Charles & Keith គឺជាម៉ាកកាបូប និងស្បែកជើងប្រណិតដ៏ពេញនិយមដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយបងប្អូនជនជាតិសិង្ហបុរីពីរនាក់គឺ Charles Wong និងប្អូនប្រុសរបស់គាត់ Keith Wong ។ ជាការពិតណាស់បើទោះបីជាយីហោចាស់វស្សាមួយនេះបើកយូក៏ដោយហើយក្តី ក៏ប្រេនមួយនេះនៅតែឈរជើងបានយូរ នៅតែលក់ដាច់ រហូតក្លាយជាម៉ាកល្បីលើឆាកអន្តរជាតិថែមទៀត។
តើបងប្អូនមានដឹងទេថា ហេតុអ្វីបានជាយីហោចាស់វស្សាមួយនេះ លក់ដាច់ខ្លាំងយ៉ាងបែបនេះ? តើអ្វីទៅជាស្នៀតលក់ដាច់ខ្លាំងរបស់ម៉ាកល្បីមួយនេះ? ជាមួយគ្នានេះដែរ ខាងក្រោមនេះជាគន្លឹះលក់កំពូលៗចំនួន៥ ធ្វើឱ្យប្រេនមួយនេះមានអតិថិជនគាំទ្រខ្លាំង៖
១. ចេញម៉ូដថ្មីជាប្រចាំ៖ មិនត្រឹមតែមានភាពប្រណិត និងទាក់ទាញតែប៉ុណ្ណោះទេ យីហោមួយនេះបានចេញម៉ូដជាប្រចាំ មួយសប្តាហ៍មិនមែនចេញម៉ូដ៣ មិនមែនបួន តែការរចនាថ្មីប្រហែល ១៥-២០ត្រូវបានណែនាំទៅក្នុងហាងរៀងរាល់សប្តាហ៍ ហើយក្នុងមួយឆ្នាំផលិតជាមធ្យម ១,០០០ សុទ្ធតែជាការរចនាថ្មីទាំងអស់។
២. តាមទាន់និន្នាការ៖ ជារៀងរាល់បុណ្យទានធំៗ ឬតាមរដូវកាលពិសេសៗ Charles & Keith តែងតែមានការតាំងបង្ហាញការបូបស្បែកជើងរបស់ខ្លួនទៅតាមព្រឹត្តការណ៍។ ឧទាហរណ៍ថា កំឡុងពេលនេះស្ថិតក្នុងរដូវរងារ ហាងមានដាក់តាំងស្បែកជើងកវែងសម្រាប់រដូវរងារ ជាមួយម៉ូដថ្មីមិនសាំភ្នែក ដូច្នេះហើយទើបអតិថិជនបាក់ចិត្តលើប្រេនមួយនេះខ្លាំង។
៣. ជួលអ្នកច្នៃរម៉ូដកំពូលៗ៖ បន្ទាប់ពីបានអានចំណុចលេខ១ហើយ បងប្អូនប្រហែលជាឆ្ងាល់ហើយថា មួយសប្តាហ៍ចេញម៉ូដរហូតដល់ទៅ១៥ឡើង ដូច្នេះគុណភាពប្រហែលជាមិនសូវល្អទេ។ ជាការពិតណាស់ Charles & Keith មិនមែនចេញម៉ូដច្រើនៗ ហើយគុណភាពមិនល្អនោះទេ ពោលគឺក្រុមហ៊ុនមានអ្នកច្នៃម៉ូតរហូតដល់ទៅ៧០នាក់ឯណោះ ដូច្នេះហើយក្នុងម្នាក់ទម្រាំចេញម៉ូដមួយបានក៏ត្រូវការពេលវេលាគ្រាន់បើដែរ ទើបចេញ១ម៉ូដ។
៤. ជួលបុគ្គលមានឥទ្ធិពល៖ ក្រៅពីមាន ម៉ូដថ្មី ដឹងនិន្នាការ មានភាពប្រណិត ធ្វើមិចអតិថិជនដឹង បើមិនមានការផ្សព្វផ្សាយ ម៉្លោះហើយទើបម៉ាក់ល្បីមួយនេះ ជួលបុគ្គលមានឥទ្ធិពលដើម្បីជួយផ្សព្វផ្សាយឱ្យខ្លួន ដូចជាតារាចម្រៀង បង្ហាញម៉ូដ តារាសម្តែងជាដើម ព្រោះបុគ្គលទាំងនោះនឹងជួយបញ្ហាញបផលិតរបស់អ្នកទៅកាន់អ្នកគាំទ្ររបស់គេ។
៥. សេវាកម្ម៖ បើមានតែចំណុច៤ខាងលើ ហើយសេវាអន់់ នោះអ្វីៗទាំងអស់នឹងស្មើរសូន្យ។ ទន្ទឹមនឹងនេះដែរ Charles & Keith បានវឹកហាត់បុគ្គលិករបស់គេបានយ៉ាងល្អដោយមិនរំខានអតិថិជនឡើយ ប៉ុន្តែពេលអតិថិជនត្រូវការមានពួកគាត់ចាំជួយជានិច្ច ហើយបើនិយាយអំពីការវេចខ្ចប់វិញគឺមានប្រអប់បិទការពារហើយព្រមទាំងមានស្រោមការពារខាងក្នុងមួយជាន់ថែមទៀត។
សម្រាប់បងប្អូនដែលមានគំនិតរកស៊ីល្អ ហើយចង់ចែករំលែងបងប្អូនអាចផ្ញើរមកកាន់ប្រអប់សារផេក Inspire ដែលមាននាងខ្ញុំថាត់សណាជាអ្នកឆ្លើយតមដោយផ្ទាល់៕
អត្ថបទដោយ៖ កញ្ញា នៅ ថាត់សណា