នៅប៉ុន្មានថ្ងៃចុងក្រោយនេះBitcoin ដែលជាប្រភេទលុយគ្រីបតូមានប្រជាប្រិយភាពបំផុតក្នុងចំណោមលុយគ្រីបតូជាច្រើនបានកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ពោលគឺគិតត្រឹមថ្ងៃព្រហស្បតិ៎សប្ដាហ៍នេះ Bitcoin បានហក់ឡើងដល់៦៣,០០០ដុល្លារដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
បើយោងតាមការចុះផ្សាយរបស់ Yahoo Finance បានឲ្យដឹងថាបើទោះបីជាតម្លៃBitcoin បច្ចុប្បន្នស្ថិតនៅក្នុងកម្រិតខ្ពស់ពិតមែនតែតម្លៃអាចនឹងធ្លាក់ចុះទៅរកកម្រិតមួយទាបវិញក្នុងពេលឆាប់ៗខាងមុខនេះ។
បើយោងតាមការវិភាគរបស់ធនាគារ JPMorgan បានឲ្យដឹងថាការកាត់បន្ថយការផលិតBitcoinនឹងមកដល់នាពេលខាងមុខហើយព្រឹត្តិការណ៍នេះអាចនឹងធ្វើឲ្យតម្លៃរបស់Bitcoinធ្លាក់ចុះមកត្រឹម៤២,០០០ដុល្លារក្នុងមួយកាក់។
តាមពិតទៅព្រឹកត្តិការណ៍កាត់បន្ថយផលិតBitcoinដែលភាសាអង់គ្លេសហៅថា Halving Event អាចកើតឡើងប្រមាណជារៀងរាល់៤ឆ្នាំដែលព្រឹតិ្តការណ៍នេះគឺជាសកម្មភាពមួយបង្អាក់ដល់ការផលិតBitcoin ហើយកាត់បន្ថយរង្វាន់លើទឹកចិត្តសម្រាប់អ្នកជីករុករកBitcoinដល់ទៅពាក់កណ្ដាល។ ព្រឹត្តិការណ៍ Halving Event របស់Bitcoin ត្រូវបានគេព្យាករថានឹងកើតឡើងនៅអំឡុងខែមេសាឆ្នាំ២០២៤នេះ។
លោក Mike Novogratz នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Galaxy Digital បានឲ្យដឹងថាលោកក៏ឃើញសញ្ញាថាតម្លៃBitcoin អាចនឹងដាំក្បាលចុះដែរជាពិសេសក្នុងរយៈពេលខ្លីនិងមធ្យម។ លោកថាពេលនេះតម្លៃវាអាចខ្ពស់បន្តិច ហើយលោកគិតថាវាអាចនឹងចុះមក៥ម៉ឺនដុល្លារ៕