ខ្សែភាពយន្តប្រភេទ Action បាញ់បោះរង្គើទីក្រុងចំណងជើង «John Wick: Chapter 4» ខ្មែរហៅថា «អាទិទេពឃាតក ចនវីក4» ដែលទើបចាក់បញ្ចាំងក្នុងរោងកុនថ្មីៗ បាននិងកំពុងអង្រួលបេះដូងអ្នកទស្សនាឲ្យអាក់អួលឆួលអារម្មណ៍ ពោលពាក្យសរសើរមិនដាច់ពីមាត់។ ចុះតើនរណាឈរពីក្រោយសង្វាក់ផលិតកម្មកំពូលខ្សែភាពយន្តមួយនេះ?
មនុស្សម្នាក់ដែលយើងកំពុងវែងមុខរកខាងលើមានឈ្មោះថា Chad Stahelski កើតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៦៨ គឺជាតារាសំដែង ជាអ្នកសម្របសម្រួល និងជាផលិតករជនជាតិអាមេរិក។ លោកត្រូវបានគេស្គាល់ថា ជាអ្នកផលិតនិងដឹកនាំរឿង John Wick: Chapter 1 តាំងពីឆ្នាំ២០១៤ ដល់ John Wick: Chapter 4 ឆ្នាំ២០២៣នេះ។
យ៉ាងណាមិញ បើយើងក្រឡេកមកមើលប្រវត្តិក្នុងដំណើរពនេចរលើវិថីសិល្បៈដំបូង លោក Stahelski បានបង្ហាញខ្លួនជាតួរអង្គរាយរងក្នុងខ្សែភាពយន្តបែបសិល្បៈក្បាច់គុនដែលទទួលបានប្រាក់កម្រៃទាប រួមទាំងភាពយន្តចំណងជើង 'Mission of Justice 1992'។ មួយឆ្នាំក្រោយមកលោកបានចាប់ផ្តើមធ្វើការជាតួសម្តែងទ្វេរដងក្នុងខ្សែភាពយន្ត 'The Crow' ដែលបានចាក់បញ្ចាំងនាឆ្នាំ១៩៩៤ ហើយបានក្លាយជារឿងដ៏ពេញនិយម ដោយរកចំណូលបានជាង ៥០លានដុល្លារទូទាំងប្រទេស។ មិនឈប់ត្រឹមនេះ ក្នុងអំឡុងឆ្នាំ១៩៩៦-១៩៩៧ លោក Stahelski បានបង្ហាញខ្លួនជាអ្នកប្រយុទ្ធនៅក្នុងរឿង 'Fight Zone' និងរឿង 'Bloodsport III'។ បន្ទាប់មកក្នុងឆ្នាំ១៩៩៩ លោកបានធ្វើការជាតួសម្តែងទ្វេរដងនៅក្នុងរឿង 'The Matrix Reloaded' និងរឿង 'The Matrix Revolutions' ចេញផ្សាយក្នុងឆ្នាំ២០០៣។
ក្រោយបាត់មុខពីសិល្បៈមួយរយៈ បុរសមានកម្ពស់១៨៥cmម្នាក់នេះ បានត្រឡប់មកវិញជាមួយសមត្ថភាពថ្មីដោយបានបម្រើការជាសហអ្នកដឹកនាំរឿង 'John Wick' ក្នុងឆ្នាំ២០១៤ និងរកចំណូលបាន ៨៨លានដុល្លារទូទាំងពិភពលោក។ ភាពជោគជ័យខ្លាំងនៃរឿង 'John Wick: Chapter 1' វាបានបង្កើតស្ពានឆ្លងសម្រាប់វគ្គបន្តគឺ 'John Wick: Chapter 2' និង 'John Wick: Chapter 3 – Parabellum' រួមទាំង 'John Wick: Chapter 4' ។ ចេញផ្សាយក្នុងឆ្នាំ២០១៧, ២០១៩ និងឆ្នាំ២០២៣ ត្រូវបានដឹកនាំដោយលោក Stahelski តែម្នាក់គត់។
គួរជម្រាបផងដែរថា លោក Chad Stahelski ត្រូវបានគេស្គាល់ថាជាមនុស្សឯកជន ហើយចូលចិត្តរក្សាជីវិតផ្ទាល់ខ្លួន។ លោកពុំបានចែករំលែកអ្វីទាក់ទងនឹងរឿងរ៉ាវជីវិតឬសូម្បីតែជីវិតស្នេហារបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយឡើយ។ ក្នុងនោះគិតមកទល់ឆ្នាំ២០២៣នេះ កំពូលអ្នកដឹកនាំរឿង 'John Wick' ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណ ៥លានដុល្លារ ចេញផ្សាយដោយគេហទំព័រ allfamousbirthday៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