំនិតច្នៃប្រឌិតច្រើនជាងដើមទុន៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713
សៀវភៅ "ស្មុគស្មាញ" ជួយឱ្យជីវិតអ្នក រស់នៅមានក្ដីសុខច្រើនជាងមុន !