ធ្លាប់តែឮគេថាញ៉ាំត្រីទីឡាព្យាប៉ះពាល់សុខភាព ប៉ុន្តែកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាមួយកន្លែងនៅប្រទេសកម្ពុជាយើងឈ្មោះ Cambodia Fresh Farm មិនត្រឹមតែចិញ្ចឹមត្រីទីឡាព្យាសម្រាប់ញ៉ាំឆៅមិនប៉ះពាល់សុខភាពប៉ុណ្ណោះទេ ថែមទាំងអាចកែច្នៃផលិតផលសម្រេចចេញពីត្រីទីឡាព្យាជាច្រើនមុខថែមទៀតផង។
ជាក់ស្តែង បើតាមការឱ្យដឹងរបស់លោក ចាវ សួស្តី ម្ចាស់កសិកដ្ឋាន Cambodia Fresh Farm បានឱ្យដឹងថា កសិដ្ឋានដែលលោកកំពុងមើលការខុសត្រូវនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Rainbow Progress Enterprises Co., Ltd ដែលមានម្ចាស់វិនិយោគជាជនជាតិជប៉ុន និងទទួលបានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងឆ្នាំ ២០១៧ នៅលើទឹកដីនៃស្រុកពញាឭ ខេត្តកណ្តាល លើផ្ទៃដីប្រមាណជា ៤,៥ ហិចតា ដែលមានស្រះចិញ្ចឹមត្រីសរុបចំនួន ៨ស្រះ និងប្រើបច្ចេកវិទ្យាច្នៃរបស់ជប៉ុន។
លោក សួស្តីបងន្ថែមថា បច្ចុប្បន្ននេះផលិតផលសំខាន់ៗដែលបានកែច្នៃចេញពីត្រីទីឡាព្យារបស់កសិដ្ឋានផ្ទាល់រួមមាន សាច់ត្រីទីឡាព្យាអត់ឆ្អឹង និងបកស្បែក ត្រីឆ្អើរទីឡាព្យា ត្រីបំពងណាន់ហ្គុឃឺដៃ និងត្រីឆ្អើរ។ដោយឡែកចំពោះតម្លៃនៃផលិតផលទាំងនេះមានតម្លៃចន្លោះពី ២ ដុល្លារ ដល់ ៦,៥០ ដុល្លារក្នុងមួយកញ្ចប់ ដែលមានទម្ងន់ចន្លោះពី ១០០ក្រាមទៅ ៣៥០ក្រាម។ ចំពោះបរិមាណនៃការត្រីស្រស់ជាមធ្យមចន្លោះពី ៤០០ ទៅ ៥០០ គីឡូក្នុងមួយខែដោយត្រីស្រស់មួយគីឡូ ១៤ដុល្លារ ហើយជាទូទៅត្រីដែលប្រមូលផលបានគឺត្រូវលក់រាយនិងបោះដុំទៅកាន់ភោជនីយដ្ឋាន។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះផលិតផលសម្រេចរបស់ក្រុមហ៊ុន Rainbow Progress Enterprises Co., Ltd មានលក់នៅតាមបណ្តាផ្សារទំនើបធំៗចំនួន ១០កន្លែង និងភោជនីយដ្ឋាន១០កន្លែង ខណៈការបញ្ជាទិញកំពុងមានការកើនឡើងផងដែរ។ បន្ថែមពីនេះ ក្រៅពីមានការលក់នៅតាមផ្សារទំនើបនិងភោជនីយដ្ឋានក្នុងស្រុកហើយនោះ នាពេលអនាគតខាងមុខក្រុមហ៊ុនក៏មានបំណងនឹងធ្វើការនាំចេញកសិផលនិងផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៃប្រទេសជប៉ុននិងអឺរ៉ុបថែមទៀតផង៕