ក្នុងចំណោមឡានដែលបានដាក់បង្ហាញនៅការតាំងពិព័រណ៍ឡាន Shanghai Auto Show 2023 គេបានសង្កេតឃើញថា ឡានអគ្គិសនី ១ម៉ូដែលរបស់ BYD គឺឡាន BYD Seagull អាចនឹងមានប្រជាប្រិយភាព និងលក់ដាច់ជាងគេ ដោយសារតែតម្លៃរបស់ឡាននេះតែ ១១៣០០ដុល្លារប៉ុណ្ណោះ។
អ្នកទាំងអស់គ្នា មានបានដឹងឬអត់? នៅប្រទេសចិន គេមានការតាំងពិព៌រណ៍ឡានមួយដែលមានឈ្មោះថា Shanghai Auto Show ដែលមានការតាំងបង្ហាញឡានទំនើបៗច្រើនមែនទែន ដែលត្រៀមនឹងចេញលក់នាពេលឆាប់ៗនេះ ហើយក្នុងចំណោមឡានទាំងនោះ គេបានសង្កេតឃើញថា មានឡាន ១ម៉ូដែល ជាប្រភេទឡានអគ្គិសនី របស់ក្រុមហ៊ុន BYD ដែលមានភាពលេចធ្លោជាងគេ ដែលឡាននេះមានតម្លៃធូរថ្លៃណាស់ តែ ១១៣០០ដុល្លារតែប៉ុណ្ណោះ ហើយអាចនឹងលក់ដាច់បានច្រើនជាងគេក្នុងចំណោមឡានដែលមកតាំងពិព័រណ៍ទាំងនោះ។
សម្រាប់ឡានអគ្គិសនី BYD Seagull មានរាងតូចល្មម ដូចទៅនឹង Kia Mornig នៅខ្មែរយើងដែរ ដោយមានប្រវែង 3780អ៊ីញ និងមានទទឹង 1715mm និងកម្ពស់1540mm ។
អ្វីដែលកាន់តែពិសេស BYD បានបំពាក់គ្រោងឆ្អឹង EV Platform ជំនាន់ចុងក្រោយទី៣ ឲ្យ Seagull ។ ហើយសម្រាប់ការលក់នៅក្នុងទីផ្សារប្រទេសចិន Seagull គឺមានជម្រើស ២ ដោយជម្រើសទី១ ទទួលបានម៉ូទ័កម្លាំង 74hp ត្រូវបានបំពាក់នឹងមានថ្មទំហំ 30 KWh ដែលអាចសាកថ្មម្តងរត់បានចម្ងាយដល់ទៅ 306Km ។
ចំណែកឯជម្រើសទី២ មានម៉ូទ័រកម្លាំង 100hp ត្រូវបានបំពាក់នឹងមានថ្មទំហំ 38 KWh ដែលអាចសាកថ្មម្តងរត់បានចម្ងាយដល់ទៅ 405Km ។ សម្រាប់ការសាកថ្មវិញ BYD Seagull អាចទទួលនូវកម្លាំងភ្លើង ដែលចេញពីស្ថានីយសាកថ្មល្បឿនលឿន DC Fast Charge ដោយអាចសាកថ្មឡើងដល់ 80% ចំណាយពេលអង្គុយចាំតែ 30នាទី តែប៉ុណ្ណោះ។
ប្រភពពី៖ Carscoops