ទម្លាប់ជាអ្នកកំណត់នៃវាសនា មនុស្សមានទម្លាប់ធ្វើកិច្ចការប្រចាំថ្ងៃបែបណា អនាគតទៅថ្ងៃមុខជីវិតក៏នឹងប្រែទៅជាបែបនោះ។ ហេតុនេះហើយទើបមនុស្សយើងម្នាក់ៗត្រូវចិត្តទុកដាក់ទៅលើសកម្មភាពប្រចាំថ្ងៃ ជាពិសេសការចាយវាយលុយកាក់ ព្រោះថាបើចាយខុស អនាគតច្បាស់ជាខកលែងបានស្គាល់ភាពធូរធារមានបានជាក់ជាមិនខាន។ ខាងក្រោមនេះជារបស់សំខាន់៥ ដែលលោកអ្នកគួរចំណាយលុយលើ នៅក្នុងឆ្នាំ២០២៤ ដើម្បីកសាងជីវភាពល្អប្រសើរនាថ្ងៃខាងមុខ៖
១. សុខភាព៖ ការផ្ដល់អាទិភាពនិងសុខុមាលភាពទាំងផ្លូវចិត្តនិងផ្លូវកាយគឺជាការវិនិយោគដ៏ល្អបំផុត។ ឆ្នាំថ្មីពិចារណាលើសេវាតាមដានសុខភាព ឈប់បណ្ដោយខ្លួនដូចពេលកន្លងទៅ តាមរយៈការទៅពិនិត្យសុខភាពជាប្រចាំ ញ៉ាំអាហារមានគុណភាព ចុះឈ្មោះហាត់ប្រាណ ទិញសេវាប្រឹក្សាផ្លូវចិត្តជាមួយអ្នកជំនាញជាដើម។
២. បទពិសោធន៍ជីវិត៖ របស់ប្រើប្រាស់ផ្សេងៗអាចខូចខាតនិងបាត់បង់ទៅតាមពេលវេលា ប៉ុន្តែបទពិសោធន៍ អនុស្សាវរីយ៍ល្អៗ គឺជាការចងចាំដែលនៅជាប់នឹងជីវិតរបស់យើងគ្មានថ្ងៃសាបសូន្យ។ វិនិយោគលើការបង្កើតការចងចាំល្អៗឱ្យខ្លួនឯង តាមរយៈការធ្វើដំណើរកំសាន្តជាមួយមនុស្សជាទីស្រលាញ់ ទៅកន្លែងថ្មីៗប្លែកៗ ឬចូលរៀនវគ្គសិក្សាល្អៗ ជួបមនុស្សថ្មីៗ ដើម្បីបានភ្លក្សរសជាតិជីវិត។
៣. ឧបករណ៍សន្សំពេលវេលា៖ ចំណាយលុយលើរបស់ណាដែលអាចជួយសន្សំពេលវេលា និងបង្កើនប្រសិទ្ធភាពការងារស្នូល ដូចជាកម្មវិធីកត់ត្រាកិច្ចការងារ រៀនប្រើបច្ចេកវិទ្យា ឬ Website ល្អៗមួយចំនួន។
៤. អភិវឌ្ឍន៍ខ្លួន៖ ការវិនិយោគលើការលូតលាស់ផ្ទាល់ខ្លួនរបស់អ្នក គឺជាការវិនិយោគសម្រាប់ពេលអនាគត។ ពិចារណាលើការទិញសៀវភៅ វគ្គសិក្សាតាមអ៊ីនធឺណិត ឬកម្មវិធីណែនាំដែលអាចជួយអ្នកក្នុងការអភិវឌ្ឍជំនាញថ្មីៗ ពង្រីកចំណេះដឹងរបស់អ្នក។
៥. រៀបចំផ្ទះ៖ ផ្ទះឬបន្ទប់គេងស្អាត ជាផ្នែកមួយជួយឱ្យយើងរីកចម្រើនលឿន និងបង្កើនផលិតភាពការងារ។ រៀបចំកន្លែងស្នាក់នៅរបស់អ្នកឱ្យបានស្អាត ឬតាមរបៀបដែលអ្នកចូលចិត្ត ដើម្បីឱ្យខួរក្បាលបានសម្រាកដោយក្ដីសុខគ្រប់ពេលអ្នកគេងនិងសម្រាកនៅក្នុងផ្ទះ។
អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក