ពាក្យចាស់លោកពោលថា “នឿយមុន ស្រណុកក្រោយ ចង់ឆ្ងាញ់ឱ្យរកអន្លក់ ចង់ស្រណុកឱ្យនឿយពីក្មេង” ជាក់ស្តែងដូចជាក្នុងជីវិតពិតៗមែន ការលំបាកនរណាក៏ជួបដែរទៅតាមស្ថានភាពជីវិតរបស់ពួកគេរៀងៗខ្លួន។ ប៉ុន្តែសេដ្ឋីនិពន្ធ Brian Tracy បានផ្តាំថាការងារអ្វីក៏អាចងាយស្រួលដែរ ប្រសិនបើមនុស្សចេះប្រើកម្លាំងដែលខ្លួនមានមិនអង្គុយកើតទុក្ខ។
សេដ្ឋីវ័យ ៧៩ឆ្នាំរូបនេះបានលើកឡើងថា “គ្រប់យ៉ាងគឺលំបាក គ្រប់ការចាប់ផ្តើមគ្មានពាក្យថាងាយស្រួលនោះទេ ប៉ុន្តែការដាក់វិន័យលើខ្លួនឯង បង្ខំខ្លួនឯងធ្វើរឿងដែលលំបាក ធ្វើរឿងដែលខ្លួនឯងខ្លាចរអា គឺជារឿងដែលអ្នកគួរផ្តោតកម្លាំងថាមពល ទៅលើវា ធ្វើរឿងលំបាករហូតដល់ធ្លាប់ខ្លួន មិនយូរទេវានឹងកា្លយជារឿងដ៏ងាយស្រួល ឬឈានទៅដល់កម្រិតមួយដែលហៅថាញៀននឹងការលំបាក”។
លោកបានបន្តទៀតថា “ជីវិតមនុស្សម្នាក់ត្រូវចាត់ទុកជីវិតខ្លួនឯងឱ្យប្រៀបដូចជាអត្តពលិកមួយរូបដែរ។ ឧទាហរណ៍ដូចជា ក្នុងការប្រកួត រត់ប្រណាំងមួយពួកគេអាច ទទួលបានជ័យជម្នះព្រោះពួកគេញៀននិងរងភាពឈឺចាប់ផ្នែករាងកាយ ដូចជាសាច់ដុំជាដើម ដែលបណ្តាលមកពីការហ្វឹកហាត់ជារៀងរាល់ថ្ងៃ បន្សាំងខ្លួននឹងការលំបាក។"
គួរជម្រាបថាលោក Brian Tracy គឺជាវាគ្មិនសាធារណៈលើកទឹកចិត្តជនជាតិកាណាដា-អាមេរិក ផ្នែកអភិវឌ្ឍន៍ខ្លួនឯងនិង គំនិតលក់នៅជុំវិញពិភពលោក។ បច្ចុប្បន្នគាត់គឺជាសេដ្ឋីអ្នកនិពន្ធ និងបានសរសេរសៀវភៅជាង ៨០ក្បាលដែលត្រូវបានបកប្រែរាប់សិបភាសា និងត្រូវបានគេទទួលស្គាល់ជាហូរហែរថា បានផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សជាច្រើន ៕
អត្ថបទដោយ៖ ពីង ជូអេង