មុននេះបន្តិចក្រុម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថាCDC បានអនុម័តទៅលើគម្រោងរោងចក្រចំនួន៤ ដែលបានបោះទីតាំងនៅក្នងខេត្ត២ រួមមានខេត្តព្រះសីហនុ និងខេត្តស្វាយរៀង ដែលមានទុនវិនិយោគសរុប ១៣ លានដុល្លារ ដោយគម្រោងរោងចក្រទាំងនោះអាចបង្កើតឱកាសការងាររាប់ពាន់កន្លែងផងដែរ។
យោងតាមករបាយការណ៍របស់CDC នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ គម្រោងរោងចក្រទាំង៤ ត្រូវបានវិនិយោគដោយក្រុមហ៊ុនខាងក្រោម៖
១. ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD. បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។
២. ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD. បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។
៣. ក្រុមហ៊ុន HUANDA COCOA FOOD CO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២កន្លែង។
៤. ក្រុមហ៊ុន HAINING NUOHE NEW MATERIAL CO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគ ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៤កន្លែង៕