ក្រុមហ៊ុន Samsung Electronics នៅកូរ៉េខាងត្បូង បានប្រកាសថាលោក Han Jong-hee សហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung បានទទួលមរណៈភាពដោយសាររោគគាំងបេះដូង នៅអាយុ៦៣ឆ្នាំ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។
បន្ទាប់ពីនៅជាមួយក្រុមហ៊ុន Samsung អស់រយៈពេលជាង៣៧ឆ្នាំ តាំងពីរៀនចប់បរិញ្ញាបត្រ និងជាអ្នកប្រតិបត្តិការផ្នែកអេក្រង់។ លោកក៏បានក្លាយជាគ្រប់គ្រងជាន់ខ្ពស់ផ្នែកអេឡិចត្រូនិក និងឧបករណ៍ចល័តរបស់ Samsung នៅឆ្នាំ២០២២។ ក្នុងឆ្នាំដដែលគាត់ត្រូវបានតែងតាំងជាអនុប្រធានក្រុមហ៊ុន Samsung Electronics និងជាសហនាយកប្រតិបត្តិ។
យ៉ាងណាសម្រាប់ការប្រកាសអ្នកបន្តតំណែងថ្មី នៅមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេ ប៉ុន្តែរបាយការណ៍មួយដែលសារព័ត៌មាន CNN ទទួលបានៗបង្ហាញថា លោក Jun Young hyun វ័យ៦៥ឆ្នាំ នឹងអាចក្លាយជាសហ CEO ជំនួសលោក Han Jong-hee តែម្នាក់គត់។
សូមជម្រាបថាលោក Han Jong-hee គឺជាសហ CEO ជាមួយលោក Jun Young-Hyun ដែលកន្លងមកធ្វើការដឹកនាំលើ semiconductor រួមគ្នា។ ទន្ទឹមនឹងមរណៈភាពរបស់លោក Han Jong-hee គឺជាការបាត់បង់ធនធានដ៏ល្អមួយ ដែលបានជំរុញនិងអភិវឌ្ឍន៍ផលិតផល Samsung ពិសេសគឺផលិតផលទូរទស្សន៍ដែលជាស្នាដៃលេចធ្លោរបស់លោក៕
អត្ថបទដោយ៖ ពីង ជូអេង