រយៈពេល ៥ ខែកម្ពុជានាំចេញសំបកកង់រថយន្ដបានជាង ៥៦០ លានដុល្លារ
Bunthoeun KoemJUNE 22 20258 views

ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ ការនាំចេញសំបកកង់រថយន្ដរបស់កម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ កត្ដានេះដោយសារតែក្រុមហ៊ុនផលិតសំបកកង់កាន់តែច្រើនកំពុងបន្តវិនិយោគ និងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេស។ នេះបើយោងតាមការដកស្រង់ពីក្រសួងព័ត៌មានកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

Photo 2025 06 20 21 59 51

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញសំបកកង់រថយន្តមានតម្លៃ ៥៦០.៧ លានដុល្លារនៅចន្លោះខែមករាដល់ខែឧសភា កើនឡើងជិត ៨០ ភាគរយពី ៣០៨ លានដុល្លារកាលពីឆ្នាំមុន។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង ឯកឧត្ដម ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ការនាំចេញសំបកកង់រថយន្តគឺជាផលិតផលថ្មីរបស់ប្រទេសកម្ពុជា។ នេះឆ្លុះបញ្ចាំងពីការធ្វើពិពិធកម្មផលិតផលរបស់កម្ពុជាសម្រាប់ការនាំចេញ។ វាក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងពង្រីកការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក”។

N1 1

លោកបន្តថា រាជរដ្ឋាភិបាលកំពុងសម្រួលនីតិវិធីធុរកិច្ច និងលើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីទាក់ទាញអ្នកវិនិយោគ។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងសម្រួលដល់ការនាំចេញ និងចរចាលទ្ធភាពទទួលបានទីផ្សារទូលំទូលាយសម្រាប់ទំនិញកម្ពុជា។

បច្ចុប្បន្ននេះ កម្ពុជាមានគម្រោងផលិតសំបកកង់រថយន្តចំនួនប្រាំពីរ ដែលផ្តល់ទីផ្សារដ៏ធំសម្រាប់កៅស៊ូកម្ពុជា ដែលគ្របដណ្តប់លើផ្ទៃដីជាង ៤២០ ​០០០ ហិកតា ដែលក្នុងនោះ ៣៣០ ០០០ ហិកតា ស្មើនឹងប្រហែល ៧៧ ភាគរយនៃផ្ទៃដីកៅស៊ូសរុប មានភាពចាស់ទុំគ្រប់គ្រាន់សម្រាប់ធ្វើការកាត់។ សម្រាប់ផលិតសំបកកង់រថយន្ដដែលផលិតនៅកម្ពុជានេះ គឺនាំចេញជាចម្បងទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិនផងដែរ៕

Photo 2025 06 20 22 00 40

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia