ចំពោះបងប្អូនដែលកំពុងរស់នៅតាមខេត្ត ហើយចង់បានចំណូលច្រើន ពេលនេះឱកាសបានមកដល់ហើយ ព្រោះទាំងអស់គ្នាអាចសម្លឹងមើលរបរ៣ក្រុមនេះ ដែលយើងអាចរកស៊ីនៅផ្ទះបាន ហើយប្រសិនជារកស៊ីត្រូវរបរនេះអាចតទៅដល់កូនចៅក៏មានដែរ។ ពេលនេះដែរ ចាបក្រហមនឹងបង្ហាញនៅរបរ ៣ក្រុមនេះបាន អ្នកនៅតាមខេត្តអាចពិចារណារកស៊ីបាន៖
របរក្រោយផ្ទះ៖ ចំពោះរបរក្រោយផ្ទះនេះ ជារបរត្រូវប៉ាន់មួយសម្រាប់អ្នកនៅតាមខេត្ត ព្រោះទំហំដីអ្នកនៅខេត្តគឺធំទូលាយខ្លាំងណាស់ សម្រាប់របរក្រោយផ្ទះនេះយើងអាចចិញ្ចឹមខ្យង ចិញ្ចឹមកណ្តុរ ចិញ្ចឹមកន្ធាយ ឬចិញ្ចឹមត្រីក៏បានដែរ ដោយសាររបរទាំងនេះជារបរមួយដែលគេចូលចិត្តទិញញាំជារៀងរាល់ថ្ងៃ ហើយប្រសិនជាយើងចិញ្ចឹមបានច្រើនហើយមានម៉ូយក៏អាចរកចំណូលបានច្រើនគួរសមដែរ។
តួយ៉ាងដូចជា អ្នកស្រី ណយ វណ្ណា បានប្រើជីវិតយ៉ាងសាមញ្ញ ដោយចំណាយពេលត្រឹមតែ១ ម៉ោងប៉ុណ្ណោះ អាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ ពីរបរក្រោយផ្ទះ។ ដោយអ្នកស្រីបានច្នៃដីស្រះខាងក្រោយផ្ទះរបស់ខ្លួន ដែលមានទំហំក្បាល២៥ម៉ែត្រ បណ្តោយ៤០ម៉ែត្រ ដើម្បីចិញ្ចឹមត្រីប្រា ដោយប្រើដើមទុនទិញកូនត្រីដំបូងអស់ប្រមាណជា១៥០០ដុល្លារ ប៉ុន្តែអ្នកស្រីអាចទាញប្រាក់ចំណេញមកវិញចន្លោះពី៥ពាន់ដុល្លារ ទៅ១ម៉ឺនដុល្លារ (ទៅតាមហាងឆេង) ក្នុងរយៈពេលប្រាំទៅ៦ខែ ។
របរក្នុងផ្ទះ៖ របរក្នុងផ្ទះនេះក៏ជារបរល្អមួយសម្រាប់អ្នកនៅខេត្ត ប៉ុន្តែមុននឹងចង់ចាប់ផ្តើមរបរនេះយើងត្រូវតែមើលសិនថាទីតាំងនេះមានតំបន់កំសាន្ត ឬរោងចក្រធំៗដែលឬទេ ប្រសិនជាមានយើងអាចធ្វើជាផ្ទះសំណាក់ ឬផ្ទះជួលបើយើងមានទំហំដីធំ។ ព្រោះបើកន្លែងណាមានកន្លែងកំសាន្តស្រស់ស្អាត ទេសភាពខៀវស្រងាត់ ហើយតំបន់នោះមានរោងចក្រធំយើងអាចធ្វើរបរ២នេះបាន គ្រាន់តែត្រូវការដើមទុនច្រើនបន្តិច ។
របរមុខផ្ទះ៖ ចំពោះលោក លោកស្រីដែលមានដីទូលាយនៅមុខផ្ទះ អាចចាប់របរបើកម៉ាតលក់ទំនិញ លក់សម្ភាររបស់កុមារ ឬលក់ចាប់ហួយដែលមានទំនិញគ្រប់ប្រភេទនឹងលក់គ្រឿងអគ្គិសនីក៏បានដែរតែចំពោះរបរនេះបើចង់លក់ដាច់ឬមានអតិថិជនគាំទ្រច្រើន យើងត្រូវតែមានទំនិញលក់ឱ្យបានច្រើនជម្រើសព្រោះកាលណាដែលគេមកទិញយើងហើយគេចង់ទិញអ្វីមួយយើងមាននោះគេហ្នឹងត្រឡប់មកទិញទៀត តែបើគេមកទិញហើយយើងលក់តិចតួចសួរអីក៏មិនមានគេមិនមកទិញទៀតឡើយ ព្រោះប្រសិនជាយើងអាចចាប់របរដែលបានរៀបរាប់ដូចខាងលើ។
ជាពិសេសនោះសម្រាប់របរលក់ចាប់ហួយ អ្នកទាំអស់គ្នាត្រូវដឹងថាចាប់ហួយ មិនមែនលក់ទំនិញ១០មុខទេ តែជាពហុទំនិញ មានន័យថាលក់ទំនិញលើសពី១០មុខ អាច៣០ទៅ១០០មុខ (បើមានដើមទុនច្រើន) លក់ទំនិញច្រើនមុខ កន្លែងរបស់យើងនឹងមានឱកាសច្រើនជាងតូបផ្សេងៗ ព្រោះបើតូបគេអត់មានទំនិញដែលភ្ញៀវចង់បាន តែយើងមានផ្គត់ផ្គង់ ពេលនោះគេនឹងទិញតែតូបរបស់យើងរហូត ៕
អត្ថបទ៖ ធី ស្រីល័ក្ខ