ខែថ្មីទម្លាប់ថ្មី! បើកប្រាក់ខែមកប្ដូរទម្លាប់ចាយ៥នេះអាចជួសជុសបញ្ហាលុយហើយកាបូបប៉ោងជាងមុន
Toeuy HongMAY 30 2023346 views

 

 មនុស្សជាច្រើនជួបបញ្ហាលុយដូចជាមិនទាន់ដាច់ខែស្រួលបួលផងអស់លុយចាយរហូតបង្កើតបានជាទម្លាប់ជំពាក់លុយគេ។ ចំណែកអ្នកខ្លះទៀតរកចំណូលបានច្រើនដែរតែចាយមិនសល់ ហើយបញ្ហាទាំងនេះដោយសារតែពួកគាត់មិនយកចិត្តទុកដាក់លើការចាត់ចែងចំណូលចំណាយរបស់ខ្លួន។

 និយាយទាក់ទងរឿងចាយលុយ ខាងក្រោមនេះគឺជាក្បួនចាយលុយមួយចំនួនដែលអ្នកគួរធ្វើដើម្បីជួសជុលបញ្ហាលុយរបស់អ្នកហើយធ្វើឲ្យលុយអ្នកកាន់តែកើនឡើងជាលំដាប់។

១. បូកសរុបចំណូលប្រចាំខែ

អ្នកត្រូវបូកចំណូលដែលអ្នករកបានមិនថាប្រាក់ខែ ការប្រាក់ ចំណូលពីការវិនិយោគនិងចំណូលផ្សេងៗដើម្បីដឹងថាមួយខែអ្នករកចំណូលបានប៉ុន្មានពិតប្រាកដ។ ការធ្វើបែបនេះដើម្បីដឹងច្បាស់ពីលទ្ធភាពដែលអ្នករកបានក្នុងមួយខែ ហើយចំណាយប្រចាំខែឲ្យសមស្របនឹងកម្រិតចំណូលរបស់អ្នក

២. តាមដានការចំណាយប្រចាំថ្ងៃ

មួយថ្ងៃៗចំណាយលើអ្វីខ្លះត្រូវកត់ត្រាឲ្យច្បាស់ៗ។ ចំពោះការកត់ត្រាចំណាយប្រចាំថ្ងៃ អ្នកអាចកត់ក្នុង App ទូរស័ព្ទហើយមានApp ជាច្រើនដែលអ្នកអាចប្រើប្រាស់ដូចជា App Jamnay របស់ខ្មែរ។ មួយវិញទៀតអ្នកអាចកត់ចំណាំក្នុងទូរស័ព្ទព្រោះទូរស័ព្ទនៅជាប់ខ្លួនអ្នកជានិច្ច ពេលចំណាយលើអ្វីមួយអាចដកទូរស័ព្ទមកកត់បានភ្លាមៗ។

  វិធីតក់ត្រានេះទៀតសោត អ្នកត្រូវកត់ត្រាចំណាយឲ្យច្បាស់ហើយដាក់ជាផ្នែក។ ឧទាហរណ៍ថ្ងៃនេះ អ្នកទៅហាត់ប្រាណអស់២ដុល្លារ ចំណាយនេះស្ថិតនៅផ្នែក” សុខភាព” បើអ្នកចំណាយចាក់សាំងអស់៣ដុល្លារ ចំណាយនេះស្ថិតនៅផ្នែក” ការធ្វើដំណើរ”។  ការធ្វើបែបនេះដើម្បីឲ្យដឹងច្បាស់ពីចំណាយចាំបាច់ដែលជាចំណាយថេរប្រចាំខែក្នុងការរស់នៅរបស់អ្នក។

 បន្ទាប់ពីតាមដានចំណាយហើយ ដល់ចុងខែបូកសុរបចំណាយរបស់អ្នកថាតើអ្នកចំណាយប៉ុន្មាន។ បន្ទាប់មកអ្នកអាចពិនិត្យក្នុងបញ្ជីកត់ត្រាចំណាយ អ្នកនឹងឃើញចំណាយដែលមិនចាំបាច់ ហើយពេលឃើញចំណាយដែលមិនចាំបាច់អ្នកអាចកាត់បន្ថយ ឬកាត់ផ្ដាច់ចំណាយទាំងនេះ។

