ក្រៅពីជាទឹកដីវ័យចំណាស់ដ៏វិសុទ្ធ តាំងពីបុរាណកាលសម័យរហូតដល់សព្វថ្ងៃកម្ពុជាសុវណ្ណភូមិមានរឿងអស្ចារ្យជាច្រើនដែលទាក់ភ្នែកកន្លង់បរទេស ឲ្យលង់សម្រស់ ចាប់ចិត្តគយគន់លង់ស្នេហ៍មិនចេះជិនណាយ។ ខាងក្រោមនេះគឺជាផលិតផធំៗទាំង ៣ ក្នុងចំណោមរឿងដ៏អស្ចារ្យផ្សេងទៀត ដែលកម្ពុជាធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងកោតសរសើរមិនដាច់ពីមាត់៖
១/. អង្ករល្អដាច់គេ
អង្កររបស់កម្ពុជាពូជ «ផ្ការំដួល» មានឈ្នះពានរង្វាន់លេខ១ ជា «អង្ករល្អបំផុតលើលោក» ចំនួន ៦លើកជាប់ៗគ្នា លើវេទិកា International World Rice Conference និង The Rice Trader (TRT) គិតត្រឹមឆ្នាំ ២០២៤។ មិនតែប៉ុណ្ណោះ អង្ករពូជ «ផ្ការំដួល» ត្រូវបានជាប់ជា «អង្ករល្អដាច់គេ» ឈ្នះពានរង្វាន់លេខ១ លំដាប់ថ្នាក់ពិភពលោកក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយក៏ជាលើកទី៥ ដែលអង្ករកម្ពុជាទទួលជ័យលាភីនេះ។
២/. ម្រេចកំពត
ម្រេចកំពតមានផ្លែ ពណ៌ខ្មៅ, ស និងក្រហម រសជាតិឈ្ងុយហឹរពិសេស ដែលមានប្រភពចេញពី ខេត្តកំពត និងត្រូវបានគេទទួលស្គាល់ជា ផលិតផល GI (Geographical Indication) ផ្តាច់មុខដំបូងរបស់កម្ពុជាក្នុងឆ្នាំ ២០១០ និង PGI នៅអឺរ៉ុប ក្នុងឆ្នាំ ២០១៦។ ផលិតផលក្នុងស្រុកនេះ បានលក់ចេញដល់ទីផ្សារអន្តរជាតិដូចជា អឺរ៉ុប, អាមេរិក, និងអាស៊ី។
៣/. ស្វាយចន្ទី
គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផលិតគ្រាប់ស្វាយចន្ទីមានគុណភាពល្អដាច់គេ ក្នុងទំហំជាង១ លានតោន ក្នុង ១ឆ្នាំ ព្រមទាំងបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការផ្សព្វផ្សាយវិស័យស្វាយចន្ទីកម្ពុជា ទៅកាន់សកលលោក។
យ៉ាងណាមិញ នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook