មោទកភាពខ្មែរ! ព្រឹត្តិការណ៍ធំៗទាំង៣ ប្រចាំឆ្នាំ២០២៣ ធ្វើឱ្យកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ កូនខ្មែរគួរចងចាំ
Kan DaraMARCH 24 20231.1 K views

កម្ពុជាដែនដីដែលគ្រប់គ្នាហៅថាសុវណ្ណភូមិ ក្រៅពីមានវប្បធម៌ដ៏ចំណាស់ ប្រាសាទអង្គរវត្តដែលធំជាងគេលើលោក និងប្រជាជនមាន IQ ខ្ពស់វ៉ាដាច់ប្រទេសនៅក្នុងអាស៊ានកាលពីឆ្នាំ២០២២​ផងនោះ កម្ពុជាក៏មានព្រឹត្តិការណ៍ធំៗ៣ ប្រចាំឆ្នាំ២០២៣ ធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិដែលកូនខ្មែរគួរចងចាំ៖

១. ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ចំថ្ងៃសុំភ្លើងអគ្គិជ័យកីឡាពីព្រះអាទិត្យ

ព្រះរាជពិធីសុំភ្លើងអគ្គិជ័យកីឡាពីព្រះអាទិត្យនៅមុខប្រាសាទអង្គរវត្ត ដែលប្រារព្ធឡើងនៅថ្ងៃទី២១ខែមីនា ពោលចំថ្ងៃសមរាត្រីដែលជា«បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ឬហៅថា EQUINOX ដែលបានកើតឡើងចន្លោះថ្ងៃទី ២១​-២២ឬ២៣ ខែមីនា ឆ្នាំ២០២៣ជាទស្សនីយភាពដ៏ពិសេសមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលរួមទស្សនាភ្លូកទឹកភ្លូកដី នៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»

337007171 1431748227362175 5952164234249552677 N

បាតុភូតធម្មជាតិនេះមានរយៈពេល២ដងប៉ុណ្ណោះក្នុង១ឆ្នាំ គឺនៅខែមីនានិងខែកញ្ញាម្តងទៀត ដែលមហាជនទទួលស្គាល់ថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺជាការគន់គូរសាងសង់ស្ថាបត្យកម្មអង្គរវត្ត របស់ដូនតាខ្មែរយ៉ាងល្អិតល្អន់បំផុតជាមួយធម្មជាតិនិងតារាសាស្រ្ត។  

336855182 537034035210797 868649244160737628 N (1)

២. កម្ពុជាជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមលើកដំបូងបំផុត

ក្នុងឆ្នាំ​២០២៣នេះកម្ពុជាបាន​ទទួល​សិទ្ធិ​​រៀបចំខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេមលើកទី៣២ ​ជា​លើក​ដំបូង​បំផុត​ ក្រោយបរាជ័យក្នុងការរៀបចំខ្លួនចំនួន២លើក។ ក្នុងនោះប្រទេស​ទាំង​១១​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​នឹង​ត្រូវ​ប្រកួតប្រជែង​គ្នា​លើ ​៣៨​ប្រភេទ​កីឡា​ ចាប់​ពី​ថ្ងៃ​ទី​៨-១៧​ ខែ​ឧសភា ឆ្នាំ​២០២៣នៅកីឡដ្ឋានជាតិមរតកតេជោ​។

336549814 156634690278306 6876498635206702866 N

ចំណែកឯកីឡាអាស៊ានប៉ារ៉ាហ្គេម ប្រកួតកីឡាជនពិការលើកទី១២ នឹងប្រព្រឹត្តទៅចាប់ផ្ដើមពីថ្ងៃទី ៣-៩ ខែ​មិថុនា ឆ្នាំ២០២៣ ក្រោយខាកខានមិនបានប្រកួតនៅប្រទេសជាសមាជិកចំនួន២លើកជាប់គ្នា។ យ៉ាងណាមិញគិតត្រឹមថ្ងៃនេះនៅសល់តែ៤២ថ្ងៃទៀ​តប៉ុណ្ណោះ ​ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម និង​ អាស៊ានប៉ារ៉ាហ្គេម​នឹងប្រារព្ធឡើង ខណៈការដង្ហែភ្លើងអគ្គិជ័យកីឡា នៅប្រទេសជាសមាជិកប្រកួតស៊ីហ្គេមកំពុងដំណើរការ ក្រោយហែចេញពីកម្ពុជាកាលពីថ្ងៃ២២មីនា កន្លងទៅ។

៣. កម្ពុជាឈ្នះពានរង្វាន់ទេសចរណ៍ លេខ១ នៅអាស៊ី

យោងតាមការចេញផ្សាយដោយក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាទើបទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ីដែលបានធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ពានរង្វាន់នេះគឺជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន៤៧,៥១៥នាក់ ទទួលបាន៥៤,៨៥០ពិន្ទុ មានបេក្ខភាពចូលរួមជាង២០០នាក់ មកពី២៣ប្រទេសជុំវិញពិភពលោក ចែកជាប្រភេទផ្សេងៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍។

នេះជាលើកទី១ ដែលសមាគម AHHRA សហការជាមួយក្រុមហ៊ុន TIN Media ក្នុងការរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជ័យលាភី ក្នុងនោះមានប្រទេសកម្ពុជា តង់សានី ប៊ុលហ្ការី ឥណ្ឌា ហ្វីលីពីន និងម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀតបានទទួលពានរង្វាន់តាមអនឡាញ៕

336881290 600803524983174 5261305072072137270 N

អត្ថប​ទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia