ជីវិតជាដំណើរដ៏វែងឆ្ងាយ រឿងដែលត្រូវពើបប្រទះក៏មានច្រើនអនេក រឿងខ្លះជាការចងចាំដ៏ល្អ រឿងខ្លះទៀតជាមេរៀនដ៏មានតម្លៃកាត់ថ្លៃពុំបានសូម្បីតែប្រាក់វាល់លានក៏មិនអាចទិញបានដែរ ចំណែកឯរឿងខ្លះទៀតគឺជាបទពិសោធន៍ជីវិត។ ក្នុងដំណើរដ៏វែងឆ្ងាយនេះ មនុស្សគ្រប់រូបត្រូវហែលឆ្លងឧបសគ្គ និងបែបផែនផ្សេងៗគ្នាដោយផ្អែកទៅលើស្ថានភាពជាក់ស្តែង។ ចុះប្រសិនបើយើងក្រីក្រលំបាកក្សត់ទ្រព្យធន តើធ្វើយ៉ាងណាទើបអាចរំដោះខ្លួនចេញពីភាពយ៉ាប់យឺននេះបាន។
ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ណុប ចាន់ ដែលជាអគ្គនាយកសាលាអន្តរជាតិ ចាន់ យុន (ChannYun International School) បានជីកកកាយប្រែសេចក្តីរៀបរាប់អត្ថន័យអំពីដំណើរជីវិតដែលធ្លាប់ជាអ្នកជនបទកូនកសិករត្រដរប្រឹងរៀន ហ៊ានក្រោកឡើងប្រឆាំងនឹងវាសនាតវ៉ាជាមួយព្រហ្មលិខិត ត្បិតខំស្ពាយរឿងទាំង៤នេះជាប់ខ្លួន ទើបអាចកសាងជីវិតមានពន្លឺភ្លឺរស្មីដូចនាពេលបច្ចុប្បន្ន៖
១/. ស្មោះត្រង់
ភាពស្មោះត្រង់ប្រៀបដូចជាពេជ្រលម្អខ្លួនតុបតែងឲ្យមានសម្រស់ស្រស់ស្អាតគយគន់កាន់តែយូរកាន់តែមិនជិនណាយ។ មិនតែប៉ុណ្ណោះវាគឺជាស្ពានដ៏រឹងមាំមួយដែលអាចជួយចម្លងទៅកាន់មនុស្សល្អ ជួបរឿងល្អៗ និងឱកាសល្អៗផងដែរ។ យ៉ាងណាមិញ អគ្គនាយករូបនេះបានថ្លែងថា៖ «ភាពស្មោះត្រង់គឺជាខ្លឹមជីវិតរបស់ខ្ញុំ និងបានស្ពាយវាជាប់ខ្លួនជានិច្ចទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ហើយវាជាឬសគល់ធំមួយដែលដឹកដៃខ្ញុំមកកាន់ចំណុចនេះ»។
២/. ខំធ្វើការ
ភាពឧស្សាហ៍ព្យាយាមគឺជាមាតានៃសំណាង ព្រោះសំណាងមិនដែលរត់ទៅរកមនុស្សខ្ជិលច្រអូសនោះទេ។ ស្របជាមួយគ្នានេះដែរ ការខិតខំធ្វើការប្រកបដោយឆន្ទៈខ្ពស់ មិនខ្ជីខ្ជាខ្ជះខ្ជាយនឹងដឹកនាំអ្នកទៅរកឱកាសល្អៗជាបន្តបន្ទាប់ ហើយជីវិតរបស់អ្នកក៏នឹងបន្តរីកចម្រើនឥតឈប់ឈរ រីកលូតលាស់ដូចរុក្ខជាតិខៀវខ្ចីទើបត្រូវទឹកសន្សើមនាពេលព្រឹកព្រលឹម ឬក្រោយពីមេឃភ្លៀងព្យុះផ្គររន្ទះបានរំលេចនូវភាពស្រស់ត្រកាលលើដែនសីមាពសុធាទាំងមូល។ ដោយហេតុនេះ ការខិតខំប្រឹងប្រែងធ្វើការ មិនរអ៊ូរទាំ អត់ធ្មត់ ម៉ឺងម៉ាត់ ហ្មត់ចត់ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលលោកស្ថាបនិករូបនេះស្ពាយជាប់ខ្លួនមិនឲ្យរបូតម្តងណាឡើយ។
៣/. ធ្វើឲ្យគេទុកចិត្ត
ទំនុកចិត្តគឺជារបស់មានតម្លៃកាត់ថ្លៃពុំបានមួយក្នុងចំណោមគ្រឿងលម្អជីវិតរបស់មនុស្ស។ ហើយអ្វីដែលពិបាកកសាងបំផុត និងងាយស្រួលបែកបាក់បំផុតនោះគឺទំនុកចិត្តនេះឯង។ លោក ណុប ចាប់ បានថ្លែងយ៉ាងដូច្នេះថា៖ «ធ្វើខ្លួនឲ្យក្លាយទៅជាមនុស្សដែលគេអាចទុកចិត្ត ជឿជាក់ មិនខ្លាចរអា នោះមានន័យថាអ្នកបាននឹងកំពុងកសាងខ្លួនទៅកាន់ភាពជោគជ័យនៅក្នុងជីវិតហើយ»។
៤/. បន្តរៀន
បន្តរៀន បន្តគំនិត ត្បិតគំនិតនាំឲ្យកើតមានកំណើត។ លោកបានបន្តថា៖ «ការអភិវឌ្ឍន៍ខ្លួនជាប្រចាំគឺជារឿងចាំបាច់ដែលមនុស្សគ្រប់រូបត្រូវធ្វើ និងមិនគួរមើលរំលងនោះឡើយ»។ បរិបទពិភពលោកកាន់តែឈានទៅមុខឥតឈប់ឈរពីមួយខណៈទៅមួយខណៈដោយពុំរង់ចាំបុគ្គលណាម្នាក់ ប្រសិនបើអ្នកភ្លេចខ្លួនតែបន្តិចព្រងើយកន្តើយមិនអើពើ រថយន្តក្រុងដ៏ធំអស្ចារ្យនេះនឹងចេញចោលអ្នកមិនខាន។
ដូច្នេះធាតុទាំង៤ ដែលបានរៀបរាប់ខាងលើនេះគឺជាមាគ៌ាចម្លងបុរសស្រុកស្រែចំការខ្វះទ្រព្យធនម្នាក់នេះ ឲ្យរួចផុតពីទុក្ខលំបាកនៃភាពអវិជ្ជា និងជីវភាពលំបាកលំបិន រហូតអាចកសាងខ្លួនឲ្យក្លាយជានាយកសាលា និងជាបុគ្គលគំរូម្នាក់នៅក្នុងសង្គមថែមទៀតផង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24