ស្ថិតក្នុងវ័យ ១៩ឆ្នាំ យុវជន Ben Francis បានចាប់ផ្ដើមអាជីពរបស់ខ្លួនជាបុគ្គលិក នៅក្នុងហាងភីហ្សាមួយកន្លែង។ ការបំពេញការងារនៅទីនោះ មិនបានផ្ដល់ប្រាក់ខែច្រើននោះទេ ពោលគឺបានត្រឹមតែទប់ការចំណាយប្រចាំខែតែប៉ុណ្ណោះ។
បើទោះបីជាពេលនោះ លោកត្រឹមតែជាបុគ្គលិកក៏ពិតមែន ប៉ុន្តែលោកមានក្ដីស្រមៃចង់ក្លាយជាអ្នករកស៊ី១រូបផងដែរ។ អាស្រ័យហេតុនេះហើយ ទើបបានជាលោកបះប្រាក់ខែមួយមាត់មួយក ដើម្បីធ្វើការសន្សំទុកជាដើមទុនក្នុងការរកស៊ី។ ក្រោយសន្សំបានសមល្មម លោកក៏បានទិញម៉ាស៊ីនដេរសម្លៀកបំពាក់មួយ និងបានចាប់ផ្ដើមអាជីវកម្មលក់សម្លៀកបំពាក់កីឡា ចេញពីហ្ការាសតូចមួយរបស់គ្រួសារលោក ដោយដាក់ឈ្មោះថា Gymshark។
ចំពោះយុទ្ធសាស្ត្រទីផ្សារ ដ៏មានឥទ្ធិពលមួយដែលលោកបានធ្វើ ដើម្បីឱ្យគេស្គាល់ពីអាជីវកម្មនេះ គឺលោកមិនមានលទ្ធភាពសម្រាប់ផ្សព្វផ្សាយច្រើនដូចគេនោះទេ អាស្រ័យហេតុនេះហើយ ទើបបានជាលោកសុខចិត្តចែកសម្លៀកបំពាក់ដែលចេញពីទឹកដៃលោក ដល់ Youtubers នានាដែលមានអ្នកគាំទ្រតិចច្រើន ដោយមិនគិតថ្លៃសូម្បីតែ១ដុល្លារ។
ការចែកគេហ្វ្រីៗនេះហើយ បានធ្វើឱ្យ Youtuber មួយចំនួនបានពាក់ថតវីដេអូ និងខ្លះទៀតបានជួយផ្សព្វផ្សាយឱ្យ រហូតមានការបញ្ជាទិញជាហូរហែរ។លោកបានបញ្ជាក់ថាការចាប់ផ្ដើមដំបូង ១ថ្ងៃលោកអាចលក់បានខ្ទង់ ៤៥០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកការលក់ចេះតែកើនឡើងជាគំហុក រហូតដល់ថ្ងៃខ្លះលោកលក់បានចំណូល ៤៥,០០០ដុល្លារ ក្នុង១ថ្ងៃក៏មាន។
១១ឆ្នាំក្រោយមក អាជីវកម្មលោកបានទទួលបាននូវភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ អាជីវកម្ម១នេះមានតម្លៃ ១.៤៥ពាន់លានដុល្លារ ដែលធ្វើឱ្យលោកមានទ្រព្យសម្បត្តិច្រើន១.៣ពាន់លានដុល្លារ ក្នុងវ័យ៣០ឆ្នាំ។
លោកមានប្រសាសន៍ថា ថ្វីត្បិតតែលោកអាចដឹកនាំអាជីវកម្មរីកចម្រើនលឿនក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា លោកជា CEO ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ ពោលគឺលោកនៅតែត្រូវបន្តអភិវឌ្ឍន៍ខ្លួនជាប្រចាំជានិច្ច។ ក្ដីស្រមៃចុងក្រោយ គឺលោកចង់កសាងម៉ាកយីហោរបស់ប្រទេសអង់គ្លេសមួយនេះ មានភាពល្បីល្បាញដូចយីហោ NIKE អ៊ីចឹងដែរ៕ អត្ថបទដោយ៖ ឡុង វឌ្ឍនៈ