បន្ទាប់មកកាត់បន្ថយចំណាយណាដែលមិនចាំបាច់ ពេលនោះអ្នកនឹងសល់លុយហើយក៏ដឹងច្បាស់ថាជាមធ្យមអ្នកចំណាយប៉ុន្មានក្នុងការរស់នៅ។ ឧទាហរណ៍បើប្រាក់ខែអ្នក៧០០ដុល្លារ ក្រោយពេលតាមដានចំណាយនិងកាត់បន្ថយចំណាយហើយ អ្នកនឹងឃើញចំណាយចាំបាច់ក្នុងការរស់នៅជាក់ស្ដែងតែ៥០០ដុល្លារឬតិចជាងនេះក៏ថាបាន។ សូមកំណត់ខ្ទង់ចំណាយប្រចាំខែដើម្បីចៀសវាងចាយតាមចិត្តដែលធ្វើឲ្យអ្នកមិនសល់លុយ និងជួបបញ្ហាលុយ។

បន្ទាប់ពីអ្នកបានតាមដានការចំណាយដូចដែលបានរៀបរាប់នៅចំណុចទី២ខាងលើរួច ហើយនោះនឹងអ្នកឃើញលុយសល់បន្ទាប់ពីចំណាយចាំបាច់ប្រចាំខែ។ លុយដែលសល់អាចយកមកចាត់ចែងបន្តដូចខាងក្រោមនេះ៖

១. សន្សំទុកការពារពេលមានអាសន្ន

នេះជាកញ្ចប់លុយសំខាន់ តែមនុស្សជាច្រើនមើលរំលង ដូច្នេះធ្វើឲ្យពួកគាត់ជួបបញ្ហាលុយនិងបញ្ហាបំណុលជាពិសេសពេលវិបត្តិមកដល់ អត់ការងារធ្វើក៏អត់លុយចាយតែម្ដងដោយសារមិនបានសន្សំទុកពេលមានអាសន្ន។ ដូច្នេះត្រូវដកលុយមួយផ្នែកសន្សំទុកពេលមានអាសន្នរាល់ខែ។ បើតាមអ្នកជំនាញបានណែនាំថាអ្នកគួរមានបញ្ចប់លុយពេលមានអាសន្នសម្រាប់ចំណាយក្នុងការរស់នៅពី៣ទៅ៦ខែដើម្បីការពារពេលមានអាសន្នដូចជាបាត់បង់ការងារ បាត់ចំណូល អ្នកអាចយកលុយនេះមកផ្គត់ផ្គង់បាន។ ឧទាហរណ៍បើចំណាយក្នុងការរស់នៅអ្នក៥០០ដុល្លារ អ្នកគួរមានលុយសន្សំពេលមានអាសន្នពី១៥០០ទៅ៣០០០ដុល្លារ។  

២. កញ្ចប់លុយសម្រាប់អភិវឌ្ឍន៍ខ្លួន

ចង់រកចំណូលបានកាន់តែច្រើនអ្នកត្រូវចំណាយលុយនិងពេលវេលាវិនិយោគលើចំណេះដឹង។ វិនិយោគលើចំណេះដឹងត្រូង់នេះសំដៅដល់ការដុសខាត់សមត្ថភាពខ្លួនឯងដែលមានស្រាប់និងរៀនជំនាញថ្មីៗបន្ថែមដើម្បីបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើន។ ឧទាហរណ៍បើភាសាអង់គ្លេសអ្នកមិនសូវពូកែ អ្នកអាចចាយពេលនិងលុយទៅរៀនអង់គ្លេស ធ្វើឲ្យអ្នកមានជំនាញអង់គ្លេសមានឱកាសរកចំណូលបន្ថែមបាន។

៣. យកលុយទៅវិនិយោគ

ការវិនិយោគគឺមានន័យថាធ្វើឲ្យលុយអ្នកកើតជាកូនពូនជាចៅ។ ការវិនិយោគមានច្រើនដូចជា វិនិយោគអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុន វិនិយោគលើមាស វិនិយោគក្នុងអាជីវកម្ម វិនិយោគលើចំណេះជំនាញផ្សេងៗជាច្រើន។ សំខាន់មុននឹងយកលុយទៅលើអ្វីមួយត្រូវសិក្សាស្វែងយល់លើការវិនិយោគនោះជាមុនសិនដើម្បីចៀសវាងហានិភ័យជួបការខកបំណងនិងខាតបង់លុយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia