Brian Acton សុំមេ FB ធ្វើការមិនឱ្យធ្វើ ឈឺចិត្តចេញរកស៊ីរហូតស្រូបលុយ ១៩ពាន់លាន$ពី FB វិញ
ឡុង វឌ្ឍនៈDECEMBER 13 2022413 views

WhatsApp គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់បណ្ដាប្រទេសនានាជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ ដែលវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារជាអក្សរ សារជាសំឡេង ធ្វើការខលជាសំឡេង ជាវីដេអូ អាចចែករំលែករូបភាព ឯកសារសំខាន់ៗ ទីតាំងអ្នកប្រើប្រាស់ និងអត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀត។

យ៉ាងណាមិញ មុននឹងចាប់ផ្ដើមបង្កើតកម្មវិធី WhatsApp ឡើងមកនិងទទួលបាននូវភាពជោគជ័យ លោក Brian Acton ដែលជាស្ថាបនិក ក៏ធ្លាប់ទទួលរងនូវការឈឺចាប់ផងដែរ ព្រោះលោកធ្លាប់ដាក់ពាក្យសុំធ្វើការនៅក្នុងក្រុមហ៊ុនហ្វេសប៊ុក ប៉ុន្តែបែរជាត្រូវទទួលរងនូវការបដិសេធទៅវិញ ទាំងដែលខ្លួនធ្លាប់មានបទពិសោធន៍កាលពីមុនមកយ៉ាងណាក៏ដោយ។

រំលឹកទៅអតីតកាលបន្តិច លោក Brian Acton គឺមានជំនាញឯកទេសខាងផ្នែកវិស្វកម្មកុំព្យូទ័រ នៅអាមេរិក។ នៅក្នុងឆ្នាំ ១៩៩០ លោកបានចូលបម្រើការងារជាអ្នកតេស្តសាកល្បងផលិតផល នៅក្នុងក្រុមហ៊ុនយក្ស Apple. ក្រោយមក នៅក្នុងឆ្នាំ ១៩៩៦ លោកបានផ្លាស់ប្ដូរបទពិសោធន៍ថ្មីដោយចូលមកបម្រើការងារឱ្យក្រុមហ៊ុន Yahoo  ដែលលោកជាបុគ្គលិកទី៤៤ ដែលត្រូវបានជួលដោយក្រុមហ៊ុន Yahoo។

១១ឆ្នាំក្រោយមក នៅក្នុងឆ្នាំ ២០០៧ ​លោកបានចាកចេញពីក្រុមហ៊ុននេះ ដើម្បីស្វែងរកអ្វីដែលថ្មីៗបន្តទៀត។ ក្រោយចាកចេញពីក្រុមហ៊ុន Yahoo លោកបានមានចំណាប់អារម្មណ៍ក្នុងការបំពេញការងារនៅក្នុងក្រុមហ៊ុន Facebook ប៉ុន្តែអ្វីគ្រប់យ៉ាងមិនមែនសុទ្ធតែសមបំណងនោះទេ លោក Brian Acton ត្រូវបានក្រុមហ៊ុន Facebook បដិសេធមិនទទួលឱ្យចូលធ្វើការនោះទេ បើទោះបីជាកាលពីមុនលោកធ្លាប់មានបទពិសោធន៍ការងារក្នុងវិស័យបច្ចេកវិទ្យាជាមួយក្រុមហ៊ុន Apple និង Yahoo ក៏ដោយ។

ក្រោយមក ជំនួសឱ្យការផ្ដោតទៅលើការស្វែងរកការងារថ្មី លោកបានចាប់ដៃជាមួយមិត្តភក្តិរបស់លោកម្នាក់ឈ្មោះថា Jan Koum ដើម្បីបង្កើតនូវកម្មវិធីផ្ញើសារដ៏ទំនើបមួយដែលមានឈ្មោះថា WhatsApp នៅក្នុងដំណាក់កាលដំបូងមិនមែនសុទ្ធតែរលូននោះទេ កម្មវិធីនេះតែងតែមានបញ្ហាជាច្រើនជាពិសេសគឺភាពឧស្សាហ៍គាំង។

ដោយសារតែប្រឈមនឹងបញ្ហាច្រើនពេកលោក Jan Koum ដែលជាសហស្ថាបនិកស្ទើរតែបោះបង់អាជីកម្មនេះចោលទៅហើយ ប៉ុន្តែលោក Brian Acton បានលើកទឹកចិត្តឱ្យគាត់នៅជួយ២ទៅ៣ខែទៀតសិនទៅ កុំទាន់បោះបង់ចោលនៅខណៈពេលស្ថានភាពកំពុងតែលំបាកខ្លាំងបែបនេះអី។

ព្រោះតែការស្នើសុំពីមិត្តសម្លាញ់ សហគ្រិនទាំង២រូប បានបន្តការអត់ធ្មត់តស៊ូជម្នះបញ្ហា ដើម្បីឆ្ពោះទៅរកកក្ដីស្រមៃរបស់ខ្លួន រហូតដល់អាចដឹកនាំអាជីវកម្មមួយនេះឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ នៅថ្ងៃទី ១៩ ខែកុម្ភះឆ្នាំ ២០១៤ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថាខ្លួននឹងទិញ WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារ ដែលនេះជាការទិញយកក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រនៅពេលនោះ។

ក្រោយពេលដែលហ្វេសប៊ុកបានទិញយកក្រុមហ៊ុន WhatsApp បានធ្វើឱ្យលោក Brian Acton ដែលជាមនុស្សម្នាក់ដែលហ្វេសប៊ុកធ្លាប់ព្រងើយមិនព្រមទទួលឱ្យធ្វើការងារ ប្រែក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណជា ២.៥ពាន់លានដុល្លារ។

មេរៀនដ៏មានតម្លៃដែលយើងអាចរៀនសូត្របានគឺ ត្រូវចេះច្នៃភាពឈឺចាប់ដែលអ្នកជួបក្លាយជាកម្លាំងចិត្តក្នុងការតស៊ូពុះពារដើម្បីសម្រេចនូវក្ដីស្រមៃ បើទោះបីជាក្នុងដំណើរការឆ្ពោះទៅរកក្ដីស្រមៃជួបជាមួយនឹងបញ្ហាច្រើនយ៉ាងណាក៏ដោយ”៕ 

ចូលក្នុងក្រុមពិសេស ចែករំលែកគំនិតល្អៗប្រចាំថ្ងៃ ( https://t.me/LongVathanak777 )

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia