សួនឧទ្យានថ្មីទំហំ ៣ ហិកតា នឹងលេចរូបរាងឡើងនៅក្នុងទីក្រុងរណបកោះនរា ខណៈក្រុមហ៊ុនទីក្រុងរណបកោះនរាគ្រោងអភិវឌ្ឍន៍ក្នុងពេលឆាប់ៗខាងមុខ។ នៅពេលឧទ្យានថ្មីនេះសម្រចរួចរាល់ ត្រូវបានគេរំពឹងថានឹងជួយដល់ភ្ញៀវដែលទៅកម្សាន្ដនៅទីនោះឲ្យទទួលបានអារម្មណ៍ ក៏ដូចជាបទពិសោធន៍ថ្មីៗបន្ថែមទៀត។
យោងតាមការដកស្រង់ពី Norea City នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះបានឲ្យដឹងថា «សួនឧទ្យានធំៗ ដែលមនុស្សគ្រប់គ្នាធ្លាប់តែឃើញនៅក្រៅប្រទេស ហៅថា “Central Park” នោះនឹងមានវត្តមាននៅទីក្រុងនរា ឆាប់ៗនេះហើយ។ សួនឧទ្យានដ៏ធំមួយនេះ នឹងមានទំហំជាង ៣ហិកតា ទល់មុខនឹងទន្លេមេគង្គ អមដោយឧទ្យានទន្លេមេគង្គ ដែលបងប្អូនធ្លាប់បានអញ្ញើញមកលេងរួចមកហើយ ជាមួយបទពិសោធន៏ល្អដែលមិនអាចបំភ្លេចបាន»។
ប៉ុន្ដែយ៉ាងណាទាក់ទងនឹងឈ្មោះ ក៏ដូចជាប្លង់នៃគម្រោងឧទ្យានខាងលើ ក្រុមហ៊ុននៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយនោះទេ។
សូមជម្រាបថា បច្ចុប្បន្ននៅក្រុងរណបកោះនរា ក៏មានសួនច្បារដ៏វែងមួយផងដែរដែលអមនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ខណៈសួនច្បារនេះស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ។ រីឯចំណុចសំខាន់ៗនៅ សួនច្បារនេះមានដូចជា៖ សួនកុមារឬកន្លែងលេងទង, ពិកនិច, កាហ្វេ, គយគន់ថ្ងៃរះ, គយគន់ថ្ងៃលិច, ទស្សនាសួនដាំណាំ, ទស្សនាសួនផ្កា និងចំណុចផ្សេងៗទៀត។