ថ្មីៗនេះ យោងតាមការចេញផ្សាយដោយក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាអាចមានឱកាសកាន់តែច្រើនក្នុងការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបតាមរយៈប្រទេសអាល្លឺម៉ង់ ដូចជាសម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ការធ្វើដំណើរ កង់ និងផលិតផលកសិកម្មជាដើម។
កាលលើកឡើងបែបនេះ ដោយសារតែកាលពីកន្លងទៅ ប្រធាននាធិបតីអាល្លឺម៉ង់ ឯកឧត្តម Frank-Walter Steinmeier បានមកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាទស្សនកិច្ចមួយអាចផ្តល់កម្លាំងចិត្តជាថ្មីដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរទំនិញពាណិជ្ជកម្មទ្វេភាគី ដែលមានតម្លៃជិត ១,២៥ពាន់លាន ដុល្លារ នៅឆ្នាំ ២០២២ ក្នុងអត្រាកំណើន ១/៥ ជារៀងរាល់ឆ្នាំ។ ភាគីទាំងពីរក៏បានស្វែងយល់ពីយុទ្ធសាស្រ្តសេដ្ឋកិច្ចថ្មី និងការពង្រឹងទំនាក់ទំនងនយោបាយ លើសពីនេះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ចំពោះវិស័យទេសចរណ៍ តាមរយៈការដកចេញរបាំងនៃការធ្វើដំណើរក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២មក ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៣ លាននាក់ កើនឡើង ១,០៥៩% ដែលក្នុងនោះភ្ញៀវទេសចរអាល្លឺម៉ង់មានចំនួនជិត ២៥ ពាន់នាក់ កើនឡើង ២,៦៧៥% ធៀបនឹងឆ្នាំ ២០២១ ហើយប្រទេសកម្ពុជាគឺជា ប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលបានបើកព្រំដែនរបស់ខ្លួនឡើងវិញទាំងស្រុងសម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅចុងឆ្នាំ២០២២៕
អត្ថបទ៖ ធី ស្រីល័ក្ខ