ច្បាប់កំណត់ការប្រា.ក់កម្ចីត្រឹម១៨ភាគរយក្នុង១ឆ្នាំ បើអ្នកចង់ការប្រា.ក់យកលើសនេះ តើកូនបំណុលមានសិទ្ធិរំសាយបង់ការប្រាក់ឬទេ?
Toeuy HongFEBRUARY 7 20241.6 K views

បើតាមច្បាប់កំណត់ដោយធនាគារជាតិនៃកម្ពុជាគឺកំណត់ឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុយកការប្រាក់កម្ចីត្រឹមតែ១.៥%ក្នុងមួយខែដែលស្មើនឹង១៨%ក្នុងមួយឆ្នាំ។ យ៉ាងណាមិញចំពោះការខ្ចីប្រាក់ក្រៅប្រព័ន្ធធនាគារអ្នករកស៊ីចងការប្រាក់អាចយកការប្រាក់រហូតដល់ទៅ៣០% ឬ៥០%ក្នុងមួយឆ្នាំក៏មានដែរ។

 

ច្បាប់ប់កំណត់ការប្រា.ក់កម្ចីត្រឹម១៨ភាគរយក្នុង១ឆ្នាំ បើខ្ចីលុយអ្នកចង់ការប្រា.ក់លើសនេះ តើកូនបំណុលមានសិទ្ធិរំសាយបង់ការប្រាក់ឬទេ?

 

ជុំវិញសំណួរខាងលើ លោកមេធាវី អ៊ីវ បុញ្ញា ដែលជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងនៅក្នុងកម្មវិធី៣សំណួរថាទាក់ទងនឹងកិច្ចសន្យាខ្ចីប្រាក់អាចមានឬមិនមានបង់ការប្រាក់អាស្រ័យលើភាគីអ្នកខ្ចីប្រាក់និងអ្នកឲ្យខ្ចី។ យ៉ាងណាមិញបើកម្ចីពីធនាគារប្រាកដណាស់ត្រូវតែបង់ការប្រាក់។

 

លោកបានឲ្យដឹងទៀតថាការប្រាក់ទាមទារបានលុះត្រាតែធ្វើជាលាយល័ក្ខណ៍អក្សរនិងមានហត្ថលេខាពីកូនបំណុល។ ត្រង់នេះលោកក៏បានបញ្ជាក់ផងដែរថាភាគីខ្ចីប្រាក់និងអ្នកឲ្យខ្ចីប្រាក់អាចព្រមព្រៀងកំណត់ការប្រាក់ប៉ុន្មានក៏បានជាខែឬក៏ជាឆ្នាំប៉ុន្ដែមិនត្រូវលើសពី១៨%ក្នុងមួយឆ្នាំឡើយ។

 

លោកបានឲ្យដឹងទៀតថានៅក្នុងករណីអ្នកឲ្យខ្ចីយកការប្រាក់កម្ចីលើសពី១៨%ក្នុងមួយឆ្នាំគឺត្រូវទុកជាមោឃៈ។ ឧទាហរណ៍ ច្បាប់អនុញ្ញាតឲ្យយកការប្រាក់តែ១៨%ក្នុងមួយឆ្នាំប៉ុន្ដែភាគីឲ្យខ្ចីលុយបានកំណត់រហូតដល់ទៅ៣០%ក្នុងមួយឆ្នាំ ត្រង់នេះមានន័យថាអ្នកឲ្យខ្ចីលុយយកការប្រាក់លើសចំនួន១២%នៃច្បាប់កំណត់ដូច្នេះការប្រាក់លើស១២%គឺត្រូវទុកជាមោឃៈ។

 

ភ្ជាប់ទៅនឹងអ្វីដែលរៀបរាប់ខាងលើគឺមានន័យថាកូនបំណូលនៅតែបង់ការប្រាក់ដដែលប៉ុន្ដែបង់ត្រឹម១៨%ក្នុងមួយឆ្នាំប៉ុណ្ណោះចំណែកការប្រាក់លើសពី១៨%គឺទុកជាមោឃៈតែម្ដង។

 

 បើករណីអ្នកខ្ចីទើបតែដឹងថាខ្លួនបង់ការប្រាក់លើសច្បាប់កំណត់ ប្រាក់ដែលបានបង់លើសគឺអាចធ្វើការកាត់បំណុលគិតចាប់ពីថ្ងៃដែលគាត់បានបង់លើស។ ឧទាហរណ៍ប្រាក់ដើមចំនួន១ម៉ឺនដុល្លារ អ្នកខ្ចីបានបង់ការប្រាក់៣០%ក្នុងមួយឆ្នាំ ប៉ុន្ដែអត្រាការប្រាក់ដែលកំណត់ដោយច្បាប់គឺត្រឹមតែ១៨%ក្នុងមួយឆ្នាំ មានន័យថាអ្នកខ្ចីបានបង់ការប្រាក់លើស១២%ក្នុងមួយឆ្នាំដែលស្មើនឹង១២០០ដុល្លារ។ ចំពោះបញ្ហានេះកូនបំណុលអាចធ្វើការស្នើសុំកាត់បំណុលនិងប្រាក់ដែលខ្លួនបានបង់លើសដែលនាំឲ្យប្រាក់ដើមដែលនៅសល់គឺ៨,៨០០ដុល្លារ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia