គេថាស្រ្តីវិលចង្រ្កានមិនជុំ មិនបាច់រៀនខ្ពស់ពេកទេ ព្រោះអនាគតនឹងត្រូវមានស្វាមីចិញ្ចឹមហើយ នៅថែផ្ទះសម្បែងមើលតែកូនទៅគ្រប់គ្រាន់ហើយ។ ជាក់ស្តែងងាកមកមើលស្រ្តីខ្មែររូបនេះវិញ ចេញរកស៊ីដំបូងប្រើដើមទុនត្រឹម៣ពាន់$ លើមុខរបរសម្រស់ ដោយប្រើរយៈពេលត្រឹម៣ឆ្នាំអាចបង្កើតប្រេនធំ១នៅអាមេរិក បានផ្តាំហេតុផលធំ៥ជួយឱ្យស្រ្តីជោគជ័យក្នុងមុខជំនួញ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Medium អ្នកស្រី គា ច័ន្ទនិមល ស្ថាបនិកផលិតផលថែរក្សាសម្រស់ BESOMA គឺជាសហគ្រិនស្រ្តីខ្មែរ-អាមេរិក បានបង្ហើបថា “ធំឡើងនៅស្រុកខ្មែរខ្ញុំឃើញប្រជាជន ប្រើប្រាស់ផលិតផលសម្រស់ដែលប៉ះពាល់សុខភាព ព្រោះកាលណោះចំណេះដឹងអំពី SkinCare គឺនៅមានកម្រិត ដូច្នេះហើយខ្ញុំត្រូវតែរកដំណោះស្រាយ ដោយការស្វែងរកផលិតផលល្អៗ ហេតុនេះនៅឆ្នាំ២០១៦ ក្រោយពីរៀនចប់និងរស់នៅអាមេរិកបានរយៈពេល២ឆ្នាំ ខ្ញុំក៏បានចាប់ផ្តើមធ្វើជាអ្នកប្រឹក្សាអំពីសម្រស់បន្ទាប់ពីខ្ញុំបានរៀននិងស្រាវជ្រាវពីអំពីវាទាំងយប់ទាំងថ្ងៃ ហើយខ្ញុំក៏បានចាប់ផ្តើមលក់ផលិតផលរបស់អាមេរិកជាមួយដើមទុន៣ពាន់$ បន្ទាប់ពីនោះការលក់ដូរក៏កាន់តែរីកចម្រើនទៅមុខ ខ្ញុំក៏បានចាប់ផ្តើម BESOMA ឡើងនឹងមានការទទួលស្គាល់ពីជំនាញនៅអាមេរិក ត្រឹមរយៈពេល៣ឆ្នាំ ពោលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១”។
យ៉ាងណាមិញនៅក្នុងបទសម្ភាសន៍ដដែលនោះ អ្នកស្រី និមល បានផ្តាំថាមនុស្សស្រីត្រូវមានកត្តារួមផ្សំ៥យ៉ាងដើម្បីជាស្ពានចម្លងនាំខ្លួនឯងឆ្ពោះទៅរកភាពជោគជ័យ៖
១. ជឿជាក់លើខ្លួនឯង
កុំទុកឱ្យខ្លួនឯងឱ្យនៅសង្ស័យ ឬមានថាមពលអវិជ្ជមានណាមួយឱ្យអ្នកបោះបង់ នៅពេលស្ថានភាពលំបាក ព្រោះជួនកាលអាជីវកម្មអាចមានភាពយឺតយ៉ាវខ្លះ ហើយវាអាចធ្វើឱ្យអ្នកអស់សង្ឃឹមនៅ អ្វីដែលអ្នកកំពុងធ្វើ ហើយពេលខ្លះចង់បោះបង់។ ផ្ទុយទៅវិញចូរបន្តរុញខ្លួនឯងទៅមុខឱ្យខ្លាំង ហើយបន្តធ្វើវាម្តងហើយម្តងទៀតព្រោះជីវិតគឺពិបាក ហើយអាជីវកម្មក៏ដូចគ្នាដែរ តែអ្នកត្រូវតែជឿជាក់លើខ្លួនឯង ទោះមានរឿងអ្វីកើតឡើងក៏ដោយ។
២. មានគោលដៅច្បាស់លាស់
គោលបំណងច្បាស់លាស់ ហើយស្វែងយល់ឱ្យស៊ីជម្រៅអំពីមូលហេតុដែលយើងត្រូវធ្វើវា ហើយកុំចាត់ទុកលុយជាប្រភពនៃការលើកទឹកចិត្តតែមួយមុខគត់ អ្វីដែលសំខាន់គឺត្រូវដឹងថាហេតុអ្វីបានជាអ្នកកំពុងធ្វើអ្វីដែលអ្នកកំពុងធ្វើនេះ បើមិនដូច្នេះទេនៅថ្ងៃដែលលំបាកអ្នកនឹងបោះបង់។
៣. ស្តាប់បេះដូងអតិថិជនជានិច្ច
នៅពេលទទួលការរិះគន់វាអាចនឹងពិបាកក្នុងការទទួលយក ប៉ុន្តែប្រសិនបើវាជាការស្ថាបនា នោះវាពិតជាសំខាន់ណាស់ក្នុងការស្តាប់បេះដូងអ្នកដទៃ ហើយត្រូវធ្វើអ្វីមួយដើម្បីវា ដូច្នេះអតិថិជនអាចឃើញការកែលម្អរបស់អ្នក។ លើសពីនេះពួកគេនឹងកាន់តែមានភាពស្មោះត្រង់ចំពោះផលិតផលរបស់អ្នក បន្ទាប់ពីពួកគេឃើញការផ្លាស់ប្តូរដែលអ្នកបានធ្វើ។
៤. អត់ធ្មត់
ថ្ងៃខ្លះពិបាក ហើយប្រសិនបើអ្នកមិនដឹងពីរបៀបតបតនឹងវា អ្នកប្រហែលជាមិនអាចរួចផុតពីសមរភូមិនោះទេ អ្នកត្រូវមានចិត្តគំនិតរឹងមាំមិនបោះបង់ពេលជួបឧបសគ្គនិងពុះពារឱ្យបានដល់លទ្ធផលចុងក្រោយដែលអ្នកចង់សម្រេចបាន។
៥.ផ្តោតលើលទ្ធផល
វាពិតជាងាយស្រួលណាស់សម្រាប់ភាពបរាជ័យ ដែលមករារាំងការងារអ្នក ប៉ុន្តែប្រសិនបើអ្នកបន្តផ្តោតលើលទ្ធផលតែ១គត់ វានឹងអាចនាំអ្នកឱ្យ មករកផ្លូវត្រូវ ហើយបន្តផ្តោតលើការសម្រេចគោលដៅចុងក្រោយបំផុតរបស់អ្នក។
គួរជម្រាបផងដែរថា អ្នកស្រី គា ចាន់និមល គឺស្ថាបនិកផលិត BESOMA ដែលជាផលិតផលថែរក្សាសម្រស់បង្កេីតឡេីងដោយកូនខ្មែរ សហការជាមួយក្រុមអ្នកជំនាញនៅសហរដ្ឋអាមេរិក និងមានក្រុមហ៊ុនចែកចាយនៅស្រុកខ្មែរផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង