ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bui Thanh Nhon ប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Novaland និងជាអតីតអ្នកមានបំផុតក្នុងប្រទេសវៀតណាម បានធ្លាក់ចុះ ៩២% ចាប់តាំងពីចុងឆ្នាំ ២០២១ ពី ៤.៧ ពាន់លានដុល្លារ មកនៅត្រឹម ៣២៩ លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ VN Express នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងឆ្នាំ២០២១ លោក Bui Thanh Nhon និងក្រុមគ្រួសារ បានកាន់កាប់ភាគហ៊ុនសរុបប្រមាណជាង ៦១% នៃក្រុមហ៊ុន Novaland ដែលស្មើនឹងចំនួនទឹកប្រាក់សរុបជាង ៤,២ពាន់លានដុល្លារ។ ប៉ុន្តែត្រកូលមួយនេះ បានចាប់ផ្តើមលក់ភាគហ៊ុនចេញជាបន្តបន្ទាប់ ហើយបើគិតមកទល់បច្ចុប្បន្ន ភាគហ៊ុនរបស់លោកនៅសល់តិចជាង ៣៩% ទៅទៀត។
យ៉ាងណាមិញ ការលក់ភាគហ៊ុនបន្តកន្ទុយគ្នានេះ កើតឡើងក្រោយផ្ទុះព័ត៌មានថា ក្រុមហ៊ុន Novaland ជាប់បំណុលជាច្រើន ដែលធ្វើឲ្យតម្លៃហ៊ុនបានបន្តធ្លាក់ចុះឥតឈប់ឈរ ខណៈក្រុមអ្នកវិនិយោគក៏អស់ជំនឿចិត្ត និងសម្រុកលក់ហ៊ុនរៀងៗខ្លួន ខណៈសកម្មភាពនេះបាននាំឲ្យក្រុមហ៊ុនខាតបង់ជាខ្លាំងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។
គួរជម្រាបផងដែរថា លោក Bui Thanh Nhon ធ្លាប់ជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតទី៥ ក្នុងប្រទេសវៀតណាម និងជាប់ចំណាត់ថ្នាក់ទី ១០៥៣ ជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក។ ប៉ុន្តែត្រឹមរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ លោកបានបាត់បង់ទ្រព្យសម្បត្តិស្ទើរអស់ពីខ្លួន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook