កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) រួមមាន លោក Jang Gyu-Hwa អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) លោកស្រី Lin Yu ប្រធានក្រុមហ៊ុន GADOSH និងសហការីបានចុះទស្សនកិច្ចស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មទឹកត្រីនៅសហគ្រាសផលិតទឹកត្រីង៉ូវហេង និងដំណើរការផ្សារអ៊ីឆែង៉ូវហេង នៅទីក្រុងកំពត ខេត្តកំពត ក្នុងគោលបំណងជំរុញការនាំចេញផលិតផលទឹកត្រីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា តាមរយៈដំណើរទស្សនកិច្ចនេះនឹងជួយឱ្យគណៈប្រតិភូទាំងអស់ជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីខ្សែច្រវាក់ផលិតកម្ម, ផលិតផលទំនិញនិងដំណើរការផ្សារ ព្រមទាំងសក្ដានុពលផ្សេងៗទៀតរបស់សហគ្រាសង៉ូវហេង ផងដែរ។
ឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង បានលើកឡើងថាសិប្បកម្មរបស់គាត់ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៥ គិតមកដល់សព្វថ្ងៃមានអាយុកាល២៧ហើយ និងបានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗរហូតទទួលបានស្តង់ដារជាតិមុនគេក្នុងខេត្តកំពត នាឆ្នាំ២០០៣, បានទទួលគម្រោងអភិវឌ្ឍន៍ TDF ក្នុងឆ្នាំ២០០៩, ទទួលបានមេដាយក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងបានបង្កើតផ្សារង៉ូវហេងកំពតក្នុងឆ្នាំ២០១៧, ទទួលបានពានចំនួន៥ ពីក្រសួងរ៉ែនិងថាមពល និងទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ HCCAP នៅឆ្នាំ២០១៨ និងថ្មីៗនេះទទួលបានស្តង់ដារហាឡាលកម្ពុជាពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មផងដែរ។
ឧកញ៉ា បានបន្តថា ដើម្បីក្លាយជាក្រុមហ៊ុនកែច្នៃផលិតផលម្ហូបអាហារឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមានបេសកកម្មក្នុងការផលិតតាមប្រពៃណីបែបទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនមានបំណងបង្កើតផលិតផល Premium ថ្មី និងផលិតផលថ្មីសម្រាប់សុខភាព ជាពិសេសពង្រឹង និងពង្រីកបន្ថែមទៀតនូវសមត្ថភាពផលិតដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ផងដែរ។
សូមជម្រាបជូនថា ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេងមានដូចជា៖ ទឹកត្រីង៉ូវហេងកំពត ទឹកស៊ីអ៊ីវសៀងពិសេស ទឹកម្ទេស ទឹក ប្រេងខ្យង និងទឹកសៀងពិសេស ដែលផលិតផលទាំងនេះបានដាក់លក់នៅតាមផ្សារទំនើបធំៗក្នុងប្រទេសដូចជាផ្សារទំនើបអ៊ីអន ផ្សារទំនើបឡាក់គី ផ្សារទំនើបជីបម៉ុង ផ្សារទំនើបបាយ័ន ផ្សារម៉ាក្រូ និងផ្សារទំនើបដទៃទៀត៕
អត្ថបទ៖ ធី ស្រីល័ក្ខ