រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ វិទ្យាស្ថានស៊ីអ៊ីអូ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនិងបរិញ្ញបត្ររងលើកទី១ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន៨៥នាក់ (ស្រី៥៩) ដែលធ្វើឡើងនៅអគារ Kampus (ក្បាលថ្នល់) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកគ្រូធំ អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ និង CEO Group។
លោកគ្រូ អោ ប៊ុននាង នាយករងវិទ្យាស្ថានស៊ីអ៊ីអូ បានថ្លែងថា គិតចាប់ពីឆ្នាំ២០១៥ ដល់២០២២នេះ វិទ្យាស្ថានស៊ីអ៊ីអូ បាននឹងកំពុងធ្វើការបណ្តុះបណ្តាល និងបង្វឹកនិស្សិតទាំងថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រសរុបទាំងអស់ ៤៧៧នាក់ (ស្រី២៧២នាក់) ក្នុងនោះមាននិស្សិតអាហារូបករណ៍ចំនួន៤១នាក់ (ស្រី២១នាក់)។
លោក អោ ប៊ុននាង បានថ្លែងឱ្យដឹងទៀតថា ឈរលើវឌ្ឍនភាពក្នុងឆ្នាំសិក្សា២០២២-២០២៣ និងនាថ្ងៃអនាគត វិទ្យាស្ថានស៊ីអ៊ីអូគ្រោងបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិជំនាន់ទី១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារលើជំនាញនេះ និងសម្រាប់និស្សិតវិទ្យាស្ថានស៊ីអ៊ីអូដែលមានបំណងចង់បន្តការសិក្សាកម្រិតថ្នាក់ក្រោយឧត្តមសិក្សា។
លោកគ្រូនាយករងវិទ្យាស្ថានស៊ីអ៊ីអូបានបន្តថា ទន្ទឹមនឹងការបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាស្ថានក៏គ្រោងនឹងបើកថ្នាក់បរិញ្ញាបត្របន្ថែម លើជំនាញគ្រប់គ្រងសង្វាក់ផលិតកម្មអន្តរជាតិនិងភស្តុភារ ដែលជាជំនាញថ្មីមួយមានតម្រូវការទីផ្សារការងារខ្ពស់ និងឆ្លើយតបទៅនឹងពាណិជ្ជកម្មអន្តរជាតិ និងចរន្តសាកលភាវូប-នីយកម្មនាពេលបច្ចុប្បន្ន។
ដើម្បីឆ្លើយតបទៅនឹងជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ វិទ្យាស្ថានស៊ីអ៊ីអូគ្រោងនឹងកែប្រែកម្មវិធីសិក្សាពីខេមរភាសា (K-Track) ទៅជាការបណ្តុះបណ្តាលអន្តរជាតិ ប្រើប្រាស់ភាសាអង់គ្លេសជាយាន្ត (I-Track) ដោយការបង្កើតវគ្គបំប៉នភាសាអង់គ្លេស ក្នុងកម្មវិធីបណ្តុះបណ្តាលភាសាអន្តរជាតិ ដែលតម្រូវឲ្យនិស្សិតត្រូវបញ្ចប់ការសិក្សាថ្នាក់ត្រៀមភាសាអង់គ្លេស មុននឹងចូលរៀនកម្រិតថ្នាក់បរិញ្ញាបត្រលើជំនាញឯកទេស។
លោកគ្រូនាយករងបានបន្ថែមទៀតថា ក្រៅពីវគ្គភាសាអង់គ្លេស វិទ្យាស្ថាននឹងបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លីដោយផ្តោតលើទ្រឹស្តី និងការអនុវត្តជាក់ស្តែង លើជំនាញភាសាអង់គ្លេស និងភាសាចិន ជំនាញរដ្ឋបាលនិងលេខាធិការ ជំនាញទីផ្សារឌីជីថល និងជំនាញគ្រប់គ្រងធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងកំណើនទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
លោកគ្រូធំ អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូបានមានប្រសាសន៍ថា សូមអបអរសាទរ ដល់និស្សិតជ័យលាភីទាំងអស់នៅថ្ងៃនេះ ហើយលោកគ្រូធំពិតជាចង់ឃើញនិស្សិតបង្កើតសហគ្រាសផ្ទាល់ខ្លួនដែលអាចបង្កើតផលិតផលសេវាកម្មឆ្លើយតបនឹងតម្រូវការសង្គមបង្កើតការងារជូនប្រជាពលរដ្ឋ និងការបង់ពន្ធដើម្បីចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិរបស់យើង។
លោកគ្រូធំ បានគូសបញ្ជាក់ទៀតថាជោគជ័យរបស់និស្សិត គឺជាជោគជ័យរបស់វិទ្យាស្ថានស៊ីអ៊ីអូ។ ដូច្នេះនិស្សិតត្រូវត្រៀមខ្លួនបានឱ្យល្អក្នុងកាំជណ្តើរអ្នកមាន គឺ ធ្វើការងារឱ្យក្លាយជាបុគ្គលិកឆ្នើម ក្លាយជាប្រធានឆ្នើម និងដៃគូឆ្នើម។
លោកគ្រូធំ បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីបន្ថែមថា ការទទួលសញ្ញាបត្រនេះមិនមែនជាការបញ្ចប់ការបន្តរៀនសូត្រនោះទេត្រូវបន្តការកសាងសមត្ថភាព ព្រោះការរៀនសូត្រគ្មានទីបញ្ចប់ឡើយ។ កំហុសដ៏ធំរបស់មនុស្ស គឺចង់ធ្វើធំ តែអត់បានកសាងសមត្ថភាព។ ដូច្នេះចង់ឱ្យសុបិនក្លាយជាការពិត សមត្ថភាពត្រូវតែធំជាគោលដៅ។
វិទ្យាស្ថានស៊ីអ៊ីអូ ជាវិទ្យាស្ថានមួយឈានមុខគេលើផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងជាស្ថាប័នឧត្តមសិក្សាមួយតែមួយគត់ដែលធ្វើការបណ្តុះបណ្តាលឈរលើគោលការណ៍ “ការអប់រំដែលមានមូលដ្ឋានលើការអនុវត្តការងារ Work Based Education Program” នៅក្នុងប្រទេសកម្ពុជា ដោយឈរលើទ្រឹស្តី២០% និងការអនុវត្តជាក់ស្តែង៨០%។
សូមបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ន និស្សិតវិទ្យាស្ថានស៊ីអ៊ីអូដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មានការងារធ្វើ និងមានអាជីវកម្មផ្ទាល់ខ្លួនសរុប ៨៥នាក់ (អាជីវកម្មផ្ទាល់ខ្លួនមាន២៥នាក់) និងនិស្សិតឆ្នាំទី២មានការងារធ្វើ៣៥នាក់ (អាជីវកម្មផ្ទាល់ខ្លួន៤នាក់) និស្សិតឆ្នាំទី៣មានការងារធ្វើ៤៣នាក់ (អាជីវកម្មផ្ទាល់ខ្លួន១០នាក់) និងនិស្សិតឆ្នាំទី៤មានការងារធ្វើ២១នាក់ (អាជីវកម្មផ្ទាល់ខ្លួន២នាក់)៕
អត្ថបទ៖ ពាណិជ្ជកម្ម