ផ្សារទំនើប Big C ដែលជាយីហោដ៏ធំរបស់ប្រទេសថៃ នឹងបង្ហាញវត្ដមាននៅលើទឹកដីក្រុងរណបថ្មីជ្រោយចង្វានាពេលឆាប់ៗខាងមុខ។ ហើយគម្រោងដ៏ធំនេះក៏នឹងត្រូវចាយទុនវិនិយោគប្រមាណ ៥០ លានដុល្លារផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនផ្សារទំនើប Big C បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន OCIC លើការបង្កើតផ្សារទំនើបនេះឡើង។ ដោយការចុះហត្ថលេខានេះ មានការចូលរួមពីតំណាងក្រុមហ៊ុនកាណាឌីយ៉ាគ្រុប ដឹកនាំដោយអ្នកស្រីបណ្ឌិត Carolyne Pung (អនុប្រធាន) លោក Charles Vann (អនុប្រធានប្រតិបត្តិ) លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC និង Mega Asset Management លោក Thierry Tea អនុប្រធាន និងប្រធាន OCIC រួមជាមួយដៃគូរ ពាណិជ្ជកម្ម មកពី Big C ដឹកនាំដោយលោក Gary Hardy (COO) ដែលជាប្រធាន និងលោក Charun Chasawat (អនុប្រធាន)។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន OCIC ផ្សារទំនើប Big C នេះនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ២,៧ហិចតា មានទីតាំងជាប់នឹងរង្វង់មូលនាងមច្ឆា ដែលជាតំបន់កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិន និងមានប្រជាពលរដ្ឋឆ្លងកាត់តំបន់នោះ យ៉ាងមមាញឹក ខណៈស្ពានថ្មីមួយឆ្លងពីជ្រោយចង្វារ ទៅឬស្សីកែវបានដាក់ដំណើរការរួចហើយដែរ។
តាមការបញ្ជាក់ពីលោក Gary Hardy គម្រោងផ្សារទំនើប Big C ថ្មីនេះនឹងត្រូវចំណាយថវិកាប្រមាណ ៥០ លានដុល្លារ ខណៈការដ្ឋានសាងសង់អាចនឹងចាប់ផ្ដើមនៅក្នុងអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ តាមការគ្រោងទុកគម្រោងនេះនឹងត្រូវចំណាយពេលសាងសង់ ៩ ទៅ ១០ ខែ នឹងអាចបើកដំណើរការមុនបុណ្យចូលឆ្នាំខ្មែរ ២០២៤។
លោកបន្ដថា ក្រុមហ៊ុន Big C មានភាពរីករាយជាខ្លាំងក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសការបង្កើតទីតាំងថ្មី នៅក្នុងទឹកដីទីក្រុងរណបជ្រោយចង្វារនេះ។
ជាមួយគ្នានេះលោកស្រី Lim Lychin អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាន លើកដំបូងនៃផ្សារទំនើប Big C មកកាន់ទឹកដីនៃទីក្រុងរណបជ្រោយចង្វារ ហើយវត្តមានរបស់ផ្សារទំនើបនេះ នឹងធ្វើឱ្យភ្នំពេញ មានមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។
សូមជម្រាបផងដែរថា កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Big C បានបើកផ្សារទំនើបដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាទឹកដីក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ក្រោមទុនវិនិយោគប្រមាណ ១០ លានដុល្លារ និងបានពង្រីកម៉ាតតូចៗចំនួន២០នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពតផងដែរ។ ដោយឡែកចំពោះគម្រោងផ្សារថ្មី ៥០ លានដុល្លារនេះវិញនឹងត្រូវអភិវឌ្ឍន៍ជាភោជនីយដ្ឋានទំនើបៗ ទីតាំងលក់ផលិតផលនាំចូល កន្លែងដើរទិញទំនិញដ៏មានបរិយាកាសល្អ និងកន្លែងផ្ដល់សេវាកម្មជាច្រើនទៀត៕
អត្ថបទ៖ កឹម ប៊ុនធឿន