ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំរបស់ប្រទេសចិនបានបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ដែលជារោងចក្រដំបូងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការដកស្រង់ពីគេហៈទំព័រ Yahoo Finance នៅមុននេះបន្ដិច។
នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយនៅក្នុងពិធីបើកសម្ពោធថា "ប្រទេសថៃមានចក្ខុវិស័យរថយន្ដអគ្គិសនីច្បាស់លាស់ ហើយកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្ត។ យើងនឹងនាំយកបច្ចេកវិទ្យាពីប្រទេសចិនមកកាន់ប្រទេសថៃ”។
តាមការបញ្ជាក់ពីប្រភពដដែលបានឲ្យដឹងថា រោងចក្រផលិតរថយន្ដអគ្គិសនីថ្មីនៅទឹកដីថៃនេះ គឺជាផ្នែកមួយនៃការបណ្ដាក់ទុនរបស់ក្រុមហ៊ុន BYD ដែលមានទឹកប្រាក់សរុបប្រមាណ ១.៤ ពាន់លានដុល្លារ។ ខណៈការវិនិយោគបង្កើតរោងចក្រនេះក៏ទទួលបានការលើកទឹកចិត្ដផ្នែកពន្ធពីរាជរដ្ឋាភិបាលថៃផងដែរ។
គួរជម្រាបដែរថា ទាក់ទងនឹងការវិនិយោគរបស់ក្រុមហ៊ុន BYD នេះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី BYD នេះក៏គ្រោងនឹងមកដាក់ទុនវិនិយោគដើម្បីរៀបចំរោងចក្រផលិតរថយន្ដអគ្គិសនីនៅកម្ពុជាផងដែរ៕