យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ប្រសិនជាពលរដ្ឋឃើញមន្រ្តីចរាចរណ៍ប្រព្រឹត្តកំហុសឆ្គងពេលបំពេញភារកិច្ច អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ ១១៧ និង/ឬទំនាក់ទំនងមកក្រុមការងារប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩១ ៥៥១ និងលេខ ០៧៦ ៧៧៧ ៧៧៣២។
ប្រភពខាងលើក៏បានបន្តឱ្យដឹងទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សូមទទួលយករាល់មតិរិះគន់ទាំងឡាយណាពាក់ព័ន្ធដល់ភាពអសកម្មរបស់មន្ត្រីនគរបាលចរាចរណ៍មួយចំនួន ដែលមានអាកប្បកិរិយាមិនសមរម្យល្មើសវិន័យកងកម្លាំងពុំមានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញភារកិច្ច។ យើងខ្ញុំនឹងធ្វើការត្រួតពិនិត្យឱ្យបាន ហ្មត់ចត់ ដើម្បីអនុវត្តវិន័យកងកម្លាំង និងមានវិធានការច្បាប់តាមកម្រិតនៃអំពើខុសឆ្គងរបស់មន្ត្រីទាំងនោះ។
អគ្គស្នងការដ្ឋាននគរបាលជាតិក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជា សាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅទូទាំងប្រទេសសូមចូលរួមអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដើម្បីការពារអាយុជីវិតរបស់យើង គ្រួសារយើង ក៏ដូចជាអាយុជីវិតជនគ្រប់រូប ក្នុងសង្គម ព្រមទាំងរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសេចក្ដីថ្លៃថ្នូរជូនសង្គមជាតិ៕